ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន ​បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្គាហ្សា​ចាប់​តាំង​ពី​ថ្ងៃ​ទី០៧ ខែ​តុលា ឆ្នាំមុនមក បានកើន​ឡើង​ដល់ប្រមាណ ២៦ ៥០០នាក់។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួនថា «ចំនួនអ្នកស្លាប់ដោយសារការឈ្លានពានរបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំមុនមក បានកើនឡើងដល់ ២៦ ៤២២នាក់ ហើយមនុស្ស ៦៥ ០៨៧នាក់បានរងរបួស»។

យោងសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា «យ៉ាងហោចណាស់មនុស្សចំនួន ១៦៥នាក់ត្រូវបានសម្លាប់នៅក្នុងបរិពន្ធភូមិ ហើយ ២៩០នាក់បានរងរបួស ក្នុងរយៈពេលតែ ២៤ម៉ោងចុងក្រោយនេះ»។

ស្ថានការណ៍នៅមជ្ឈិមបូព៌ាមានការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការលុកលុយរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់ពីតំបន់ហ្គាហ្សាស្ទ្រីបចូលទៅក្នុងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ ក្រុមហាម៉ាស់បានទម្លាក់ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែលប្រឆាំងនឹងវិហារអ៊ីស្លាមអាល់-អាកសា ក្នុងទីក្រុងហ្សេរុយសាឡឹម។ អ៊ីស្រាអែល​បាន​ប្រកាស​ការ​ឡោមព័ទ្ធ​ទាំងស្រុង​នៃ​តំបន់ហ្គាហ្សាស្រ្ទីប និង​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​នៅ​ទីនោះ។ អ៊ីស្រាអែលក៏បានវាយប្រហារផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី ក្នុងការសងសឹកចំពោះការទម្លាក់គ្រាប់បែកដែលមានប្រភពមកពីប្រទេសទាំងនោះ។ ការ​ប៉ះ​ទង្គិច​គ្នា​ក៏​កំពុង​កើត​ឡើងដែរ​នៅ​តំបន់វេសប៊ែង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.