ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​បាន​​បង្ហាញ​សមិទ្ធផលសំខាន់ៗ របស់ខ្លួនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ​សម្រាប់ការអនុវត្ត​​ផែនការយុទ្ធ​សាស្ត្រឆ្នាំ​២០២៤។ សមិទ្ធិផលទាំងនេះត្រូវបានបង្ហាញនៅក្នុងសន្និបាត​ប្រចាំឆ្នាំ​របស់​​ក្រសួង ដែលជា​វេទិកា​មួយ​ដើម្បីលើកទិសដៅយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្ត​បន្ទាប់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​​​ឡើង​ថា៖“វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវ​បាន​ចាត់​ទុក​​ជា​កម្លាំង​ចលករ​មួយក្នុងការ​ជំរុញ​ដល់​​កំណើន​សេដ្ឋ​កិច្ច​ ដោយបានដើរតួ​នាទី​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​បង្កើត​ការ​ងារ​ និងបង្កើន​ប្រាក់​ចំណូល​ជូន​​ប្រជា​ជន​កម្ពុជា​​។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈាន​ទៅ​មុខ​ប្រកបដោយថាមវន្ត មាន​លក្ខណៈ​ចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និង​សង្គម​ខ្ពស់ ហើយពង្រីកបាននូវ​អន្តរកម្ម​សេដ្ឋ​កិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញ​សមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួត​ប្រជែង​របស់​​កម្ពុជា ទាំងនៅក្នុង​តំបន់ និងនៅលើ​ពិភព​លោក។”

នៅឆ្នាំ២០២៣ មានរោងចក្រធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលគឺកើន​ចំនួន​១៤៣ រោងចក្រ (៧,២១%) ធៀបនឹងឆ្នាំ ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រធុនធ្ងន់ដែលកំពុង​ដំណើរ​ការ​ទូទាំងប្រទេសមានចំនួន ២.១២៥ រោងចក្រ និងផ្តល់ការងារចំនួន ១.០៤០.៣៣៣ កន្លែង។ ទុនវិនិយោគសរុបក្នុងឆ្នាំ២០២៣ មានចំនួន ១៨,៥៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,២៤% ធៀបនឹងឆ្នាំ២០២២។ តម្លៃបរិមាណផលិតមានចំនួន ១៦,៣៦ ពាន់លានដុល្លារ កើនឡើង ៥៣១ លាន​​ដុល្លារ (៣,៣៥%) បើធៀបនឹងឆ្នាំ២០២២។

ឯកឧត្តម ហែម វណ្ណឌី បានបន្តទៀត​ថា៖ “សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលនឹងគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨.៥% ធៀបនឹងឆ្នាំ២០២៣ មានប្រមាណ ៧,៧% ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុ​ វិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ដោយឡែកអនុវិស័យសំណង់នៅបន្តមានកំណើនទាប។”

ក្នុងការងារលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានសម្របសម្រួលការបង្កើតសហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ៥.៣២៨ និង​បន្តអាជ្ញាបណ្ណសហគ្រាសធុនតូច និងមធ្យមចំនួន ៥.១៥៨ នៅឆ្នាំ២០២៣។ កិច្ចខិតខំប្រឹងប្រែង​ទាំង​នេះ​​បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការអភិវឌ្ឍសហគ្រិនភាព និងជំរុញបរិយាកាស​អំណោយ​ផល​សម្រាប់កំណើនអាជីវកម្ម។

ក្នុងវិស័យទឹកស្អាត ក្រសួងបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការផលិតទឹកស្អាតសម្រាប់​ទាំងការប្រើប្រាស់តាមលំនៅឋាន និងតាមរោងចក្រ-សហគ្រាសនានា។ ការផលិត និងការផ្គត់​ផ្គង់ទឹក​ស្អាត​នៅទូទាំងប្រទេសសម្រេចបានជាង ៤៦១លានម៉ែត្រគូប កើនឡើងប្រមាណ១៦%។ នៅដំណាច់​ឆ្នាំ​២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាត​សរុប​ចំនួន ១.៣០៧.៨១០ តំណ កើនឡើង ៨,៥% បើធៀបនឹងមួយឆ្នាំមុន ហើយប្រវែងបណ្តាញ​ផ្គត់ផ្គង់​ទឹក​​ស្អាតបានកើនឡើង ៣.០៦៧ គីឡូម៉ែត្រ (ឬ ១១%) ដល់៣០.៣៥១ គីឡូម៉ែត្រ។ ប្រការ​នេះ​​បាន​ធ្វើ​ឱ្យភូមិ​ចំនួន ៦.៥១៩ ក្នុង​ចំណោម​តំបន់​សេវា​សរុប ១០.១៧៣ ភូមិទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់។

នៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន ៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២​គម្រោងជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេស​ជប៉ុន ដែលស្មើប្រមាណ ៥០,៧០ លានដុល្លា និង​គម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានា ​មានចំនួន ៣ គម្រោង ស្មើប្រមាណ ៤១៤,៩០​លាន​ដុល្លា។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រសួងបានជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​គុណភាពជាតិ រួមទាំងស្តង់ដារកម្ពុជា ការងារមាត្រាសាស្ត្រ និងវាយតម្លៃទទួលស្គាល់។ នៅឆ្នាំ​២០២៣ ក្រសួងបានបង្កើតស្តង់ដារថ្មីចំនួន ៣៦ តាមរយៈវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលនាំឱ្យចំនួន​ស្តង់​ដារកម្ពុជាសរុបកើនដល់ ១.២១៦ ។ ស្តង់ដារទាំងនេះផ្តល់នូវលក្ខណៈបច្ចេកទេសសម្រាប់​ផលិត​ផល ដំណើរការផលិតកម្ម និងសេវាកម្ម និងគាំទ្រដល់អាជីវកម្មឱ្យរីកចម្រើន ជាពិសេសបង្កើនប្រសិទ្ធភាពផលិតកម្ម កែលម្អគុណភាពផលិតផល ធានាសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាពសាធារណៈ និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មក្នុងក្របខ័ណ្ឌជាតិ តំបន់ និងអន្តរជាតិ។

លើសពីនេះ ក្រសួងបានផ្តល់សេវាមាត្រាសាស្ត្រចំនួន ៩៦៦ សេវា ដែលគ្របដណ្តប់លើ​ឧបករណ៍​មាត្រា​សាស្ត្រ និងទំនិញវេចខ្ចប់ចំនួន ៣៩.២៣៨។ ស្ថាប័នវាយតម្លៃទទួលស្គាល់របស់​ក្រសួង​ក៏បាន​បន្ត​ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ តាម​រយៈការកាត់បន្ថយចំណាយអាជីវកម្ម កាត់បន្ថយរបាំងបច្ចេកទេសពាណិជ្ជកម្ម និងរបាំងអនាម័យ និងភូតគាមអនាម័យជាដើម។

វឌ្ឍនភាពសំខាន់ៗក៏ត្រូវបានសម្រេចក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែរ។ ក្រសួង​​បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងជំរុញការផ្តល់សេវា​សាធារណៈតាមរយៈប្រព័ន្ធអនឡាញ។

ជាមួយនឹងការបង្កើតវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២០ ក្រសួង​បានជំរុញការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រួលដល់បរិវត្តកម្ម​ឆ្ពោះទៅ​រក​ការធ្វើពិពិតកម្មសេដ្ឋកិច្ច ដែលទទួលបានសមិទ្ធផលផ្សេងៗ រួមទាំងការបង្កើតផែនទី​បង្ហាញផ្លូវ របៀប​វារៈស្រាវជ្រាវជាតិ និងគោលការណ៍ណែនាំនានា រួមជាមួយនឹងការគ្រប់គ្រង និង​ការ​វាយ​តម្លៃ​លើ​គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខា​សាលា​ជាច្រើនក្នុងវិស័យនេះ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើង​ថា៖ “បន្ថែមលើអទិភាពបច្ចុប្ប្នន្នក្នុងការ​លើកកម្ពស់​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ​២០២៤​ ក្រសួងនឹងខិតខំរៀបចំឱ្យបាន​ជោគ​ជ័យ​នូវ​ព្រឹត្តិ​ការណ៍​ជាតិសំខាន់ៗ ដូចទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលក្រោម​ប្រធាន​បទ «សហគ្រាសធុនតូច និង​មធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» (SMEs go STI), កិច្ច​ប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០, កិច្ចប្រជុំគណៈកម្មា​ធិ​ការ​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥, និងកិច្ចប្រជុំ​ពាក់ព័ន្ធ ឱ្យទទួលបាន​ជោគជ័យ​ ដើម្បីមោទនភាព​ជាតិ និងរួមចំណែកសម្រេចនូវអាទិភាពគន្លឹះ​នៃ​យុទ្ធ​សាស្ត្របញ្ចកោណ​ដំណាក់កាលទី១។”

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.