នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ២គ្រឿង (មានឧទ្ធម្ភាចក្រ) បានចូល ចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងដំណើរធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០២៤ អំឡុងពេលនៃការហ្វឹកហ្វឺនដល់នាវិកសកម្មតាមសមុទ្រមុនមកដល់កម្ពុជា។

ការចូលរចតរបស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុនាព្រឹកនេះ ដោយមានការទទួលស្វាគមន៍ពីនាយនាវី នាយនាវីរងកងទ័ពជើង ទឹកមូលដ្ឋានសមុទ្រដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរង មូលដ្ឋានសមុទ្រ។

ក្នុងឱកាសនោះលោកឧត្តមនាវីទោ រស់ វាសនា បានស្វាគមណ៍ចំពោះការមកដល់ របស់នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជំនួសឱ្យមេបញ្ជាការមូលដ្ឋានសមុទ្រ ក៏ដូចជានាយនាវី នាយនាវីរង និងពលនាវិក សូមស្វាគមន៍ការមកដល់របស់នាវាស្វ័យការពារជើងទឹកជប៉ុន។ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ពិសេសការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកាន់តែស៊ីជំរៅបន្ថែមទៀត និងសូមជូនពរឱ្យដំណើរទស្សនកិច្ចរបស់នាយនាយនាវី និងពលនាវិករបស់ នាវាស្វ័យ ការពារជើងទឹកជប៉ុននៅលើទឹកដី នៃខេត្តព្រះសីហនុ ទទួលបានសុខសុវត្ថិភាព តាមការ គ្រោងទុក ហើយអាជ្ញាធរខេត្តនឹងជួយសម្របសម្រួលក្នុងការស្នាក់នៅ និងដំណើរកម្សាន្ត របស់នាវិកស្វ័យការពារជើងទឹកជប៉ុន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចជាក្នុង ព្រះរាជាណាចក្រកម្ពុជាផងដែរ។

លក្ខណៈបច្ចេកទេសនាវាកងស្វ័យការពារជើងទឹកជប៉ុន នាវាទី១. ឈ្មោះ(DDG-172) TV-3521 SHIMAKAZE មានបណ្ដោយ ១៥០ម៉ែត្រ, ទទឹង ១៦,៤ម៉ែត្រ, ជម្រៅទឹក ៤,៨ម៉ែត្រ, ទម្ងន់ផ្ទុក ៤.៦៥០តោន និងមាននាវិកសរុប ចំនួន ១៥២នាក់ ដឹកនាំដោយមេបញ្ជា ការលោក វរនាវីទោ កានីម៉ារូ រីយូហៃ។ នាវាទី២. មានឈ្មោះ DD-114 SUZUNAMI មានបណ្ដោយ ១៥១ម៉ែត្រ,ទទឹង ១៧,៤ម៉ែត្រ, ម្រៅទឹក ៥,៣ម៉ែត្រ, ទម្ងន់ ៤.៦៥០តោន និងមាននាវិក សរុប ចំនួន ២១៨នាក់ ដឹកនាំដោយមេបញ្ជាការលោក វរនាវីទោ គីណូហ្សីតា យូតាកា។ ប្រធាន ប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុន ដឹកនាំដោយលោក វរនាវីឯក YANAGIHARA CAMMANDER TRAINING DIVISION មេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យ ការពារជប៉ុន។

ក្នុងឱកាសស្នាក់នៅកម្ពុជា គណៈប្រតិភូនាវាកងស្វ័យការពារជើងទឹកជប៉ុន ក៏មានគម្រោងចូលជួបសម្តែងការគួសមជាមួយអភិបាលខេត្តព្រះសីហនុ លោកមេបញ្ជាការ មូលដ្ឋានសមុទ្រ និងមានកម្មវិធីប្រកួងកីឡាបាល់ទាត់ បាល់ទះ មិត្តភាពរវាងកងទ័ពជើងទឹក ទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.