អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការយកចិត្តទុកដាក់សុខុមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាព ជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កន្លងមកនេះ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានការ ជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយ កងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅ ធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពល តូចលេខ៧០ បានធ្វើសកម្មភាពបាញ់ថ្នាំមូសជាប្រចាំ ដោយនៅថ្ងែទី០២ ខែមីនា ឆ្នាំ២០២៤ ម្សិលនេះ ក្រុមការងារ បានបាញ់ថ្នាំសម្លាប់មូសនៅខណ្ឌទួលគោក ក្នុងសង្កាត់ចំនួន ៥ គឺសង្កាត់ទឹកល្អក់ទី២ សង្កាត់ទឹកល្អក់ទី៣ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដើមគរ និងសង្កាត់ផ្សារដេប៉ូទី១។ក្រុមការងារ បានបើកយុទ្ធនាការបាញ់សម្លាប់មុសខ្លា បានរយៈ ពេល០៩ថ្ងៃហើយ ដោយចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី២៣កុម្ភៈឆ្នាំ២០២៤ ជាលទ្ធផល គិតត្រឹមថ្ងៃ០២ មីនា២០២៤នេះ យើងបាននិងកំពុងអនុវត្តការងារ នៅក្នុងភូមិសាស្ត្រ ខណ្ឌ ចំនួន១០ ដោយអនុវត្តបាន៥៨សង្កាត់ លើ១០៥សង្កាត់ ហើយក្នុងចំនួន១០ខណ្ឌនេះ ខណ្ឌដែលបានបាញ់ថ្នាំរួចរាល់មានចំនួន៥ខណ្ឌ ដែលមានដូចជាខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ ខណ្ឌសែន សុខ ខណ្ឌមានជ័យនិងខណ្ឌទួលគោក។ ក្រុមការងារនឹងបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌនិង១០៥សង្កាត់ ហើយក្រោយបញ្ចប់កិច្ចការងារទាំង១៤ខណ្ឌហើយ មន្ទីរសុខាភិបាល នឹងបន្តការបាញ់ថ្នាំ សម្លាប់មូសនៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀត សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យបាននូវជំងឺគ្រុនឈាម៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.