ពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់ រវាងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយ លោកជំទាវ អគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានជាតិតួកគី Anadolu Agency (AA) តំណាងដោយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ដើម្បីធ្វើការផ្លាស់ព័ត៌មានពីគ្នាទៅវិញទៅមក បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

កិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មានរវាងប្រទេសកម្ពុជា និងប្រទេសតួកគី ដើម្បីផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន បានដឹងនូវព័ត៌មានសំខាន់ៗ យល់ពីវប្បធម៌ ប្រពៃណី ទៅវិញ ទៅមក នៃប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋតួកគី ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតតួកគី បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើកិច្ចការងារការទូតរវាងកម្ពុជា តួកគី ដែលធ្វើអោយកាន់តែមានលក្ខណៈល្អប្រសើរឡើងក្នុងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយគោលដៅសំខាន់របស់កម្ពុជា និងតួកគី គឺការផ្សព្វផ្សាយពីប្រទេសទាំងពីរ អោយប្រជាជនបានដឹង បានយល់ស្គាល់គ្នាបានកាន់តែច្បាស់ ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌប្រទេសកម្ពុជា គឺក្រសួងព័ត៌មាន ចង់អោយមានការផ្សព្វផ្សាយពីប្រទេសកម្ពុជា កាន់តែច្រើនឡើងទៅកាន់ពិភពអារ៉ាប់ ទាំងភាសាអង់គ្លេស និងភាសាអារ៉ាប់ ។

លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគី បានសំដែងនូវការរីករាយដោយឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ នាពេលបច្ចុប្បន្ន និងទៅអនាគត រវាងប្រទេស និងប្រជាជន នៃប្រទេសយើងទាំងពីរ ពិសេសទំនាក់ទំនងនៃប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន តួកគី និងកម្ពុជា កាន់តែរឹងមាំឡើងជាលំដាប់ ។

កិច្ចសហប្រតិបត្តិការ ដ៏ជិតស្និតរវាង ឯកអគ្គរដ្ឋទូតតួកគី និង ក្រសួងព័ត៌មានកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ដើម្បីរួមចំណែកពង្រឹង ពង្រីក ចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផល ប្រយោជន៍ទៅវិញទៅមក ជូនប្រជាជន និងប្រទេសទាំងពីរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.