កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពពីមន្រ្តីអាហ្ស៊ីបថា ចលនាប៉ាឡេស្ទីនហាម៉ាស់ បានប្រកាសពីការត្រៀមខ្លួនរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយអ៊ីស្រាអែលសម្រាប់ការដោះលែងស្ត្រី និងកុមារដែលនៅតែជាប់ជាចំណាប់ខ្មាំងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ការរាយការណ៍នោះបាននិយាយថា គំនិតផ្តួចផ្តើមបែបនេះបានកត់សម្គាល់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលជំហររបស់ក្រុមហាម៉ាស់ ដែលធ្លាប់ទទូចក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយដែលជាលក្ខខណ្ឌសម្រាប់កិច្ចពិភាក្សាដោះលែងចំណាប់ខ្មាំង។

សារព័ត៌មាននោះបានរាយការណ៍ដោយដកស្រង់ប្រភពពីមន្រ្តីអេហ្ស៊ីប និងកាតាថា ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីស្រាអែលនៅតែមានមន្ទិលសង្ស័យយ៉ាងខ្លាំងអំពីវឌ្ឍនភាពដ៏មានសក្តានុពលក្នុងកិច្ចចរចាជាមួយក្រុមហាម៉ាស់ បើទោះបីជារដ្ឋាភិបាលអ៊ីស្រាអែលនៅតែត្រៀមខ្លួនដើម្បីបន្តកិច្ចពិភាក្សានេះក៏ដោយ។កាលពីថ្ងៃទី០៧ ខែតុលា ចលនាហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែល និងបានរំលោភបំពានព្រំដែន ដោយវាយប្រហារទាំងសង្កាត់ស៊ីវិល និងមូលដ្ឋានយោធា។ ជាលទ្ធផល មនុស្សជាង ១ ២០០នាក់នៅអ៊ីស្រាអែលត្រូវបានសម្លាប់ និង ២៤០នាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។ អ៊ីស្រាអែលបានបើកការវាយប្រហារសងសឹកវិញ ព្រមទាំងបញ្ជាឱ្យបិទតំបន់ហ្គាហ្សាទាំងស្រុង និងបានចាប់ផ្តើមការលុកលុយក្នុងទឹកដីប៉ាឡេស្ទីន ជាមួយនឹងគោលដៅដែលបានប្រកាសថានឹងកម្ចាត់យុទ្ធជនហាម៉ាស់ និងជួយសង្គ្រោះចំណាប់ខ្មាំង។ អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សប្រមាណជិត ២៥ ៥០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល៕ 

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.