នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បាន ចូលកាន់តំណែងផ្លូវការជាប្រធានក្រុមប្រទេស៧៧ និងចិន (Group of 77 and China) នៅសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤។

ក្នុងកម្មវិធីផ្ទេរតំណែងនេះផងដែរ ក៏មានការចូលរួមពីលោកជំទាវ អគ្គលេខាធិការ អង្គការ UNCTAD ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 and China ដែលចប់អាណត្តិ ផងដែរ។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានមានមតិស្វាគមន៍ និងអបអរសារទរចំពោះការចូលកាន់តំណែងរបស់កម្ពុជា ជាប្រធានក្រុមប្រទេស 77 and China និងសន្យាផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា និងក្រុមប្រទេស77 and China។

ជាមួយគ្នានេះ ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 and Chinaចប់អាណត្តិ បានលើកអំពីសមិទ្ធផលក្នុងអាណត្តិរបស់លោក ក្នុងការសម្របសម្រួល និងការពារប្រយោជន៍របស់ក្រុមប្រទេស 77 and China ព្រមទាំងបង្ហាញការអបអរសារទរចំពោះកម្ពុជាក្នុងនាមជាប្រធានអាណត្តិថ្មី។

ជារួមអង្គប្រជុំបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសារទរការចូលកាន់តំណែងជាប្រធានក្រុមប្រទេស 77 and China របស់កម្ពុជា ជាមួយនឹងការប្តេជ្ញារបស់កម្ពុជាក្នុងការសម្របសម្រួលនិងបម្រើប្រយោជន៍ក្រុម ប្រទេស 77 and China តបតាមអាណត្តិនិងការផ្តល់សេចក្តីទុកចិត្តនិងការសហការរបស់សមាជិក។ សូមបញ្ជាក់ថា Group of G77 and China ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦៤ និងដែលបច្ចុប្បន្នមានសមាជិកចំនួន១៣៥៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.