គិតត្រឹមថ្ងៃពុធនេះ កិច្ចចរចាដើម្បីបញ្ឈប់សង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ បានឈានចូលថ្ងៃទីពីរហើយនៅទីក្រុងគែរ ខណៈដែលប្រជាជនហ្គាហ្សាបានត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែលលើជម្រកចុងក្រោយរបស់ពួកគេនៅទីក្រុង Rafah។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រភពពីក្រុមហាម៉ាសបានប្រាប់ AFP ថា គណៈប្រតិភូមួយក្រុមរបស់ខ្លួនបានធ្វើដំណើរទៅកាន់រដ្ឋធានី នៃប្រទេសអេហ្ស៊ីប ដើម្បីជួបជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា បន្ទាប់ពីអ្នកចរចាអ៊ីស្រាអែលបានពិភាក្សាជាមួយអ្នកសម្រុះសម្រួលទាំងនោះកាលពីថ្ងៃអង្គារ។

លោក William Burns នាយក CIA ក៏បានចូលរួមក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ជាមួយលោក David Bania ប្រធានចារកម្ម Mossad របស់អ៊ីស្រាអែលដែលប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានពិពណ៌នាថា “មានភាពវិជ្ជមានភាគច្រើន”។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានហៅកិច្ចពិភាក្សានេះថា “មានលក្ខណៈស្ថាបនា និងដើរក្នុងទិសដៅត្រឹមត្រូវ”។

ក្រុមអ្នកសម្រុះសម្រួលកំពុងប្រឹងប្រែងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា មុនពេលការលុកលុយយ៉ាងពេញទំហឹងរបស់អ៊ីស្រាអែលលើទីក្រុង Rafah ដែលជាជម្រកចុងក្រោយរបស់ប្រជាជនប៉ាឡេស្ទីនជាង ១,៤ លាននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.