យោងតាមការស្រាវជ្រាវរបស់អង្គការ ស្ថាប័នជាច្រើននៅលើពិភពលោកពាក់ព័ន្ធនឹងបញ្ហាសុខភាពសាធារណៈបានបង្ហាញថា៖អ្នកប្រើប្រាស់ថ្នាំជក់ប្រឈមនឹងហានិភ័យសុខភាពខ្ពស់ រាប់ទាំងអ្នកដែលបានស្រូបផ្សែងបារីផងដែរ។មិនតែប៉ុណ្ណោះ ផលិតផលថ្នាំជក់ រាប់ទាំងបារី និងបារីអេឡិត្រូនិកបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ បរិស្ថាន និងសេដ្ឋកិច្ចជាតិយ៉ាងច្រើនលានដុល្លារជារៀងរាល់ឆ្នាំ ព្រោះថាអ្នកប្រើប្រាស់ទាំងនោះបានស្លាប់មុនអាយុ ធ្វើឱ្យបាត់បង់ពលកម្មការងារ។អង្គការ ស្ថាប័នជាតិ និងអ្នកឯកទេសខាងសុខភាពសាធារណៈអះអាងថា មានតែវិធានការដំឡើងពន្ធថ្នាំជក់នោះទេ ទើបអាចជួយគាំទ្រឱ្យពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ថ្នាំជក់ អាចផ្ដាច់បារីបានជោគជ័យ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

កម្ពុជាមានបន្ទុកពន្ធលើផលិតផលថ្នាំជក់នៅមានកម្រិតទាបនៅឡើយ ដោយយកពន្ធត្រឹម២៥ភាគរយ សម្រាប់បារីក្នុងស្រុក និង៣១ភាគរយ សម្រាប់បារីនាំចូលបើធៀបនឹងតម្លៃលក់រាយ។ បន្ទុកពន្ធបារីទាបបែប នេះ បានធ្វើឱ្យតម្លៃបារីនៅលើទីផ្សារមានតម្លៃថោក ដែលជាកត្តាជំរុញឱ្យយុវជនចាប់ផ្ដើមជក់បារី និងអ្នកកំពុងជក់បារីបន្តជក់កាន់តែច្រើនបន្ថែមទៀត។

នៅក្នុងកិច្ចពិភាក្សាតុ មូលស្តីពី «វិធានការពន្ធលើថ្នាំជក់» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជាកាលពីពេលថ្មីៗនេះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា៖ មានតែការផ្សព្វផ្សាយការអប់រំពីផលប៉ះពាល់នៃថ្នាំជក់ និងវិធានការបង្កើនពន្ធថ្នាំជក់តែប៉ុណ្ណោះដែលជាមធ្យោបាយល្អបំផុត ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ថ្នាំជក់ នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា៖ បរិយាកាសនៃការប្រើប្រាស់ថ្នាំជក់ បានផ្លាស់ចេញពីការទទួលទានបារី មកការទទួលទាននូវបារីអេឡិចត្រូនិកសម្រាប់យុវជន ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពនិងរារាំងដល់ការរីកចម្រើន និងអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋ។ ការចំណាយលើសេវាសុខភាពប្រជាពលរដ្ឋនឹងអាចក្លាយជាបន្ទុកធំ ក្នុងការចំណាយរបស់រាជរដ្ឋាភិបាល ប្រសិនបើប្រជាពលរដ្ឋរងជំងឺ ដោយសារតែការជក់បារី ។

រីឯលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ ការដំឡើងពន្ធនេះមិនមានប៉ះពាល់ដល់ការងារប្រជាពលរដ្ឋ នោះទេ ប៉ុន្តែអាចកាត់បន្ថយភាពក្រីក្រ កែលម្អសុខភាពសាធារណៈ ការពារយុវជនពីការចាប់ផ្តើមជក់បារីជាដើម។ ម៉្យាងវិញទៀតកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានកាតព្វកិច្ចដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តក្នុងការអនុវត្តអនុសញ្ញានេះ។

ចំណែកលោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា៖ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផល ថ្នាំជក់ធៀបនឹងតម្លៃលក់រាយ នៅកម្ពុជា មានត្រឹមតែ ២៥% ចំពោះបារីក្នុងស្រុក និង ៣១.១% ប៉ុណ្ណោះចំពោះបារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធធៀបតម្លៃលក់រាយ ៧០% សិង្ហបុរី ៦៧,៥% និងភូមា ៥០%ទៅ៦០% ដូច្នេះវិធានការដំឡើងពន្ធថ្នាំជក់ អាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំជក់។

