នៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះនៃអនុគណៈកម្មាធិការឡាវ-ថៃ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន មន្ត្រីសន្តិសុខឡាវ និងថៃ បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខនៅតាមព្រំដែនរួមគ្នារបស់ពួកគេ។

ប្រព័ន្ធផ្សព្វផ្សាយឡាវបានរាយការណ៍កាលពីថ្ងៃទី១៩ ខែកុម្ភៈថា ក្នុងព្រឹត្តិការណ៍នៅក្នុងខេត្តហ្លួងប្រាបាងនោះ ភាគីទាំងពីរបានពិនិត្យមើលលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការរក្សាបាននូវសកម្មភាពសន្តិភាពនៅតាមតំបន់ព្រំដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

ប្រទេសឡាវ និងថៃ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មានគ្នាបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់នៅតាមតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរមនុស្ស និងគ្រឿងញៀន ព្រមទាំងបង្ក្រាបសកម្មភាពនៃក្រុមអរិភាពដែលមិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៃការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ។

ភាគីទាំងពីរបានឯកភាពគ្នាថា កងកម្លាំងសន្តិសុខនៃប្រទេសទាំងពីរនឹងចែករំលែកព័ត៌មានគ្នា ស្តីពីការងារការពារការហូរច្រោះនៅតាមច្រាំងទន្លេមេគង្គ និងដាក់ពង្រាយកម្លាំងបន្ថែមទៀតដើម្បីពង្រឹងសន្តិសុខតាមព្រំដែន៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.