ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការងារត្រួត ពិនិត្យយានយន្ត និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ។

ថ្លែងបើកសិក្ខាសាលា ឯកឧត្តម ប៉េង ពោធិ៍នា បានមាន ប្រសាសន៍ថា សិក្ខាសាលានៅថ្ងៃនេះ រៀបចំឡើងក្នុងគោល បំណងផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងផ្នែកច្បាប់ និងបច្ចេកទេសផ្លូវថ្នល់ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជូនដល់មន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលទទួលបន្ទុកលើការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងភាគីពាក់ព័ន្ធ រួមមាន សមាគមដឹកជញ្ជូន និងក្រុមហ៊ុនដឹកជញ្ជូនទំនិញដែលកំពុងមានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អង្គពិធីថា នៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន លើកទី១៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ ប្រភេទរថយន្ត និងប្រភេទផ្លូវដែលអាចប្រើប្រាស់បាន សម្រាប់ការដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី ៤០តោន ទៅដល់៤៥តោន។

ក្នុងន័យរួមចំណែកដល់ការជំរុញកំណើន សេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ និងក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានណែនាំ ឱ្យបង្កើតក្រុមការងារចំពោះកិច្ចមួយ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ពិនិត្យថ្លឹងថ្លែង និងផ្ទៀងផ្ទាត់ ទាំងលក្ខណៈបច្ចេកទេស និងការអនុវត្ត ដូចជាការប្រៀប ធៀបនឹងប្រទេសជិតខាង និងប្រទេសក្នុងតំបន់ ដើម្បីពិនិត្យ កែសម្រួល និងធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមលក្ខណៈបច្ចេកទេសឱ្យមានសង្គតិភាពទៅនឹងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការដឹកជញ្ជូន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបាន ដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ដែលក្នុងនោះ វិស័យសាធារណការ និងដឹកជញ្ជូន ក៏ត្រូវបានកំណត់ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ។ដើម្បីចូលរួមចំណែកសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន បានអភិវឌ្ឍជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឆ្លើយតបនឹងកត្តាប្រជាសាស្ត្រ និងវិវឌ្ឍន៍ផ្នែកនគរូប នីយកម្ម ដោយគិតមកដល់បច្ចុប្បន្ន ផ្លូវជាតិនិងផ្លូវខេត្ត ដែល បានសាងសង់រួចមានចំនួន ៨៥០ខ្សែ ប្រវែងសរុប ២០០១៦គីឡូម៉ែត្រ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោ បាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលកំណត់នូវគោលបំណងសំខាន់ៗរួមមាន៖ (១) ពង្រីក និងធ្វើឱ្យកាន់តែប្រសើរឡើងនូវ វិសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (២) ធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃសេវា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន (៣) ពង្រឹងប្រសិទ្ធភាពសេវា និងចំណាយឡូជីស្ទីក (៤) ជំរុញ និងលើកកម្ពស់ហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនសំដៅគាំទ្រគោលនយោបាយអភិវឌ្ឍន៍ជាតិ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ប៉េង ពោធិ៍នា មានសុទិដ្ឋិនិយមថា តាមរយៈសិក្ខាសាលាថ្ងៃនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបាន នូវពុទ្ធិបន្ថែមផ្នែកច្បាប់ និងបច្ចេកទេសផ្លូវថ្នល់ពាក់ព័ន្ធនឹងការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលរាជរដ្ឋាភិបាលបានកំណត់ដាក់ចេញជាវិធានការអនុវត្តមុតស្រួច និងគោលការណ៍ សំខាន់ៗផ្សេងៗ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន ការប្រកួតប្រជែង និងឡូជីស្ទិក។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់នៅទីនេះ សូមបន្ត បង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីកែលម្អចំណុចខ្វះខាត និងបញ្ហាប្រឈមនានា និងសូមបន្តយកចិត្តទុក ដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេស បន្តការដឹកនាំ គ្រប់គ្រង និងចុះអនុវត្តសកម្មភាពទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវគុណភាព និងសោភ័ណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ទន្ទឹមនឹងនេះ ក៏សូមស្នើដោយទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់នូវវប្បធម៌អន្តរាគមន៍ នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ។

នៅក្នុងឱកាសនេះ អង្គពិធីក៏មានការធ្វើបទបង្ហាញរបស់លេខាធិការដ្ឋាន ដោយលោក ឃុន សីហា សមាជិកគណះកម្មាធិកការសម្របសម្រួលអចិន្ត្រៃយ៍ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.