នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយប្រតិភូសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-អាល្លឺម៉ង់ និងអន្តរសភាអាស៊ាន-សភាអឺរ៉ុប ដើម្បីបង្កើនសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ជារួមកិច្ចពិភាក្សានេះ បានផ្តោតទៅលើចំណុចគន្លឹះ៣ រួមមាន កិច្ចសហប្រតិបត្តិការជាដៃគូសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសង្គមវប្បធម៌-នយោបាយ និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្ត។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានបង្ហាញពីសារៈសំខាន់របស់កម្ពុជាជាស្ពានក្នុងការផ្តល់ទំនាក់ទំនងល្អទាំងក្នុងតំបន់ និងលើឆាតអន្តរជាតិ ដូចជាក្នុងតំបន់មេគង្គ អាស៊ាន និងកម្ពុជា-អាល្លឺម៉ង់ ហើយនាពេលថ្មីនេះ កម្ពុជាបានដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់ក្នុងតួនាទីជាអ្នកសម្របសម្រួល និងនាំសន្តិភាពទៅប្រទេសជាច្រើនក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ឯកឧត្តមប្រធានគណៈកម្មការទី៥ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើប្រទេសអាល្លឺម៉ង់មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសណាមួយក្នុងតំបន់អាស៊ាន សូមពិចារណាកម្ពុជា តាមរូបមន្តបូកមួយ (Plus1) មានន័យថា កម្ពុជាមានបំណងបង្កភាពងាយស្រួលឱ្យអ្នកវិនិយោគនៅប្រទេសជិតខាង អាចមកធ្វើការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Johannes Steiniger សមាជិកសភាសហព័ន្ធអាល្លឺម៉ង់បានថ្លែងអំណរគុណដល់ឯកឧត្តម សួស យ៉ារ៉ា និងបានលើកឡើងថា កម្ពុជាគួរតែពង្រឹងច្បាប់កម្មសិទ្ធិបញ្ញាបន្ថែមទៀត និងធ្វើការផ្សាព្វផ្សាយដើម្បីទាក់ទញវិនិយោគិនពីបរទេសក្នុងការជម្រុញកំណើនសេដ្ឋកិច្ច។

ឯកឧត្តម Johannes Steiniger ក៏បានកត់សម្គាល់អំពីបញ្ហាបរិស្ថាន និងការគ្រប់គ្រងសំរាម ថាមពលកកើតវិញ ការវិនិយោគលើធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាម្រិតសភា និងការផ្លាស់ប្តូរបទពិសោធន៍ការងារក្នុងកម្រិតមន្រ្តីបច្ចេកទេស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.