នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ( AmCham Cambodia) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សម្តេចធិបតី បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ជាសមាជិក ដែលបានសហការគ្នាក្នុងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

សម្តេចបានបន្តថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សភាពាណិជ្ជកម្មអាមេរិក ក៏បានសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំនូវវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ដោយមានក្រុមហ៊ុនធំៗ និងវិនិយោគិនអាមេរិកមួយចំនួន បានចូលរួមក្នុងវេទិកាធុរកិច្ចនេះ ផងដែរ ។

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.