លោក Isaac Herzog ប្រធានាធិបតីអ៊ីស្រាអែលបានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា ការធ្វើឱ្យមានទំនាក់ទំនងមានភាពប្រក្រតីរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត គឺជាធាតុសំខាន់មួយដើម្បីបញ្ចប់សង្រ្គាមជាមួយក្រុមហាម៉ាស់ និងជាការផ្លាស់ប្តូរហ្គេមសម្រាប់មជ្ឈិមបូព៌ាទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Herzog បាននិយាយថា “ការធ្វើឱ្យទំនាក់ទំនងមានប្រក្រតីនៅតែមាន ភាពរសើបផុយស្រួយ ហើយវានឹងចំណាយពេលយូរ ប៉ុន្តែខ្ញុំគិតថាវាពិតជាឱកាសមួយដើម្បីជំរុញពិភពលោក និងតំបន់ឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ”។

ការលើកឡើងបែបនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan បានប្រកាសនៅវេទិកាទីក្រុងដាវ៉ូស ដោយអារ៉ាប៊ីសាអូឌីតបានយល់ស្របថា “សន្តិភាពក្នុងតំបន់រួមបញ្ចូលសន្តិភាពសម្រាប់អ៊ីស្រាអែលផងដែរ”។ លោកបាននិយាយថា អារ៉ាប៊ីសាអូឌីតនឹង “ប្រាកដណាស់” ទទួលស្គាល់អ៊ីស្រាអែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនយោបាយធំជាងនេះ។

លោកបានបន្ថែមថា “ប៉ុន្តែប្រការ នេះអាចកើតឡើងទៅបាន ទាល់តែតាមរយៈការបង្កើតរដ្ឋប៉ាឡេស្ទីនតែប៉ុណ្ណោះ”។ លោក Anthony Blinken រដ្ឋមន្ត្រីអាមេរិក ក៏បានសង្កត់ធ្ងន់ផងដែរនៅក្នុងសុន្ទរកថារបស់លោកនៅទីក្រុងដាវ៉ូសថា មាគ៌ានៃការបង្កើតរដ្ឋសម្រាប់ប៉ាឡេស្ទីន អាចជួយកែលម្អសន្តិសុខរបស់អ៊ីស្រាអែល និងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.