យុវជនជំនាន់ថ្មីនៅតែនិយមស្តាប់វិទ្យុជាតិកម្ពុជា បើទោះបីជាបច្ចេកវិទ្យាកាន់តែទំនើបក៏ដោយ ដោយសារវិទ្យុជាតិមានកម្មវិធីជាច្រើនដែលផ្សាយទៀងទាត់ និងងាយស្រួលស្តាប់ក្នុងពេលធ្វើដំណើរតាមរថយន្ត ជាពិសេសក៏អាចទស្សនាតាមបណ្តាញសង្គមបានដូចគ្នា។

កញ្ញា ចិន្ដា សុម៉ាណា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ននេះសង្គមជាតិមានការរីកចម្រើនខ្ពស់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើននិយមប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook TikTok Telegram YouTube Instagram ជាដើម ។

កញ្ញា បានបន្តថា បើទោះបីជាបច្ចេកវិទ្យាទាំងអស់នេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ក៏ដោយ ប៉ុន្តែសម្រាប់កញ្ញាផ្ទាល់គឺនៅតែស្ដាប់វិទ្យុជាតិកម្ពុជា (RNK) ដោយសារវិទ្យុនៅតែបន្តផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី អប់រំនិងការកម្សាន្តទៅតាមសម័យកាលនីមួយៗ ដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតប្រាកដ ប្រកបដោយប្រសិទ្ធភាពនិងគុណភាព ។

ទន្ទឹមនេះ សម្រាប់វិទ្យុក្នុងពេលបច្ចុប្បន្ន ក៏បាននិងកំពុងវិវឌ្ឍខ្លួនមានទម្រង់ចម្រុះ រួមមាន ទាំងរូបភាព វីដេអូ និងសំឡេង នៅក្នុងបណ្ដាញសង្គម ដែលអាចសបញ្ជាក់បានថា វិទ្យុជាតិកម្ពុជាបានផ្លាស់ប្តូរ ក៏ដូចជាអភិវឌ្ឍន៍ខ្លួនក្នុងការធ្វើទំនើបកម្ម សម្រាប់ឆ្លើយតបតាមតម្រូវការរបស់សាធារណជន និងការវិវឌ្ឍរបស់សង្គមជាតិនាពេលបច្ចុប្បន្ន ។

« សម្រាប់ខ្ញុំថ្វីដ្បិតតែរាល់ក្នុងពេលនេះអាចចាត់ទុកថា ជាយុវជនសម័យថ្មីចូលចិត្តប្រើប្រាស់បណ្ដាញសង្គម ប៉ុន្តែក៏នៅតែមិនអាចកាត់ផ្ដាច់បានពីការស្ដាប់វិទ្យុ ជាពិសេសគឺវិទ្យុជាតិកម្ពុជា ដោយសារតែវិទ្យុគឺមានការផ្តល់ជូននូវព័ត៌មានពិត ពាក់ព័ន្ធជាមួយនឹងសង្គមជាតិ ការអភិវឌ្ឍ ព័ត៌មានទាក់ទងជាមួយនឹងថ្នាក់ដឹកនាំ និងមានចំណេះដឹងទូទៅច្រើន ហើយយើងស្តាប់វិទ្យុគឺងាយស្រួលនៅពេលដែលយើងធ្វើដំណើរតាមឡាន គឺយើងអាចស្ដាប់បាន និងទទួលបានព័ត៌មានច្រើន ដូច្នេះសម្រាប់ខ្ញុំគឺនៅតែគាំទ្រចំពោះកម្មវិធីផ្សាយរបស់វិទ្យុ ហើយក៏ចង់ឱ្យវិទ្យុនៅតែបន្តដំណើរការរហូត និងផ្តល់ជូននូវព័ត៌មានផ្នែកអប់រំសុខភាព នយោបាយ ក៏ដូចជាអាជីវកម្មផ្សេងៗ ជាដើម » ។

ក្នុងនោះលោក សូរ តារា ប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង បានឱ្យដឹងថា ពីដើមរហូតមកដល់បច្ចុប្បន្ននេះ លោកនៅតែបន្តស្ដាប់វិទ្យុជាតិកម្ពុជាគ្រប់ពេលដែលលោកទៅធ្វើស្រែចម្ការ ព្រោះនៅតំបន់ដែលលោករស់នៅនោះ មិនមានអ៊ីនធឺណិតប្រើប្រាស់គ្រប់គ្រាន់ ហើយលោកក៏មិននិយមប្រើប្រាស់បណ្តាញសង្គមនោះដែរ ។ លោកបានបន្តថា សម្រាប់វិទ្យុជាតិកម្ពុជា គឺមានការផ្សាយនូវព័ត៌មាននិងកម្មវិធីកម្សាន្តៗជាច្រើន ដែលទាក់ទងទៅនឹងថ្នាក់ដឹកនាំ ការអភិវឌ្ឍជាតិ ការរីកចម្រើនរបស់សង្គម និងការអប់រំសុខភាព ហើយតែងតែបញ្ជ្រាបនូវព័ត៌មានពិតប្រាកដ ដើម្បីលើកកម្ពស់ការចំណេះដឹងដល់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា វិទ្យុជាតិកម្ពុជាRNK សព្វថ្ងៃនេះ បានអភិវឌ្ឍក្លាយជាវិទ្យុពណ៌ធម្មជាតិ(COLOR) ពោលប្រែក្លាយការផ្សាយវិទ្យុបែបចាស់ ដោយបន្ថែមការផ្សាយបែបថ្មី ពីការផ្សាយឮតែសំឡេង មកឃើញមុខ (ឌីជីថល) មានរូបភាពច្បាស់ៗ ហើយផ្សព្វផ្សាយព័ត៌មានបានលឿនរហ័ស ពិតច្បាស់លាស់ និងបានផ្សាយផ្ទាល់រាល់កម្មវិធីផ្សេងៗ ដូចជា កម្មវិធីសន្ទនាមតិ កម្មវីធីកម្សាន្តនានា…ដោយធ្វើការផ្សព្វផ្សាយរាល់កម្មវិធីទាំងអស់រួមទាំងព័ត៌មានតាមរយៈ វិទ្យុ AM ៩១៨ KHz ថាមពលផ្សាយ ៦០០ KW, វិទ្យុ FM វត្តភ្នំ១០៥ ៧០.MHz ថាមពលផ្សាយ ៣០ KW , វិទ្យុ FM ជាតិ៩៦MHz ថាមពលផ្សាយ ២០ Kw នៅលើបណ្តាញសង្គម មានFacebook Page ,Telegram, YouTube,គេហទំព័រ និងTikTok របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថែមទៀត ។ ទាំងអស់នេះហើយ ដែលធ្វើឱ្យវិទ្យុជាតិកម្ពុជា បានប្រែក្លាយមុខមាត់ថ្មី ដែលពីមុនគេតែងហៅវិទ្យុជាតិថា ជា វិទ្យុស-ខ្មៅនោះ មកជាវិទ្យុពណ៌ធម្មជាតិ (COLOR) ដែលបានបម្រើដល់សាធារណជន ក៏ដូចជាមិត្តអ្នកស្តាប់ទូទាំងប្រទេស បានលឿន រហ័ស ច្បាស់ ពិត ដូចជាទូរទស្សន៍ដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.