ក្រសួងការបរទេសកូរ៉េខាងត្បូងបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អង់ដ្រេយ រូដេនកូ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល និងបានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោក ជុង ប៊ីយុងវ៉ុន អំពីបញ្ហាសកល រួមទាំងស្ថានការណ៍នៅអ៊ុយក្រែនផងដែរ។

ក្រសួងនោះបាននិយាយថា កិច្ចពិភាក្សានោះបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយពួកគេបានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី និងស្ថានភាពពិភពលោក រួមទាំងសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។

ជាងនេះទៅទៀត ភាគីកូរ៉េខាងត្បូងបានជូនដំណឹងអំពីគោលជំហររបស់ខ្លួនទៅលើកិច្ចសហប្រតិបត្តិការយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើង និងបានអំពាវនាវឱ្យមានអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវរបស់រុស្ស៊ី។ ទីក្រុងសេអ៊ូលក៏បានស្នើសុំជំនួយក្នុងការផ្តល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនធុរកិច្ច និងពលរដ្ឋកូរ៉េខាងត្បូងនៅលើទឹកដីនៃប្រទេសរុស្ស៊ីផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.