នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ក្រោមមូលបទ “ស្ដ្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ដោយក្នុងពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ សមាគមនារីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងមន្ត្រីរាជការជាស្ត្រីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់តម្លៃ និងយកចិត្តទុកដាក់ដល់មន្ត្រីរាជការជាស្ត្រី តាមរយៈការជំរុញសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ ការផ្ដល់ឱកាសកសាងសមត្ថភាព ពិសេសមានការពង្រឹងសមត្ថភាព ស្របតាមបច្ចុប្បន្នភាពនៃការអភិវឌ្ឍរបស់សង្គម ដែលទទួលស្គាល់ពីភាពអង់អាច ក្លាហានរបស់ស្ដ្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំកម្មវិធីបណ្ដុះបណ្ដាលវគ្គខ្លី និងវែងដល់នារីក្នុង និងក្រៅប្រទេស និងផ្តាច់ប្តេជ្ញាចិត្តធ្វើយ៉ាងណា និងផ្ដល់តួនាទីដល់នារី ក្នុងការធ្វើសេចក្តីសម្រេចចិត្តកើនឡើងជាអតិបរិមា និងជំនាញទន់ (soft skill) ដល់មន្ត្រីរាជការ និងបុគ្គលិកនៅស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២៤នេះ កំណត់មូលបទសម្រាប់យុទ្ធនាការដើម្បីឱ្យឆ្លើយតបនឹងបរិបទនៃ ការវិវត្តរបស់សង្គមក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.