ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងសមភាគីអ៊ូសបេគីស្ថាន លោក សាវកាត់ មាហ្សីយ៉ូយេវ បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធដោយប្រកាសថានឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់យុគសម័យថ្មី និងលើកកម្ពស់ការកសាងសហគមន៍ចិន-អ៊ូសបេគីស្ថានជាមួយនឹងអនាគតរួមគ្នាពីចំណុចចាប់ផ្តើមខ្ពស់ជាងនេះ។ ប្រធានាធិបតី លោក មាហ្សីយ៉ូយេវ ស្ថិតនៅក្នុងប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។

លោក ស៊ី បានកត់សម្គាល់ថា កាលពី ៣២ឆ្នាំមុន ប្រទេសអ៊ូសបេគីស្ថាន គឺជាប្រទេសអាស៊ីកណ្តាលដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន។ លោកបានបន្តថា ប្រជាជននៃប្រទេសទាំងពីរបានអនុវត្តតាមស្មារតីគំនិតផ្តួចផ្តើមផ្លូវសូត្រ ហើយទំនាក់ទំនងមិត្តភាពចិន-អ៊ូសបេគីស្ថានបានចាក់ឫសយ៉ាងជ្រៅ និងរស់រវើក។

លោក ស៊ី បាននិយាយថា «ជាពិសេស ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ យើងបានធ្វើការងាររួមគ្នាដើម្បីដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗទៅកាន់ស្ថានភាពដ៏ល្អប្រសើរមួយ»។ លោកបានសង្កត់ធ្ងន់ថា ការកសាងទំនាក់ទំនងចិន-អ៊ូសបេគីស្ថានប្រកបដោយអត្ថន័យ និងសកម្មជាងមុន គឺជាសេចក្តីប្រាថ្នារួមគ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជានិមិត្តរូបនៃការជ្រើសរើសប្រទេសចិនជាប្រទេសដំបូងដែលលោកបានទៅទស្សនកិច្ចនៅក្នុងឆ្នាំនេះ លោក មាហ្សីយ៉ូយេវ បាននិយាយថា ដោយសារតែលោកកោតសរសើរចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសចិនចំពោះការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ហើយលោកជឿជាក់ថា ប្រទេសចិននឹងសម្រេចបានសមិទ្ធិផលកាន់តែច្រើនក្នុងដំណើរឆ្ពោះទៅសម្រេចក្តីសុបិនរបស់ប្រទេសចិនក្នុងការស្តារជាតិឡើងវិញ។

បន្ទាប់ពីកិច្ចពិភាក្សា ប្រមុខរដ្ឋទាំងពីរបានចុះហត្ថលេខា និងចេញសេចក្តីថ្លែងការណ៍រួមមួយរវាងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋអ៊ូសបេគីស្ថាន ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់យុគសម័យថ្មី៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.