សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដំណើរបេសកកម្មរបស់លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida SalsiahAlisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ នឹងពិនិត្យឃើញអំពីការវិឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ(UN-ESCAP)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅវិមាន ៧មករា។ ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុនសែន បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិនៅកម្ពុជា បន្ទាប់ពីសម្ដេចបានជួបលើកជំទាវកាលពីឆ្នាំ២០១៩ កន្លងទៅ។ សម្ដេចបានបញ្ជាក់ថា ដំណើរបេសកកម្មរបស់លោកជំទាវនៅពេលនេះ នឹងពិនិត្យឃើញអំពីការវិឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ចសង្គមនៅកម្ពុជា ។ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា មានប្រសាសន៍ ថ្លែងអំណរគុណនិងកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្ដែងការគួរសម។ លោកជំទាវបានបញ្ជាក់ថា នេះជាលើកទីបីហើយ ចាប់តាំងពីឆ្នាំ២០១៩ ដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្ដេចតេជោ លើកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយ ESCAP ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិ ESCAP ដែលដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដោយបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹង ESCAP របស់អង្គការសហប្រជាជាតិគ្នាពេលកន្លងមក។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ចសង្គមចាប់ពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចសង្គមរបស់កម្ពុជាមានការរីកចម្រើនលើកគ្រប់វិស័យ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការ រវាង ESCAP ជាមួយនិងកម្ពុជា នៅក្នុងតំបន់ជាមួយនឹងពិភពលោកកាន់តែមានការរីកចម្រើនបន្តថែមទៀត។ លោកជំទាវបានស្នើសុំសម្ដេចតេជោ បង្ហាញអំពីចក្ខុវិស័យជាអាទិភាពមួយចំនួន លើបញ្ហាតំបន់និងអន្តរជាតិ ទាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ESCAP ទៅថ្ងៃអនាគត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិកូវីដ-19 បានធ្វើឱ្យប្រទេសកម្ពុជាជួបការលំបាក ក៏ដូចជាតំបន់របស់យើងមានការលំបាក ប៉ុន្តែក្រោយកូវីដ-19 យើងបានស្ដារប្រទេសឡើងវិញជាបណ្ដើរៗ ស្របពេលជាមួយនេះផលលំបាកក្នុងតំបន់របស់យើងកើតចេញអំពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតាមតំបន់មួយចំនួន ហើយនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើងនេះ មានផលប៉ះពាល់យ៉ាងខ្លាំងអំពីការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយ ជាពិសេសគឺបញ្ហាស្មុគស្មាញដែលកើតឡើងពីការរត់ប្រណាំងគ្នាខាងផ្នែកសព្វាវុធ បញ្ហាសមុត្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងបញ្ហាឧបទ្វីបកូរ៉េជាដើម។ ចំពោះកម្ពុជាគោលដៅអនាគត សម្ដេចតេជោ បានគូបញ្ជាក់ពីចំណុចអាទិភាពចំនួនពីរសំខាន់គឺ ១. កម្ពុជាបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង២. កម្ពុជាផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយធ្វើយ៉ាងណា ដើម្បីឱ្យមានការអភិវឌ្ឍន៍ដោយចីរភាព និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន។ លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណដល់សម្ដេចតេជោ ចំពោះទស្សនទានល្អៗ អំពីការប្រឈមនៃភូមិសាស្ត្រនយោបាយ ដែលប៉ះពាល់ដល់តំបន់របស់យើង ហើយក៏បានអរគុណសម្ដេចតេជោដែលបានទៅគាំទ្រ ESCAP នាពេលកន្លងមក ហើយលោកជំទាវ ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គម បន្តទៅទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.