ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ៥៦១នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ SEA BOURN ENCORE ចូលចតធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤នេះ ។

តាមរយៈមន្ត្រីនគរបាលអន្តោប្រវេសន៍្ត ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន ឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ SEA BOURN ENCORE មានសញ្ជាតិ BAHAMAS មានបណ្តោយ ២១០.៥ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៥៦១នាក់ ស្រី ២៨៦នាក់ ស្មើនឹង ២៦សញ្ជាតិ និងមាននាវិកសរុបចំនួន ៤២០នាក់ ស្រី ៩៩នាក់ ស្មើនឹង ៤៧សញ្ជាតិ ។

នាវាទេសចរណ៍ SEA BOURN ENCORE បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង៣៥នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស SEA BOURN ENCORE មានសញ្ជាតិច្រើនជាងគេ មានដូចជា BRITISH ២៧៨នាក់, USA១៥២នាក់, ក្រៅពីនោះមានភ្ញៀវសញ្ជាតិផ្សេងទៀត ។ ភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅទស្សនាប្រាសាទអង្គរ ខេត្តសៀមរាបមានចំនួន ៤២នាក់ ស្រី២១នាក់ ស្មើនឹង ៣សញ្ជាតិ ។

ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្ត នៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ និងតំបន់រាម ក្នុងស្រុកព្រៃនប់ ក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ, តំបន់រមណីយដ្ឋានវប្បធម៌ មានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ,តំបន់នេសាទទំនប់រលក (ភូមិ៣), តាមតំបន់ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ, និងរូបសំណាកសំខាន់នៅតំបន់ស្រុកព្រៃនប់ មានដូចជា រូបសំណាកព្រះថោងនាងនាគ, និងរូបសំណាកផ្សេងទៀត ។

ទន្ទឹមនោះ ក៏មានកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួល ពីអាជ្ញាធរក្រុង, អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏មាននាវាទេសចរណ៍របស់ប្រទេសបារាំង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ១៥១នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាពផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.