ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព ហើយក៏ឯកភាពស្វះស្វែងរកលទ្ធភាពនៃកិច្ចសហការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ប្រទេសទាំងពីរ។ នេះគឺជាលទ្ធផលជំនួបដែលថ្នាក់ដឹកនាំទាំងពីរ ដែលបានលើកឡើងក្នុងជំនួបផ្លូវការដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ីដែលជាមិត្តក្នុងតំបន់ចំពោះការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជាដែលកំពុងរស់នៅ សិក្សា និងបម្រើការងារនៅម៉ាឡេស៊ីដោយគ្មានការរើសអើងក្នុងខណៈដែលប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អស្តីពីវិស័យការងារ។

ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាសម្រាប់ការយកចិត្តទុកដាក់ចំពោះពលរដ្ឋម៉ាឡេស៊ីនៅកម្ពុជាដូចគ្នាផងដែរ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសមភាគី បានពិភាក្សារិះរកវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតសំដៅធានាដល់ការស្វែងរកប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានពិភាក្សាដើម្បីស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិ្តបត្តការថ្មីបន្ថែមលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់មន្ត្រីរាជការ។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ ភាគីទាំងពីរ បានឯកភាពគ្នាខិតខំពង្រឹង និងពង្រីកលើកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញកិច្ចសហការថ្មីៗដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិទាំងពីរដែលជាការពូនជ្រំទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.