ថ្ងៃនេះជាទិវាសិទ្ធិនារីអន្តរជាតិ ដូច្នេះវាជាការចាំបាច់ក្នុងការឆ្លុះបញ្ចាំងពីវឌ្ឍនភាពដែលកម្ពុជាសម្រេចបានទាក់ទងនឹងសមភាពយេនឌ័រ ដើម្បីបង្ហាញពីការគោរព និងអបអរសាទរសមិទ្ធផលរបស់ស្ត្រី នៅក្នុងការចូលរួមធានាបាននូវពិភពសមធម៌ និងសមភាពសង្គម សម្រាប់ទាំងអស់គ្នា។

  ប៉ុន្មានឆ្នាំមកនេះ ទិវានារីអន្តរជាតិបានវិវត្តពីការអំពាវនាវជាប្រវត្តិសាស្ត្រសម្រាប់សិទ្ធិនារី ទៅជាថ្ងៃដែលទទួលស្គាល់ និងអបអរសាទរសមិទ្ធផលរបស់ស្ត្រីក្នុងវិស័យផ្សេងៗ។ នេះ ជា ពេលវេលា មួយ ដើម្បីរំលឹក ចំពោះ ស្មារតី ដ៏រឹងមាំរបស់ ស្ត្រី ដែល បាន បំបែក របាំង ជញ្ជាំង និង ត្រួសត្រាយ ផ្លូវ សម្រាប់ សមភាពសង្គមមនុស្ស ជំនាន់ ក្រោយ។

  នៅកម្ពុជា ទោះបីជានៅមានការរើសអើងខ្លះ ប៉ុន្តែជាទូទៅភាគរយនៃការរើសអើងនេះបានថមថយចុះជាអតិបរិមា ហើយស្រ្តីកាន់តែដើរតួនាទីសំខាន់ៗទាំងនៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ផ្អែកតាមសេចក្តីរាយការណ៍មួយរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា កម្ពុជាពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះសមភាពរវាងបុរស និងនារី។

  បច្ចុប្បន្ន ក្រសួងមានអ្នកការទូត សរុបចំនួន ៥២៥ នាក់ ដែលក្នុងនោះអ្នកការទូតជាស្ត្រីមានចំនួន ១៧០ នាក់ ស្មើនឹងប្រមាណជា ៣២ ភាគរយ។ ហើយនៅក្នុងចំណោម អ្នកការទូត ២០០នាក់ ដែលត្រូវបានរាជរដ្ឋាភិបាលបញ្ជូនទៅបម្រើការនៅក្នុងប្រទេសជាច្រើននៅលើពិភពលោក មានស្រ្តី ៦៥នាក់ ស្មើនឹង៣០ភាគរយ ។ នៅក្នុងចំណោមនោះក៏មានអ្នកការទូតដែលជាស្រ្តីមានឋានៈជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូនៅទីក្រុងប៉ារីស ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ដែលទើបតែងតាំងថ្មី និងអ្នកការទូតជាស្ត្រីជាច្រើនរូបទៀត ដែលនឹងត្រូវតែងតាំងឱ្យកាន់តំណែងកាន់តែខ្ពស់នៅតាមស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាជាបណ្តើរៗ។

  ក្រៅពីវិស័យការទូត នៅក្នុងវិស័យសាធារណៈ និងនយោបាយបច្ចុប្បន្នមានស្រ្តីជាច្រើនដែលកំពុងតែកាន់តំណែងកំពូលៗរបស់ប្រទេស ដែលមានរហូតដល់ប្រធានរដ្ឋសភា ក្រៅពីនោះមានស្រ្តីជាសមាជិកសភាចំនួន១៧រូប ស្ត្រីជាទេសាភិបាលធនាគារជាតិ ស្រ្តីជាអគ្គសវនករជាតិ ស្ត្រីជារដ្ឋមន្ត្រីមានបីរូប ខណៈដែលមន្ត្រីរាជការស្ត្រី ៤២ ភាគរយ ។ នៅថ្នាក់មូលដ្ឋាន កម្ពុជាមានស្រ្តីជាអភិបាលខេត្ត២រូប ស្ត្រីជាអភិបាលស្រុក-ខណ្ឌ ៦ រូប និងស្រ្តីជាមេឃុំ ១៧៦ រូប ។  

ចំណុចលេចធ្លោរមួយទៀត ដែលស្រ្តីកម្ពុជាបានបង្ហាញប្រាប់ពិភពលោកនោះគឺថា ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានដាក់ពង្រាយកងរក្សាសន្តិភាពសរុបចំនួន ៩ ៤៦៥ នាក់ ក្នុងនោះមានស្ត្រី ៨០១ នាក់ ដែលពួកគេបានចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ ការដោះមីន និងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន ១០។

  ពាក់ព័ន្ធនឹងសមភាពរវាងបុរស និងនារី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ជំហររួចមកហើយថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកកម្ពស់ និងជំរុញការចូលរួមរបស់ស្រ្តីនៅគ្រប់ទិដ្ឋភាពនៃសង្គម។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីនៅក្នុងស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ ពង្រឹងឱកាសការងារ ការពារសិទ្ធិការងាររបស់ស្ត្រី និងបន្តលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងការសម្រេចចិត្តគ្រប់កម្រិត។

  សរុបមក តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យ សំដៅសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងនយោបាយ ប្រកបដោយចីរភាពនិងស្មើភាព គឺជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដ៏ពិតប្រាកដ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគោលការណ៍នេះ ហើយក៏បានអនុវត្តជាបន្តបន្ទាប់ដូចដែលបញ្ជាក់នៅក្នុងលទ្ធផលសម្រេចបានកន្លងមក ប៉ុន្តែដើម្បីបំបែកភាពលំអៀងពិតប្រាកដ វាចាំបាច់សម្រាប់ប្រជាពលរដ្ឋគ្រប់រូបគ្រប់ស្រទាប់ចូលរួមយ៉ាងសកម្មបន្ថែមទៀតក្នុងស្មារតីនៃសាមគ្គីភាពទាំងអស់គ្នា។ បុរស និងនារី សូមបន្តពួតដៃគ្នាជាកាតាលីករសម្រាប់សកម្មភាពដ៏មានអត្ថន័យដើម្បីយើងទាំងអស់គ្នា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.