នាវាទេសចរណ៍បរទេស Sea Bourn ENCORE បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តតំបន់ឆ្នេរនាទិសនិរតី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុមុននឹងចាកចេញទៅប្រទេសវៀតណាម ។

មន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វារអន្តរជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Sea Bourn ENCORE មានសញ្ជាតិ BAHAMAS មានបណ្តោយ ២១០,៥០ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា Sea Bourn ENCORE មានចំនួនសរុប ៥៦០នាក់ ស្រីចំនួន ២៨៥នាក់ ដែលមាន ២៨សញ្ជាតិ និងមាននាវិកសរុបចំនួន ៤២៥នាក់ ស្រី ១០២នាក់ មាន ៤៧សញ្ជាតិ ។ ភ្ញៀវទេសចរដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ ភាគច្រើនជាមនុស្សដែលមានវ័យ ចំណាស់ ហើយក្នុងចំណោមភ្ញៀវទេសចរទាំងអស់ ភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមាន អាម៉េរិកចំនួន ៣១១នាក់, អង់គ្លេស ១២២នាក់, ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត ។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Sea Bourn ENCORE មានភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅសៀមរាបមានចំនួន១៩នាក់ ស្រី១០នាក់ ស្មើនឹង ២សញ្ជាតិ ។

ភ្ញៀវទេសចរបរទេសធ្វើដំណើរទស្សនកិច្ច នៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ, តំបន់រមណីយដ្ឋានវប្បធម៌ក្នុងខេត្តមានដូចជា វត្តឥន្ទញ្ញាណ, វត្តជោតញ្ញាណ (ក្រុងព្រះសីហនុ), តំបន់នេសាទទំនប់រលក (ភូមិ៣), តាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ, និងរូបសំណាកសំខាន់ក្នុងខេត្តព្រះសីហនុ មានដូចជា រូបសំណាកព្រះថោងនាងនាគ, និងរូបសំណាកផ្សេងទៀត ។ ទន្ទឹមនោះក៏មានការការពារសន្តិសុខ សុវត្ថិភាព ពីកងកម្លាំងសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តប្រកបដោយសុវត្ថិភាព។

សូមរម្លឹកថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នាវាទេសចរណ៍ Sea Bourn ENCORE បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៥០០នាក់ចូលចត ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.