ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសលទ្ធផលជ័យលាភីថ្នាក់ជាតិ នៃ ការប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសារទរទិវាជាតិអំណាន ១១ មីនា ២០២៤ ក្រោមប្រធានបទ អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត ដែលរៀបចំដោយក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ វិស័យឯកជន និងគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានពន្យល់ពីការវិវឌ្ឍនៃភាសាខ្មែរជាច្រើនជំនាន់ ទាំងការសរសេរ និងនិយាយ ដែលចាប់ផ្ដើមពីសិលាចារឹក ឥទ្ធិពលនៃសាសនាមកលើភាសា និងកំណើតនៃ ភាសាខ្មែរកណ្តាល ដែលជាការរួមសន្សំគ្នារវាង ភាសា៣ គឺ ភាសាសំស្ក្រឹត ភាសាខ្មែរចាស់ និង ភាសាបាលី ដោយសង្កត់ធ្ងន់ថា ការយល់ដឹងពី ឫសគល់នៃភាសាខ្មែរ នឹងធ្វើឱ្យកូនខ្មែរប្រើប្រាស់ភាសាបានត្រឹមត្រូវ ក៏ដូចជាចូលរួមអភិរក្ស លើកស្ទួយភាសាជាតិយើងឱ្យរីកចម្រើន និងមានមូលដ្ឋានច្បាស់លាស់ក្នុងការអភិវឌ្ឍភាសាខ្មែរ ឬ ឈានទៅបង្កើតភាសាថ្មីៗ ឱ្យទាន់សម័យកាល។

ដើម្បីលើកកម្ពស់ភាសាខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តវិធានការជាកញ្ចប់ ដូចជា (១). វិធីសាស្ត្របង្រៀនថ្មី (២). បណ្តុះបណ្តាលគ្រូ ជ្រើសរើសគ្រូល្អៗ (៣). អនុវត្តកំណែទម្រង់សាលារៀន បង្កើតបណ្ណាល័យស្តង់ដា ជំរុញការអានឱ្យយល់ វិភាគស៊ីជម្រៅ ស្វែងរកគោលគំនិតរួម បង្កើតទម្លាប់អាន ឱ្យសប្បាយដើម្បីបង្កើនចំណេះដឹង (៤). កត្តាសិស្ស សិស្សត្រូវត្រៀមខ្លួន ក្នុងការរៀន និងត្រូវមានសុខភាពល្អ (៧). កត្តាឪពុកម្ដាយ ៖ ត្រូវយកចិត្តទុកដាក់ជំរុញឱ្យកូនរៀន លើកទឹកចិត្តក្នុងការអាន (៨). ឱកាសក្នុងការបញ្ចេញស្នាដៃ៖ លើកទឹកចិត្ត ឱ្យបញ្ចេញស្នាដៃ តាមរយៈការលើកកម្ពស់ការតែងនិពន្ធ រៀបចំទិវាជាតិអំណាន ការប្រឡងប្រជែងផ្សេងៗ និងត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់៕ ដោយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.