យោងតាមសេចក្តីថ្លែងការណ៍រួមពីប្រទេសអូស្ត្រាលី បារ៉ែន ដាណឺម៉ាក កាណាដា ហូឡង់ នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដែលត្រូវបានចេញផ្សាយដោយសេវាសារព័ត៌មានមន្ទីរបញ្ចកោណ បានឱ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារលើគោលដៅចំនួន៣៦ ក្នុងប្រទេសយេម៉ែន ពាក់ព័ន្ធនឹងចលនាឧទ្ទាមហ៊ូធី អាន់សារ អាឡាហ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងប្រឆាំងនឹងគោលដៅរបស់ក្រុមឧទ្ទាមហ៊ូធី ចំនួន ៣៦កន្លែងនៅទូទាំង ១៣ទីតាំងក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់របស់ពួកឧទ្ទាមហ៊ូធីប្រឆាំងនឹងការដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្ម ព្រមទាំងនាវាកងទ័ពជើងទឹកដែលឆ្លងកាត់សមុទ្រក្រហម។ យោងតាមឯកសារនោះបានឱ្យដឹងថា ការវាយប្រហារដ៏ជាក់លាក់ទាំងនេះមានគោលបំណងបង្អាក់ និងបង្ខូចសមត្ថភាពរបស់ក្រុមឧទ្ទាមហ៊ូធី។ ប្រទេសអូស្ត្រាលី បារ៉ែន កាណាដា ដាណឺម៉ាក ហូឡង់ និងនូវែលសេឡង់ បានផ្តល់ការគាំទ្រដល់យោធារបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

សេចក្តីថ្លែងការណ៍បាននិយាយថា ការវាយប្រហារនេះផ្តោតជាពិសេសទៅលើទីតាំងដែលពាក់ព័ន្ធជាមួយកន្លែងផ្ទុកអាវុធដែលលាក់យ៉ាងជ្រៅរបស់ពួកឧទ្ទាមហ៊ូធី ប្រព័ន្ធគ្រាប់មីស៊ីល និងឧបករណ៍បាញ់បង្ហោះ ប្រព័ន្ធការពារដែនអាកាស និងរ៉ាដា។ គោលបំណងរបស់បណ្តាប្រទេសដែលបានលើកឡើងទាំងនោះ គឺជាការកាត់បន្ថយភាពតានតឹង និងស្ដារស្ថិរភាពនៅសមុទ្រក្រហម។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន ក៏បានសង្កត់ធ្ងន់ផងដែរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយថា «យើងនឹងមិនស្ទាក់ស្ទើរក្នុងការការពារជីវិត និងលំហូរពាណិជ្ជកម្មសេរីនៅក្នុងផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោកនោះទេ» ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.