ក្នុងឱកាសនៃការថ្លែងសុន្ទរកថាគន្លិះ ក្នុងពិធី “បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រយៈពេល២០ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការពិតសមិទ្ធផលទាំងឡាយនៃការកែទម្រង់នេះ មិនមែនទទួលបានដោយភាពងាយស្រួលនោះទេ ជាសច្ចានុម័តិ ទាំងក្នុងអតីកាល បច្ចុប្បន្នកាល តទៅអនាគតកាល គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ហើយក៏មិនមានសមិទ្ធផលណាមួយនៃកិច្ចការកែទម្រង់ ដែលអាចសម្រេចដោយគ្មានការបង់ថ្លៃនោះដែរ។

សម្តេចធិបតី បានគូសរម្លឹកទៀតថា កិច្ចការកែទម្រង់ ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់៤៖ ១. ត្រូវមានចក្ខុវិស័យច្បាស់លាស់, ២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ៣. ត្រូវមានការចូលរួមដោយស្មោះត្រង់ និង៤. ត្រូវមានការលះបង់។ជាមួយគ្នានោះ សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋភិបាល អាណាត្តិទី៧ នៅតែបន្តការប្តេជ្ញាចិត្តកាន់តែខ្ពស់នូវស្មារតីនៃការកែទម្រង់ និងនៅតែប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ប្រការរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងាររបស់ខ្លួន ដែលជាស្មារតីបុរេសកម្ម ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួចស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់៕ 

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.