តាមផេកតេឡេក្រាមរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងគ្មាន ជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ។

វិធានការជាបន្ទាន់នេះ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដោយមានកិច្ចសហការពីកងពលតូច លេខ៧០ បានចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាង ណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាមយាយីដល់បងប្អូនប្រជាពលរដ្ឋ ។ ក្រុមការងារបានចុះធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ រួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលជាខណ្ឌ មាន បញ្ហាប្រឈមជំងឺគ្រុនឈាមខ្លាំងជាងគេ កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ ។

រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជាជំហានដំបូងនេះ ត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅខណ្ឌទាំង៥នេះ ឱ្យបានរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌ និង១០៥សង្កាត់ នៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀត សំដៅធ្វើយ៉ាងណាលុបបំបាត់ឱ្យបានទាំងស្រុង គ្មានជំងឺគ្រុនឈាមនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់សូមចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់កន្លែងទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដបវត្ថុដក់ទឹកភ្លៀងជាដើម ដើម្បីរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការកម្ចាត់ជម្រក មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ឱ្យអនុវត្ត នាថ្ងៃទី២៤ សីហា ២០២៣ បានកំណត់នូវបញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដោយមានកិច្ចការ អាទិភាព ចំនួន ៥ ដែលការលើកកម្ពស់សុខភាព និងសុខុមាលប្រជាជន គឺជាកិច្ចការអាទិភាព ទី៣ នៃបញ្ចកោណទី១ ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកាត់បន្ថយអត្រា ឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.