សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានចូលរួមអបអរសាទរ និងជូនពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោក ក្នុងឱកាសចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤នេះ។

តាមរយៈបណ្តាញសង្គមតេលេក្រាម សម្តេចធិបតី មានខ្លឹមសារទាំងស្រុងថា « តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ដែលនៅប្រទេសកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤។ 

ខ្ញុំសូមផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ, របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា។ 

ដោយបន្តពីរាជរដ្ឋាភិបាលនីតិកាលមុន និង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកិច្ចប្រណិប័តន៍ជំនឿរបស់បងប្អូនសាសនិកឥស្លាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាល នឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ នៅរាជធានីភ្នំពេញ ដែលនឹងមានអ្នកចូលរួមជាភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៦ ២០០នាក់ ។   ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសនឹងមកចូលរួមទាំងនៅក្នុង និងក្រៅប្រទេសប្រមាណជាង ៤០០នាក់ មកពី ៣៩ ជាតិសាសន៍ ជាពិសេសមានតំណាងឯកឧត្ដមអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC), ឯកឧត្ដម Wan Muhamadnoor Matha ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ និង អតីត-ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជិតខាងមកចូលរួមជាច្រើនផងដែរ។

ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរដល់បងប្អូនខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងឥស្លាម លើសាកលលោកសូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌនឆ្នាំ ២០២៤ នេះ កុំបីឃ្លៀងឃ្លាតឡើយ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.