នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១-០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

ការអញ្ជើញចូលរួមរបស់ឯកឧត្តម បានធ្វើឡើងតាមការអញ្ជើញរបស់ ឯកឧត្តម ចូសិច បូររែល ហ្វុនតេល (Josep BORRELL FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជា អនុប្រធានគណៈកម្មការអឺរ៉ុប។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍លើប្រធានបទ ស្តីពីវិបុលភាពរួមគ្នា ភាពធន់នៃសេដ្ឋកិច្ច និងការវិនិយោគ ក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងតំបន់ទាំងពីរ ព្រមទាំងទាញយក អត្ថប្រយោជន៍ពីភាពខ្លាំងរបស់តំបន់ទាំងពីរ ដើម្បីជំរុញសន្ទុះកំណើនថ្មីប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍដោយចីរភាព។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ នឹងត្រូវដឹកនាំដោយសហប្រធាន ចំនួនពីរគឺ សាធារណរដ្ឋហ្វីលីពីន ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហភាពអឺរ៉ុប និងសហភាពអឺរ៉ុប។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប នឹងធ្វើការតាមដានលើការ សម្រេចចិត្តរបស់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងពិនិត្យលើវឌ្ឍនភាព ស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (ឆ្នាំ២០២៣-២០២៧)។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសក៏នឹងផ្លាស់ប្តូរយោបល់ ស្ដីពីទិសដៅអនាគត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ដើម្បីពន្លឿនភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជន និងតំបន់ទាំងពីរ។

សូមបញ្ជាក់ជូនថា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគី ដាច់ដោយឡែកជាមួយសមភាគី មកពីប្រទេសសមាជិកសហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.