រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជក​រួមគ្នាធ្វើឱ្យប្រសើរឡើង​បន្ថែមទៀតក្នុង​វិស័យទំនាក់ទំនង​វិជ្ជាជីវៈ​ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។ ការជំរុញនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានឡើងថ្លែងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំឡើងដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA)។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងតាមរយៈការគោរពច្បាប់ទម្លាប់ដែលកម្ពុជាមានស្រាប់ដើម្បីផ្តល់ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួលយកបាន ស្របទៅនឹងទិសដៅរបស់ក្រសួងដែលមានតួនាទីក្នុងការរក្សាលំនឹងនៃទំនាក់ទំនងវិជ្ជាជីវៈដោយមិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខុដុមនីយកម្មក្នុងរោងចក្រសហគ្រាស។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ឱ្យអង្គវេទិកាយល់ពីស្ថានភាពនៃការវិវឌ្ឍក្នុងតំបន់ និងពិភពលោកដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាថ្លឹងថ្លែង និងប្រមើលទៅលើភាពប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជានៅតែរក្សាបានប្រៀបឈ្នះ និងភាពប្រកួតប្រជែងក្នុងទិសដៅរក្សាលំនឹងការងារ និងការបង្កើនការទាក់ទាញការវិនិយោគដែលជាកត្តាបង្កើតឱកាសការងារបន្ថែមសម្រាប់យុវជនពេញកម្លាំងក្នុងសង្គម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ជាអាទិភាពរបស់ក្រសួងចំពោះលក្ខខណ្ឌការងារ ការបង្កើនឱកាសការងារ និងបរិយាកាសកាងារល្អ ការពង្រឹងសុខុដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសំដៅឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃទីផ្សារការងារនៅកម្ពុជា និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចសកល។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានគិតគូរ និងបានដាក់ទិសដៅក្នុងការពង្រឹងគុណភាពនៃអធិការកិច្ចការងារដើម្បីធ្វើឱ្យគ្រប់ភាគីមានជំនឿទុកចិត្តដែលជាចំណុចគន្លឹះនៃភាពប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.