ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ឯកឧត្តមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគដែលមានបំណងជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជាស្អាតតាមរយៈការវិនិយោគដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ ការលើកឡើងអំពីបរិស្ថានស្អាតរបស់ឯកឧត្តមរដ្ឋមន្រ្តីធ្វើឡើងស្របនឹងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)ដោយមានក្រុមហ៊ុន និងអ្នកវិនិយោគមកពីប្រទេសចិនចូលរួមផងដែរ នារសៀលថ្ងៃទី ២៥ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

តំណាងក្រុមហ៊ុនវិនិយោគក្នុងវិស័យបរិស្ថានបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្រុមហ៊ុនចិនធ្វើការវិនិយោគនៅកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា(EPIAC)បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងរួមចំណែកជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងធានាមិនធ្វើសកម្មភាពទាំងឡាយណា ដែលបង្កផលប៉ះពាល់ដល់បរិស្ថានរបស់កម្ពុជាឡើយ ជាក់ស្តែងក្រុមហ៊ុនទាំងអស់សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យលើផ្នែកបច្ចេកទេសមុននឹងសង់រោងចក្រដោយក្រុមការងាររបស់នាយកដ្ឋាន EIA និងតំណាងអគ្គនាយកដ្ឋាន EPA នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣រួចហើយ។

ជាមួយគ្នានេះ ក្រុមហ៊ុន Newbustar (Cambodia) Tire CO.,LTD បានស្នើអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យផ្ទាល់នៅទីតាំងរោងចក្រ ដើម្បីបង្ហាញពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ជាពិសេសគឺការប្រើប្រាស់ថាមពលកកើតឡើងវិញដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាគោលការណ៍សកល។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះការវិនិយោគស្អាត និងបើកឱកាសឱ្យមានការវិនិយោគបែបនេះមកកម្ពុជាកាន់តែច្រើន ដើម្បីផ្តល់ឱកាសការងារដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.