ចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement-NAM) ត្រូវបានបង្កើតទ្បើងនៅឆ្នាំ ១៩៦១ នៅក្នុងពេលសង្គ្រាមត្រជាក់ បន្ទាប់ពីប្រទេសអាស៊ី និងអាហ្រ្វិកបានជួបប្រជុំគ្នានៅទីក្រុមបាន់ឌុង (Bandung) ប្រទេសឥណ្ឌូណេស៊ី និងបានចេញសេចក្តីថ្លែងការណ៍ទីក្រុងបាន់ឌុង «បញ្ចសិលា» ឬ គោលការណ៍ ១០ ចំណុចស្តីពីសន្តិសហវិជ្ជមាន៖ ១) គោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ២) គោរពអធិបតេយ្យភាព និងបូរណភាពដែនដី ៣) សមភាពនៃប្រទេសតូច និងធំ ៤) មិនលូកដៃចូលកិច្ចការផ្ទៃក្នុង ៥) គោរពសិទ្ធិស្វ័យការពារ ៦) មិនប្រើកម្លាំងដើម្បីការពារផលប្រយោជន៍ប្រទេសធំ ៧) មិនប្រើកម្លាំងយោធា ឬគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងប្រទេសអធិបតេយ្យ ៨) ការដោះស្រាយជម្លោះដោយសន្តិវិធី ៩) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និង ១០) ការគោរពយុត្តិធម៌ និងកាតព្វកិច្ចអន្តរជាតិ។ នាពេលបច្ចុប្បន្ន NAM សមាជិកមានចំនួន ១២០ ប្រទេសសង្កេតការណ៍ ១៨ និងអង្គការសង្កេតការណ៍ ១០។ កម្ពុជា គឺជាប្រទេសស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ។

នៅក្នុងការពិភាក្សា ប្រមុខរដ្ឋ រដ្ឋាភិបាល និងគណប្រតិភូនៃនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ចំនួន ៩០ បានលើកទ្បើងពីបញ្ហាចម្បងៗដូចខាងក្រោម៖

ទីមួយ-ការប្រកាន់ខ្ជាប់នូវគោលការណ៍ទីក្រុង Bandung និងគោលការណ៍អនុម័តដទៃទៀតនៅក្នុងកិច្ចប្រជុំកំពូល Havana ក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមទៀតនូវតួនាទី និងឋានៈជាវេទិកានយោបាយដ៏សំខាន់ ដែលតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍន៍។

ទីពីរ-ការគោរពគោលការណ៍នៃច្បាប់អន្តរជាតិ ជាពិសេសការមិនប្រើប្រាស់កម្លាំង ឬមិនគំរាមកំហែងប្រើប្រាស់កម្លាំង ប្រឆាំងប្រទេសអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី។

ទីបី-ការលើកកម្ពស់សន្តិសុខ និងសន្តិភាពនៅក្នុងពិភពលោក ក្នុងបរិបទនៃការប្រណាំងប្រជែងរវាងមហាអំណាច និងទំនាក់ទំនងរវាងសន្តិសុខ និងការអភិវឌ្ឍ ជាពិសេសសិទ្ធិនៃប្រទេសកំពុងអភិវឌ្ឍក្នុងការអភិវឌ្ឍ។

ទីបួន-ការព្រួយបារម្ភពីវិបត្តិ និងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី ជាពិសេសសង្គ្រាមរវាងប៉ាទ្បេស្ទីន និងអ៊ីស្រាអែល ដោយគាំទ្រសំណើក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីអោយមានការឈប់បាញ់គ្នាក្នុងគោលដៅមនុស្សធម៌។

ទីប្រាំ-ការចាំបាច់ក្នុងការធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយរបស់អង្គការសហប្រជាជាតិ ដែលឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាស្មុគ្រស្មាញជាច្រើន ហើយបម្រើផលប្រយោជន៍ដល់ប្រទេសកំពុងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសមធម៌ ដើម្បីអោយអង្គការសហប្រជាជាតិអាចបំពេញតួនាទីបម្រើដល់មនុស្សជាតិបានយ៉ាងល្អជាងមុន និងឱ្យក្លាយជាតួអង្គតំណាងឱ្យកាន់តែសំខាន់ និងកាន់តែពាក់ព័ន្ធថែមទៀត ក្នុងការឆ្លើយតបជាមួយស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក។ ប្រទេសកំពុងអភិវឌ្ឍត្រូវធ្វើការរួមគ្នា និងកសាងកម្លាំងសរុប ដើម្បីធានាថា អង្គការសហប្រជាជាតិជាស្នូល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជំរុញការអភិវឌ្ឍទាំងបច្ចុប្បន្ន និងអនាគត។ ក្នុងន័យនេះ កំណែទម្រង់អង្គការសហប្រជាជាតិត្រូវផ្តោតលើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដោយពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងកិច្ចដំណើរការរក្សាសន្តិភាពក្នុងពិភពលោក។

ទីប្រាំមួយ-ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការត្បូងទល់ត្បូង (South-South cooperation) ការដោះស្រាយបញ្ហាបំណុលនៃប្រទេសកំពុងអភិវឌ្ឍ ការលើកកម្ពស់សហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមពិភពលោក។

