ប្រទេសន័រវេសដែលជាម្ចាស់ជំនួយដ៏ធំបំផុតដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានស្នើសុំឱ្យប្រទេសដែលកាត់បន្ថយការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ ដើម្បីពិចារណាពីផលវិបាកនៃសកម្មភាពរបស់ពួកគេលើប្រជាជននៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ក្រុមប្រទេស Nordic បាននិយាយថា ខ្លួននឹងរក្សាការផ្តល់មូលនិធិរបស់ខ្លួនដល់ទីភ្នាក់ងារ UNRWA បន្ទាប់ពីមានការចោទប្រកាន់ថាបុគ្គលិកទីភ្នាក់ងារមួយចំនួនបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ផ្ទុយទៅនឹងប្រទេសមួយចំនួនទៀតដែលបានផ្អាក។ លោក Espen Barth Eide រដ្ឋមន្ត្រីការបរទេសន័រវេសបាននិយាយថា “យើងកំពុងពិភាក្សាអំពីបញ្ហាផ្តល់មូលនិធិជាមួយម្ចាស់ជំនួយផ្សេងទៀត ហើយនឹងបន្តធ្វើដូច្នេះក្នុងរយៈពេលប៉ុន្មានថ្ងៃ និងនាសប្តាហ៍ខាងមុខនេះ” ដោយបន្ថែមថា ទីក្រុង Oslo ប្រកាន់ខ្ជាប់នូវ “ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួនចំពោះទីភ្នាក់ងារ និងប្រជាជនប៉ាឡេស្ទីន”។ រដ្ឋមន្ត្រីការបរទេសរូបនេះបានសង្កត់ធ្ងន់ថា “ទីភ្នាក់ងារ UNRWA គឺជាខ្សែជីវិតដ៏សំខាន់សម្រាប់ជនភៀសខ្លួនជាង ១,៥ លាននាក់នៅក្នុងតំបន់ហ្គាហ្សា។

ហើយឥឡូវនេះច្រើនជាងពេលណាទាំងអស់ ទីភ្នាក់ងារនេះត្រូវការការគាំទ្រពីអន្តរជាតិ។ យើងត្រូវបែងចែករវាងអ្វីដែលបុគ្គលអាចប្រព្រឹត្តិ និងអ្វីដែលតំណាងឱ្យទីភ្នាក់ងារមួយនេះ ដើម្បីចៀសវាងការដាក់ទណ្ឌកម្មរួមលើមនុស្សរាប់លាននាក់ដែលគ្នាមិនដឹងអ្វីសោះ”៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.