ការអនុវត្តគម្រោងនៃការស្តារព្រៃឈើឡើងវិញ ដែលជាផ្នែកមួយនៃផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា USAID មរតកបៃតង និងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងបរិស្ថានបានសម្រេច ការស្តារគម្របព្រៃឈើឡើងវិញបានចំនួន ២៥,៤៤ហិកតា ជាមួយនឹងកូនឈើចំនួន ២៧.១២៥ដើម ត្រូវបានចែកចាយ និងដាំនៅទីតាំងសំខាន់ៗចំនួនប្រាំ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមប្រភពពី USAID មរតកបៃតង បានឱ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ ២០២៤ថា៖ ក្នុងការរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរការគាំទ្រ ពីប្រជាពលរដ្ឋជាង ៦០០នាក់ ដើម្បីចូលរួមក្នុងការដាំដើមឈើ ថែរក្សា និងលើកកម្ពស់ការ ដាំដើមឈើឡើងវិញនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា សកម្មភាពស្តារគម្របព្រៃឈើឡើងវិញទាំងនេះ គឺជាផ្នែកមួយនៃគម្រោងដាំដើមឈើឡើងវិញរយៈពេលបួនឆ្នាំ (២០២២-២០២៥) ដែលជា គំនិតផ្តួចផ្តើមចេញពីគម្រោងរេដបូកកែវសីមា។ គោលដៅចម្បង គឺដើម្បីស្តារ និងពង្រឹង គម្របព្រៃឈើលើផ្ទៃដី ១.០០០ ហិកតា ដោយប្រើប្រភេទឈើក្នុងស្រុក ដើម្បីស្ដារព្រៃ និងស្តារស្រទាប់ដីដែលរេចរឹលខូចគុណភាពឡើងវិញ។

ជាមួយគ្នានេះដែរ គម្រោងក៏មានបំណងអប់រំសហគមន៍ដែលរស់នៅក្នុង និងជុំវិញ ដែនជម្រកសត្វព្រៃកែវសីមា អំពីសារៈសំខាន់នៃការការពារព្រៃឈើរយៈពេលវែង សម្រាប់ ជីវភាពរស់នៅរបស់ពួកគេ និងភាពជោគជ័យនៃគម្រោងរេដបូកផងដែរ។

ក្នុងឆ្នាំសារពើពន្ធ ២០២៤ គម្រោងបានដាក់គោលដៅដាំកូនឈើចំនួន ៥៥.០០០ ដើម លើផ្ទៃដីចំនួន ៥០ហិកតា នៃដីព្រៃដែលខូចគុណភាព ឬត្រូវបានកាប់ឆ្ការពីមុនមក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.