នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” ។

សូមបញ្ជាក់ជូនថា អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សា​ថ្នាក់មហាវិទ្យាល័យ​សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា ដែលដំណើរ​ការ​រៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុប​ចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ដោយឡែកនិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់​បណ្ឌិត​ចំនួន ៣នាក់។ក្នុងចំណោមនិស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩២.៣ភាគរយ, ថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ ៩៩.៥ភាគរយ និងថ្នាក់បណ្ឌិត ១០០ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែក​ថ្នាក់​បរិញ្ញាបត្រចំនួន ៩២.៣ភាគរយ មានចំនួន ៧ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.