នៅព្រឹកថ្ងៃទី​ ០១ ខែកុម្ភៈ​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាសុី ADB នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់​ពីគោលនយោបាយរបស់ក្រសួង ដែលផ្ដោតសំខាន់លើសន្តិសុខស្បៀង​ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន។​ ទាក់ទងនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមឱ្យមានការសហការជាមួយវិស័យឯកជន​ និងដៃគូអភិវឌ្ឍន៍ ដោយមានផែនការច្បាស់លាស់​ ដោះស្រាយបញ្ហាប្រឈមរួមគ្នា​ ហើយប្រការចាំបាច់ត្រូវមានភាពជាម្ចាស់ការពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី​ បានណែនាំឱ្យមានការសិក្សា ពិនិត្យឱ្យបានច្បាស់លាស់ រវាងការអភិរក្ស​ និងអភិវឌ្ឍន៍ ឱ្យដើរទន្ទឹមគ្នានៅក្នុងវិស័យកសិកម្ម​។​

ប្រឈមនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យរៀបចំការសិក្សា និងពិនិត្យលទ្ធភាពនៃការស្តុកទឹកទុកនារដូវវស្សា​ សម្រាប់ការធ្វើស្រែពេញមួយឆ្នាំ​របស់ប្រជាកសិករ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកឡើងអំពីគោលនយោបាយអាទិភាព​ ក្នុងការកសាងសហគមន៍ទំនើប​ដែលមានសមត្ថភាពគ្រប់គ្រាន់​សម្រាប់ការផលិតទ្រង់ទ្រាយធំ និងធ្វើឱ្យប្រសើរក្នុងខ្សែច្រវ៉ាក់ផលិតកម្ម​ និងខ្សែច្រវាក់តម្លៃ​ សម្រាប់វិស័យកសិកម្ម​ដែលមានលក្ខណៈសេដ្ឋកិច្ច​ និងមានទីផ្សារច្បាស់លាស់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.