ស្ពានអាកាសមរតកតេជោ កើតចេញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងស្នាដៃរបស់វិស្វករខ្មែរសុទ្ធសាធ ដោយមានការគិតគូរ និងសិក្សាយ៉ាងល្អិតល្អន់ ពីបច្ចេកទេស បញ្ហាប្រឈម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាជន ។

ក្នុងពិធីភ្ជាប់ស្ពានអាកាសមរតកតេជោស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ពាននេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ពីខេត្តកណ្តាលឆ្លងកាត់មហាវិថីអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីព្រលាន យន្តហោះអន្តរជាតិថ្មីចូលមករាជធានីភ្នំពេញ ។

ជាងនេះទៅទៀត ស្ពាននេះក៏បានចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ១ ដោយឃើញជាក់ស្ដែងហើយថា ក្រោយពីដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា ជាផ្លូវការ គឺបានចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍បានប្រមាណជាង៥០ភាគរយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅ កាត់បន្ថយការកកស្ទះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ទៅកាន់ខេត្តព្រៃវែង ស្រុកលើកដែក និងស្រុកកៀនស្វាយនៃខេត្តកណ្តាល ថែមទៀតផង ។

ក្នុងឱកាសនោះ ឯកឧត្ដម ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងរស់នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមទុកចិត្តទៅលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចធិបតីនឹងបន្តថែទាំសមិទ្ធផលដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបន្សល់ទុក ហើយសម្ដេចធិបតី ក៏នឹងខិតខំប្រឹងប្រែងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ ជាពិសេសរក្សាសុខសន្តិភាពដែលរកបានដោយកម្រឱ្យនៅស្ថិតស្ថេរ គង់វង្ស ដើម្បីធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ។

« សូមបញ្ជាក់បន្ថែមថាស្ពាននេះ ឱ្យតែនិយាយពីក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី គឺគិតថាការសាងសង់នេះគឺមានវិស្វករមកពីសាធារណរដ្ឋប្រជាមានិតចិន ប៉ុន្តែសម្រាប់ការសាងសង់ស្ពានថ្មីនេះ វិស្វករទាំងអស់គឺជាវិស្វករដែលរៀននៅក្នុងសាលាតិចណូ គឺជាកូនចៅនិងធនធានមនុស្សដែលសម្ដេចតេជោបានបណ្តុះបណ្តាល សម្រាប់សាងសង់ស្ពាននេះបន្សល់ទុកជាប្រយោជន៍សម្រាប់ជាតិយើង ហើយការសាងសង់នេះគឺកើតចេញពីកូនខ្មែរសុទ្ធសាធ។ កន្លងមកអាចនិយាយបានថាគឺយើងនៅត្រូវការអ្នកជំនាញពីប្រទេសចិនឬពីប្រទេសផ្សេងៗ ដើម្បីមកជួយដឹកនាំការកសាងផងដែរ ប៉ុន្តែនៅពេលនេះ យើងមានគ្រឹះរឹងមាំហើយ គឺយើងមានធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសខ្លួនឯងបាន តែទោះជាយ៉ាងណាក្ដីក៏យើងមិនចោលបច្ចេកទេសទំនើបៗពីបណ្ដាប្រទេសផ្សេងៗដែរ ដោយយើងត្រូវការការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីឱ្យកិច្ចការងារអនុវត្តគម្រោងផ្សេងៗប្រព្រឹត្តទៅដោយរលូន មានភាពរឹងមាំ និងជាប្រយោជន៍របស់ប្រជាជន » ។

សូមបញ្ជាក់ថា ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសមរតកតេជោ (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០ភាគរយ ហើយតាមផែនការគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ។ ចំណែកឯ ដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share.

Comments are closed.