សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា បានថ្លែងថា ការឯកភាពគ្នារវាងកម្ពុជានិងថៃដោះស្រាយចំណុចជាប់គាំងជាង២០ឆ្នាំដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួមនៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ននិងប្រេងកាត សម្រាប់ប្រយោជន៍សេដ្ឋកិច្ចជាតិ នឹងធ្វើឱ្យកម្ពុជា មានភាពម្ចាស់ការលើវិស័យថាមពលដោយខ្លួនឯង។ នេះជាការឆ្លើយតបរបស់សម្ដេចធិបតីទៅនឹងក្រុមដែលមាននិន្នាការប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងឱកាសដែលសម្ដេចអញ្ជើញ “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់ថា “កិច្ចការមួយទៀត ដែលយើងបានឯកភាពគ្នា ដែលគាំង២០ឆ្នាំហើយ គឺការឯកភាពគ្នា ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃប្រេងកាតដែលយើងមាន”។

សម្តេចនាយករដ្ឋមន្ត្រីបាន បន្តថា “អាហ្នឹងហើយ ដែលគេជេរខ្ញុំថា ក្បត់ជាតិ ។ ឥឡូវគេថា បើសិនរដ្ឋាភិបាលខ្មែរ ហ៊ានទៅធ្វើការជាមួយថៃ ដើម្បីអភិវឌ្ឍន៍តំបន់ត្រួតស៊ីគ្នានឹង ជាអំពើក្បត់ជាតិ ព្រោះនឹងត្រូវលក់ទឹកដី លក់អី ។ ខ្ញុំសូមប្រាប់បែបនេះ ខ្ញុំពន្យល់ ហើយថ្ងៃនេះ ក៏បញ្ជូនសារទៅឱ្យហើយ ក៏ដូចជាប្រជាជនយើងបានយល់ ថាតំបន់ត្រួតស៊ីគ្នានេះ វាមានកត្តាពីរ ដែលពាក់ព័ន្ធ ទី១គឺរឿងប្រេង ទី២ គឺរឿងព្រំដែនទឹក កិច្ចការងារព្រំដែនទឹកយើង ត្រូវបន្តចរចាដោយប្រុងប្រយ័ត្ន និងដើម្បីការពារ ផលប្រយោជន៍ជាតិ អធិបតេយ្យភាពជាតិ ខាងថៃក៏ដូចគ្នា យើងត្រូវចរចាការងារ ផ្អែកទៅលើបច្ចេកទេស និងប្រើពេលយូរ ប៉ុន្តែពេលជាមួយគ្នា យើងក៏ដឹងថា នៅក្នុងតំបន់ហ្នឹង គឺមានប្រេងកាត ហើយប្រេងកាតនេះ មិនមែនតែនៅក្នុងដីពីណានោះទេ គឺតាមបច្ចេកទេសសិក្សារួចទៅ គឺថាមួយធុងហ្នឹង វានៅកន្លែងយើង នៅដីយើងខ្លះ នៅខាងថៃខ្លះ គ្រាន់តែព្រំខាងលើ ប៉ុន្តែជាបច្ចេកទេសយើងបានដឹងហើយ” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា “សួរថាហេតុអ្វីបានជាយើងត្រូវពិចារណា ទៅលើរឿងនេះ សន្តិសុខថាមពល គឺជាយុទ្ធសាស្ត្រយូរអង្វែង របស់កម្ពុជា និងថៃដូចគ្នា គ្មានអ្វីធ្វើបាន គ្មានអ្វីទៅរួច បើគ្មានថាមពលនោះទេ មនុស្សយើងក៏ត្រូវការថាមពលដែរ ។ អគារនេះដើរ ម៉ាស៊ីត្រជាក់ដើរ ត្រូវការភ្លើងអគ្គិសនី រោងចក្រសហគ្រាសទាំងអស់ ដែលត្រូវដើរឥឡូវ ត្រូវការថាមពលអគ្គិសនី អគ្គិសនីផលិតដោយសូឡាក្តី ផលិតដោយអ្វីក្តី ផលិតដោយឧស្ម័នក្តី ចឹងដើម្បីកំណើនសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន ត្រូវការថាមពល”។ បើទោះបីជាថាមពលមួយចំនួន កម្ពុជា អាចផលិតបានដោយខ្លួនឯងខ្លះក៏ដោយ ក៏សម្តេចធិបតី នៅតែបញ្ជាក់ថា កម្ពុជា នៅតែត្រូវនាំចូលពីប្រទេសជិតខាង ។ តែយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា “ក្រៅពីនេះយើងត្រូវការប្រេង រាវ និងឧស្ម័ន ។ ចឹងជាយុទ្ធសាស្ត្រយើងត្រូវការ រាល់ថ្ងៃប្រសិនបើយើង ត្រូវការពឹងផ្អែកនាំចូល ពីក្រៅប្រទេស ពីឆ្ងាយច្រើនពេក តម្លៃក៏ដូចជាភាពនឹងនររបស់វា ក៏លំបាក”។

សូមបញ្ជាក់ថា តំបន់ត្រួតស៊ីគ្នា(OCA)នេះ រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីក៏ធ្លាប់បានលើកពីយុទ្ធសាស្ត្រចរចា ជាមួយកម្ពុជា។ តំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ បានជាប់គាំងជាយូរមកហើយ ប៉ុន្តែមិនទាន់មានលទ្ធផលអ្វីនោះទេ។ តំបន់ទាមទារត្រួតស៊ីគ្នា មានទំហំ ២៦,០០០ គីឡូម៉ែត្រការ៉េដែលប៉ាន់ប្រមាណ អាចស្តុកទុកប្រេង និងឧស្ម័នរហូតដល់៥០០ លានបារ៉ែល នៅក្រោមបាតសមុទ្រ និងដោយត្រូវការពេលយ៉ាងហោចណាស់៨ឆ្នាំ ក្នុងការទាញយកធនធានធម្មជាតិចេញពីឈូងសមុទ្រ។ សិទ្ធិអភិវឌ្ឍន៍លើតំបន់ទាមទារត្រួតស៊ីគ្នា ក្នុងឈូងសមុទ្រថៃ ជាចំណុចនៃជម្លោះរវាងថៃ-កម្ពុជា បានទាមទារតាំងពីដើមទសវត្ស១៩៧០មក។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កិច្ចចរចាអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់នោះ តាំងពីខែមិថុនាឆ្នាំ២០០១ ក៏ប៉ុន្តែត្រូវបានផ្អាក នៅក្នុងអន្តរកាលប្តូរនាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំ២០០៩។ កិច្ចពិភាក្សាគ្នារវាងប្រទេសទាំង២ ក៏ធ្លាប់ចង់គូសវាសឡើងវិញដែរ តែត្រូវបង្អាក់ដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.