ទីប្រាំពីរ-ការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍ និងទំនាក់ទំនងរវាងអាកាសធាតុ សន្តិសុខ និងសុវត្ថិភាពចំណីអាហារ។

ទីប្រាំបី-ការប្រឆាំងចំពោះដាក់វិធានការទណ្ឌកម្មឯកតោភាគីផ្សេងៗ ដែលបានធ្វើអោយមានការលំបាកដល់ប្រទេសសមាជិកខ្លះ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៏ និងការប្រឆាំងចំពោះការអនុវត្តច្បាប់អន្តរជាតិដោយជ្រើសរើស និងយកបញ្ហាសិទ្ធិមនុស្សជាឧបករណ៌នៃនយោបាយការបរទេសនៃប្រទេសមហាអំណាច។

ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា បានលើកទ្បើងថា៖ ជាងពីរទស្សវត្សរ៍កន្លងផុតទៅ កម្ពុជាបានដោះស្រាយបញ្ចប់ជម្លោះផ្ទៃក្នុងជាស្ថាពរ បានអនុវត្តកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចផ្សារ និងសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយបានដោយបានឆ្លងផុតពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សំដៅសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដោយយល់ច្បាស់ពីសារៈសំខាន់នៃសន្តិភាពក្នុងការអភិវឌ្ឍជាតិ កម្ពុជាបានប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា “ទិវាសន្តិភាពក្នុងប្រទេសកម្ពុជា”។ លើសពីនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន៩ផងដែរ។ កម្ពុជាប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នុវពហុភាគីនិយម និងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ ដូច្នេះ កម្ពុជាប្រឆាំងនឹងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយការប្រើប្រាស់កម្លាំង ហើយកម្ពុជាអំពាវនាវឱ្យភាគី ដែលកំពុងច្បាំងគ្នាប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធី។ ម៉្យាងវិញទៀត កម្ពុជាទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្បូងទល់ត្បូង (South-South cooperation) ក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវយុត្តិធម៌សង្គម។ យើងចាំបាច់ត្រូវចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងធនធាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងសម្រេចបាននូវគោលដៅរួម។ ដូចនេះ ចលនាមិនចូលបក្សសម្ព័ន្ធ គួរតែបន្តជាតួអង្គកត្តាលីករសម្រាប់កសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសតវត្សដែលកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគ្រស្មាញនេះ។

កម្ពុជាគាំទ្រទាំងស្រុងចំពោះការអនុម័តឯកសារផលសម្រេច នៃកិច្ចប្រជុំកំពូលលើកទី ១៩ នៃប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃចលនាមិនចូលបក្ខសម្ព័ន្ធ។ វានឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការ ក្នុងចំណោមប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ និងប្រទេសដទៃទៀតលើបញ្ហានយោបាយ សនិ្តសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាសិទ្ធិមនុស្សក្នុងកម្រិតសកលលោក តំបន់ និងអនុតំបន់។ កម្ពុជាគាំទ្រទាំងស្រុងលើខ្លឹមសារនៃកិច្ចប្រជុំកំពូលនាពេលនេះ ដែលផ្តោតបញ្ហាលើសពី អព្យាក្រឹតភាពនៃនយោបាយ-សន្តិសុខ ដើម្បីជំរុញការកសាងសហគមន៍ពិភពលោកមួយ ចែករំលែកដោយគុណតម្លៃ សេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តដ៏ស្មោះត្រង់រួមគ្នា ដើម្បីកសាងពិភពលោករបស់យើងក្លាយជាកន្លែងដ៏ល្អប្រសើរសម្រាប់យើងទាំងអស់គ្នា និងដើម្បីធ្វើឱ្យមានសហសុខដុមនីយកម្មជាមួយគ្នាក្នុងវប្បធម៌ និងអរិយធម៌ចម្រុះ។

សេចក្តីថ្លែងការណ៍ Kampala៖ ផ្តោតលើការប្រកាន់ខ្ជាប់ និងលើកកម្ពស់ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិជាពិសេសគោលការណ៍អធិបតេយ្យភាព សមភាព បូរណភាពដែនដី និងការមិនលូកដៃចូលកិច្ចការផ្ទៃក្នុង និងដោះស្រាយជម្លោះដោយសន្តិវិធី ជំរុញឱ្យមានដំណោះស្រាយរដ្ឋពីររវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដោយឈរលើមូលដ្ឋានព្រំដែនមុនឆ្នាំ១៩៦៧ គាំទ្រប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ពង្រឹង និងបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅមជ្ឈិមបូព៌ា គាំទ្រកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងការបង្ការ និងប្រឆាំងអំពើភេរវកម្មគ្រប់ទម្រង់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជើង-ត្បូង កិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី។ សេចក្តីថ្លែងការណ៍នេះក៏បានផ្តោតទៅលើការកែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងរកដំណោះស្រាយក្នុងការគ្រប់គ្រងបញ្ហាបំណុលបរទេស ជំរុញការអនុវត្តអោយបានជោគជ័យនូវរបៀបវារៈ២០២៣ ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការអភិវឌ្ឍបច្ចេកវិទ្យាពត៌មាន គមនាគមន៍ និងថាមពល និងជំរុញវិស័យពាណិជ្ជកម្ម និងការផ្ទេរបច្ចេកវិទ្យា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.