បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃអាទិត្យថា កងទាហានអាមេរិកចំនួន ៣នាក់បានស្លាប់ និង ២៥នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋានយោធាអាម៉េរិកនៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី។

CENTCOM បាននិយាយបន្ថែមថា អត្តសញ្ញាណអ្នកស្លាប់នឹងមិនត្រូវបានបង្ហាញក្នុងរយៈពេល ២៤ម៉ោងទេ រហូតទាល់តែក្រុមគ្រួសាររបស់ពួកគេត្រូវបានជូនដំណឹងដោយអនុលោមតាមគោលនយោបាយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានស្តីបន្ទោសចំពោះការវាយប្រហារដ៏សាហាវទៅលើមូលដ្ឋានទ័ពអាម៉េរិកក្នុងប្រទេសហ្ស៊កដានីទៅលើ «ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់» ខណៈដែលលោកបាននិយាយផងដែរថា សហរដ្ឋអាមេរិកនៅតែកំពុងប្រមូលភស្តុតាង។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅលើមូលដ្ឋាននៅភាគឦសាននៃប្រទេសហ្ស៊កដានី ក្បែរព្រំដែនជាមួយប្រទេសស៊ីរី បានកើតឡើងនៅមុននេះមួយថ្ងៃ ហើយបានធ្វើឱ្យកងទាហានអាម៉េរិកចំនួន ៣នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀតបានរងរបួស។

លោក បៃដិន បាននិយាយថា «ខណៈដែលយើងនៅតែកំពុងប្រមូលភស្តុតាងការពិតនៃការវាយប្រហារនេះ យើងដឹងថាវាត្រូវបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់ដែលគាំទ្រដោយអ៊ីរ៉ង់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់»។

លោក​បាន​ពណ៌នា​ការ​វាយ​ប្រហារ​នេះ​ថា ​ជារឿង ​«​គួរឱ្យ​ស្អប់​ខ្ពើម និង​អយុត្តិធម៌​ទាំង​ស្រុង​»។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបាននិយាយថា «យើងនឹងបន្តការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ហើយគ្មានការងឿងឆ្ងល់ទេថា យើងនឹងអនុវត្តដូចម្តេចចំពោះអ្នកទទួលខុសត្រូវទាំងអស់នៅពេលមួយ និងតាមរបៀបដែលយើងជ្រើសរើស»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.