ប្រភពមួយបានប្រាប់ទីភ្នាក់ងារ Reuters ថា លោកស្រី Nikki Haley សម្រេចដកខ្លួនចេញពីការប្រកួតប្រជែងតំណែងបេក្ខជនប្រធានាធិបតីអាមេរិក តំណាងបក្សសាធារណរដ្ឋដែលជាការសម្រេចចិត្តមួយនឹងធានាថា លោក ដូណាល់ ត្រាំ នឹងឈ្នះការតែងតាំងពីគណបក្សសាធារណរដ្ឋយ៉ាងពិតប្រាកដ ហើយនឹងត្រូវតតាំងសាជាថ្មី ជាមួយនឹងប្រធានាធិបតី លោក Joe Biden ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ទោះជាយ៉ាងណាកាសែត The Wall Street Journal បានរាយការណ៍ថា លោកស្រី Haley នឹងមិនប្រកាស ពី ការគាំទ្របេក្ខជនលោក ដូណាល់ ត្រាំ ទេ ប៉ុន្តែនឹងលើកទឹកចិត្តឱ្យគាត់ទទួលបានអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ និងក្រុមអ្នកឯករាជ្យដែលគាំទ្រលោកស្រីផ្ទាល់។

គួរបញ្ចាក់ថា លោកស្រី Haley គឺជាគូប្រជែងចុងក្រោយរបស់លោក ត្រាំ សម្រាប់ការតែងតាំងពីគណបក្សសាធារណរដ្ឋ។ នៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីអាមេរិកនៅថ្ងៃ Super Tuesday លោក ត្រាំ បានទទួលជ័យជម្នះក្នុងរដ្ឋចំនួន ១៤ ក្នុងចំណោមរដ្ឋចំនួន ១៥៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.