«វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក»។ នេះជាការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ“ អគារ តេជោសែន ” និង “ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ”នារសៀលនេះ ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ កុម្ភៈ ២០២៤។

សម្ដេចធិបតី បានថ្លែងបន្ថែម ការសម្ពោធអាគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានកម្ពស់១៨ជាន់ និងត្រូវបានប្រសិទ្ធនាមថាអគារ “តេជោសែន” តាមសំណើរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីជាការចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយសុខដុមបនីយកម្មឥតឈប់ឈរ ហើយអគារនេះផងដែរជាសញ្ញាណបង្ហាញនូវការលើកកម្ពស់និងលើកទឹកចិត្តដល់គុណភាពការងារសម្រាប់មន្ត្រីរាជការ ដែលបម្រើការងារលើវិស័យដ៏មានសារសំខាន់នេះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្រសួងមានអាណត្តិកិច្ចទទួលខុសត្រូវលើវិស័យ និងការងារសំខាន់ៗមួយចំនួនដូចជា៖ វិស័យ ឧស្សាហកម្ម, វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ការងារកសាងប្រព័ន្ធអេកូឡូស៊ីនិងលើកកម្ពស់ សហគ្រិនភាព, ការងារគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការងារទឹកស្អាត, ការងារស្តង់ដារូបនីយកម្ម, ការងារមាត្រាសាស្ត្រ, ការងារវាយតម្លៃទទួលស្គាល់នៃកម្ពុជា និងការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍, ការងារមន្ទីររាជធានី-ខេត្ត, ចូលរួមគាំទ្រកម្មវិធីកំណែទម្រង់នានា, និងគាំទ្រសកម្មភាពការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមបណ្តារាជធានី ខេត្ត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.