ទីភ្នាក់ងារលទ្ធកម្មរដ្ឋរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) ក្នុងរយៈកម្ពស់មធ្យម (MUAVs) ដើម្បីបង្កើនការឃ្លាំមើលរបស់យោធាលើប្រទេសកូរ៉េខាងជើង។

កាលពីខែធ្នូ រដ្ឋបាលកម្មវិធីការពារ (DAPA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៤៧១,៧ប៊ីលានវ៉ុន (៣៥៣,៦លានដុល្លារអាម៉េរិក) ជាមួយក្រុមហ៊ុន Korean Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង រួមជាមួយនឹងក្រុមហ៊ុនការពារជាតិចំនួនពីរ គឺក្រុមហ៊ុន LIG Nex1 និងក្រុមហ៊ុន Hanwha Systems ដើម្បីផលិតយន្តហោះដ្រូនស៊ើបការណ៍កម្រិតខ្ពស់នៅត្រឹមឆ្នាំ២០២៨។

ទីភ្នាក់ងាររដ្ឋសម្រាប់ការអភិវឌ្ឍការពារជាតិ បានផ្តួចផ្តើមគម្រោង MUAV ក្នុងឆ្នាំ២០០៨ ហើយបានបញ្ចប់ការអភិវឌ្ឍរបស់ខ្លួននៅក្នុងឆ្នាំ២០២២។

យន្តហោះឈ្លបយកការណ៍នេះ មានសមត្ថភាពហោះហើរក្នុងរយៈកម្ពស់ពី ១០គីឡូម៉ែត្រ ដល់ ១២គីឡូម៉ែត្រ និងចាប់យករូបភាពដែលមានកម្រិតច្បាស់ខ្ពស់ពីចម្ងាយលើសពី ១០០គីឡូម៉ែត្រ។ យន្តហោះនេះមានប្រវែង ១៣ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ និងមានស្លាបប្រវែង ២៥ម៉ែត្រ។

រដ្ឋបាល DAPA បាននិយាយថា យន្តហោះដ្រូនចារកម្មនេះត្រូវបានគេរំពឹងថា នឹងជួយដល់សមត្ថភាពឃ្លាំមើល និងឈ្លបយកការណ៍របស់យោធាប្រទេសកូរ៉េខាងត្បូង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.