ទាក់ទងនិងបញ្ហានេះដែរ ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះ ពន្ធលើថ្នាំជក់រួមមានអាករពិសេស អាករបំភ្លឺសាធារណៈ អាករលើតម្លៃបន្ថែមពន្ធនាំចូល ពន្ធលើប្រាក់ចំណូលនិងប្រាក់ចំណេញ។ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងចំពោះការងារដំឡើងពន្ធលើថ្នាំជក់នេះ ដោយបានចាប់តាំងពីឆ្នាំ១៩៨៥រហូតដល់បច្ចុប្បន្ននេះ មានការកើនឡើងដល់៣៣ភាគរយហើយ។សំឡេង«មតិមានការខ្វែងគ្នាមួយចំនួន ដែលថា ដំឡើងពន្ធថ្នាំជក់គឺ នឹងមានការឈប់ជក់បារី ហើយបានចំណូលទៀត។ប៉ុន្តែសូមយើងគិតបន្តិច រាជរដ្ឋាភិបាលតាំងចិត្តថាដំឡើងពន្ធលើបារីដើម្បីជួយទប់ស្កាត់ការជក់បារី ក៏ប៉ុន្តែដំឡើងតាមលក្ខខណ្ឌដែលអាចធ្វើបាន ហើយនេះក៏ជាអធិបតេយ្យភាពរបស់កម្ពុជាស្ដីពីការអនុវត្តអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ដែរ យើងព្យាយាម ដំឡើង ប៉ុន្តែតាមលក្ខខណ្ឌដែលអាចធ្វើបាន។កម្ពុជាមានព្រំដែនវែងណាស់ដែលមានទាំងសមុទ្រមានទាំងដីគោក កាលណាការបង់ពន្ធបារីនាំឱ្យមានភាពខុសប្លែកឬក៏ច្រើនជាងការគេចពន្ធ នោះគេនឹងផ្ទេរពីការចូលបង់ពន្ធត្រឹមត្រូវ ទៅរកការគេចពន្ធ ខ្ញុំនិយាយនេះមិនមែនមើលឃើញបញ្ហាដំឡើងពន្ធជាបញ្ហាអវិជ្ជមាននោះទេប៉ុន្តែសូមជម្រាបជូនអញ្ចឹង កន្លងមកបារីចូលតាមព្រំដែន ចូលមករាល់ៗថ្ងៃ ចូលក្នុងបន្ទាយទាហាន គយមិនហ៊ានធ្វើទេ អាហ្នឹងនិយាយត្រង់តែម្ដង ហើយចេញពីបន្ទាយទាហាននៅក្នុងរថពាសដែក មកចូលនៅទីក្រុងពេលយប់ពេលអី អាហ្នឹងវាជាបញ្ហាមួយប៉ុន្តែយើងព្យាយាមលុបបំបាត់អាហ្នឹង»។

បើតាមឯកឧត្តម វ៉ាន់ ពុទ្ធិពល នៅឆ្នាំ ២០២៥ រាជរដ្ឋាភិបាលក៏នឹងប្តូរប្រព័ន្ធនៃការប្រមូលពន្ធថ្នាំជក់ពីការគិតតាមថ្លៃលក់ទៅជាប្រព័ន្ធម៉េចវិញ។ប៉ុន្តែយើងត្រូវធ្វើជាដំណាក់កាល និងប្រុងប្រយ័ត្នបំផុត បើមិនដូច្នោះទេអាចធ្វើឱ្យបាត់ចំណូលរដ្ឋវិញ និងបង្កើតឱ្យមានការរត់ពន្ធបារីខុសច្បាប់ជាដើម។

សូមបញ្ជាក់ថា កម្ពុជាមានបន្ទុកពន្ធលើផលិតផលថ្នាំជក់នៅកំរិតទាបនៅឡើយ ដោយយកពន្ធត្រឹម២៥ភាគរយ សម្រាប់បារីក្នុងស្រុកនិង ៣១ភាគរយ សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ។ដោយសារបារីមានតម្លៃថោក និងមានលក់គ្រប់ច្រកល្ហកបែបនេះហើយទើបធ្វើឱ្យកំណើនអ្នកជក់កើនឡើងគួរឱ្យកត់សំគាល់។ មិនតែប៉ុណ្ណោះកំណើននៃការប្រើប្រាស់បារីអេឡិចត្រូនិកក៏គួរឱ្យព្រួយបារម្ភថែមទៀតក្នុងចំណោមយុវជនក្មេងៗ ដែលមានទំនោរភ្លើតភ្លើនចង់សាក ចង់ភ្លក់ឈានដល់ការញៀនកាត់ផ្តាច់មិនបាន។បើតាមរបាយការណ៍អង្គការ សុខភាព ពិភពលោកឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កឡើងដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យកម្ពុជាខាតបង់ទឹកប្រាក់៦៤៩លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង៣% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។ក្នុងនោះ ៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ផលិតភាពធ្លាក់ចុះ ពីការសម្រាកជក់បារី និង អវត្តមានពីការងារជាដើម៕

ប្រភព៖  ក្រសួងព័ត៌មាន

Share.

Comments are closed.