រយៈពេល៧ឆ្នាំមកហើយ ដែលអង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងរដូវទឹកសម្រក ដោយចលនាមហាជនតាម រយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជា៖ សហគមន៍កំពង់ឃ្លាំង កំពង់ភ្លុក មេជ្រៃ ចុងឃ្នៀស បឹងពារាំង និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប ក្នុងគោលបំណងចូលរួមចំណែកអភិរក្សជីវចម្រុះបឹងទន្លេសាប។ ឆ្នាំ២០២៤នេះ យុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកនារដូវទឹកសម្រកបឹងទន្លេសាប ត្រូវបានបើកយុទ្ធនាការជាផ្លូវការកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៃខេត្តសៀមរាប។ យុទ្ធនាការនៅឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ «សហគមន៍យើងស្អាត ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក»។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី(NGO2) បានឱ្យដឹងថា៖ ឆ្នាំ២០២៤នេះ មានលក្ខណៈខុសប្លែក ដោយរៀងរាល់ឆ្នាំការប្រារព្ធធ្វើក្នុងលក្ខណៈអបអរសាទរទិវាបរិស្ថានជាតិ ដោយសហការជាមួយក្រសួង និងមន្ទីរបរិស្ថាន ឬអាជ្ញាធរភូមិឃុំប៉ុណ្ណោះ ដើម្បីបំផុសការអប់រំ និងចូលរួមពីសំណាក់ប្រជាសហគមន៍។ ប៉ុន្តែឆ្នាំនេះ មានសកម្មភាពយ៉ាងជាប់លាប់ ដោយចាប់ផ្តើមពីចុងខែមករាតទៅ រហូតដល់ពេលបិទយុទ្ធនាក្នុងរដូវទឹកសម្រកនាខែមិថុនាខាងមុខ ដោយក្នុងសហគមន៍មួយៗត្រូវធ្វើសកម្មភាពប្រមូលប្លាស្ទិកជារៀងរាល់ខែ។

លោកបានបន្តទៀតថា៖ នៅក្នុងចន្លោះរយៈពេល៦ខែ នៃការប្រមូលប្លាស្ទិកពីបឹងទន្លេសាប ក្នុងរដូវទឹកសម្រកចប់រួចរាល់ រហូតដល់បិទយុទ្ធនាការ នឹងមានការបង្ហាញអំពីសកម្មភាព និងបរិមាណនៃចំនួនប្លាស្ទិកដែលប្រមូលបាន របស់ពលរដ្ឋក្នុងសហគមន៍នីមួយៗ។ ក្នុងនោះក៏មានកម្មវិធីផ្តល់រង្វាន់ជាថវិកា អង្ករ ឬបណ្ណសរសើរពីក្រសួងបរិស្ថាន ជូនបងប្អូនដែលបានចូលរួមសកម្មក្នុងកិច្ចការងារនេះ។

លោក ស៊ា សុផល បានបន្តទៀតថា៖ ក្រៅពីពិធីបើកយុទ្ធនាការ ប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាប នៅសហគមន៍កំពង់ឃ្លាំង អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្តចលនាទៅគ្រប់សហគមន៍ជាប់បឹងទន្លេសាបទាំងអស់ក្នុងខេត្តសៀមរាប មិនមែនត្រឹមតែសម្រាប់សហគមន៍ទេសចរណ៍កំពង់ឃ្លាំងមួយនោះឡើយ។ លោកថា៖ សកម្មភាពទាំងនេះ រំពឹងថានឹងធ្វើឱ្យសហគមន៍ជាប់បឹងទន្លេសាប លែងមានការបំពុលដោយប្លាស្ទិក ធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណ: ព្រមទាំងលើកកម្ពស់ដល់វិស័យទេសចរណ៍ផងដែរ។

កញ្ញា លីហួ សិស្សថ្នាក់ទី១១Aនៃវិទ្យាល័យកំពង់ឃ្លាំង បានឱ្យដឹងថា៖ យុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកនារដូវទឹកសម្រកនៅក្នុងសហគមន៍កំពង់ឃ្លាំង ពិតជាល្អប្រសើរព្រោះជាការដាស់តឿនស្មារតីប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យយល់ដឹងពីផលប៉ះពាល់នៃការបោះចោលប្លាស្ទិក មិនថានៅលើគោក ឬក្នុងទឹកឡើយ ព្រោះថាកន្លងមកនៅតែមានបងប្អូនខ្លះបន្តសកម្មភាពបោះចោលប្លាស្ទិកចូលបឹងទន្លេសាប។ ក្នុងនាមជាយុវជនម្នាក់ ប្អូននឹងចូលរួមគ្រប់សកម្មភាពនៃការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃប្លាស្ទិក ដល់បងប្អូនក្នុងសហគមន៍របស់ខ្លួន។

ក្នុងឱកាសចូលរួមបើកយុទ្ធនាការសម្អាតបរិស្ថាន ប្រមូលសំណល់ប្លាស្ទិកនារដូវទឹកសម្រកបឹងទន្លេសាបប្រចាំឆ្នាំ២០២៤ លោកស៊ន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានថ្លែងអំណរគុណដល់អង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា ដែលបានចូលរួមសកម្មភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារថែរក្សាបរិស្ថាន។ លោកថា៖ ក្រៅពីយកចិត្តទុកដាក់ទៅលើការសម្អាតប្លាស្ទិកនៅក្នុងបឹងទន្លេសាបហើយនោះ តាមរយៈយន្តការនេះក្រសួងបរិស្ថាន នៅតែបន្តជំរុញសកម្មភាពអប់រំប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីផលប៉ះពាល់នៃប្លាស្ទិក ជាពិសេសយុទ្ធនាការថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ។

ឆ្នាំ២០២៤នេះ ជាឆ្នាំទី៧ហើយ ដែលអង្គការមូលនិធិទំពាំងស្នងឫស្សី បានរៀបចំយុទ្ធនាការនេះឡើង និងសហការជាមួយមន្ទីរបរិស្ថាន សមាគមទេសចរណ៍កម្ពុជា (CATA) អាជ្ញាធរមូលដ្ឋាន សហគមន៍ទេសចរណ៍ ក្រុមហ៊ុនឯកជន អង្គការ សិស្សានុសិស្ស និងពលរដ្ឋសហគមន៍ ជាដើម។ យុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកនារដូវទឹកសម្រកបឹងទន្លេសាបប្រចាំឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ៖« សហគមន៍យើងស្អាត ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក » ក្នុងគោលបំណងធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណ: តាមរយ:ការបំផុសចលនាប្រជាសហគមន៍ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ឱ្យចូលរួមធ្វើអនាម័យសម្អាតបរិស្ថាន។ ចលនាយុទ្ធនាការនេះនឹងបន្តសកម្មភាពសម្អាតរយៈពេល៦ខែ នៅគ្រប់សហគមន៍នានាជាប់មាត់បឹងទន្លេសាបដូចជា៖ សហគមន៍កំពង់ភ្លុក ចុងឃ្នៀស និងសហគមន៍មេជ្រៃ និងអាចពង្រីកវិសាលភាពការងារសម្អាតនេះ ដល់តំបន់ព្រែកទាល់ក្នុងខេត្តបាត់ដំបង និងតំបន់ផ្សេងៗទៀតជុំវិញបឹងទន្លេសាប គឺបន្តធ្វើចលនាមហាជនរហូតដល់ថ្ងៃអបអរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ដែលជាថ្ងៃកំណត់ការបិទយុទ្ធនាការសម្អាតបរិស្ថាននារដូវទឹកសម្រកផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.