អាស៊ាន និងអង្គការអន្តរជាតិខាងការងារ (ILO) បានកោតសរសើរដល់ប្រទេសកម្ពុជា ដែលមានគំនិតផ្តួចផ្តើមក្នុងការរៀបចំឱ្យមានការធ្វើចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់ពលករទេសន្តរប្រវេសន៍នៅក្នុងតំបន់អាស៊ាន។

ការកោតសរសើរនេះធ្វើឡើងក្នុងសិក្ខាសាលាអាស៊ានពិគ្រោះយោបល់លើកទី២ អំពីគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើជាម្ចាស់ផ្ទះរៀបចំ។

គេហទំព័រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា៖ «តំណាងពីស្ថាប័ននៃរដ្ឋសមាជិកអាស៊ាន បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានរៀបចំសិក្ខាសាលាលើកទី២ នៅខេត្តសៀមរាប និងការទទួលបដិសណ្ឋាកិច្ចដ៏កក់ក្តៅដល់គណៈប្រតិភូអាស៊ាន និងអ្នកចូលរួមទាំងអស់ ជាពិសេស គណៈប្រតិភូអាស៊ាន រួមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានកោតសរសើរដល់កម្ពុជា ដែលមានគំនិតផ្តួចផ្តើមរៀបចំឱ្យមានការធ្វើចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន»។

សិក្ខាសាលាអាស៊ាននេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានអ្នកចូលរួមសរុបប្រមាណ ៨០នាក់ ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

អ្នកចូលរួម រួមមានតំណាងគណៈកម្មការអាស៊ានសម្រាប់អនុវត្តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ (ACMW), សមាគមសន្តិសុខសង្គមអាស៊ាន (ASSA), តំណាងនិយោជក, តំណាងកម្មករនិយោជិត និងអង្គការសង្គមស៊ីវិល នៃរដ្ឋសមាជិកអាស៊ាន, សហព័ន្ធនិយោជកអាស៊ាន (ACE), ក្រុមប្រឹក្សាសហជីពអាស៊ាន (ATUC), លេខាធិការដ្ឋានអាស៊ាន (ASEC), អង្គការ ILO និងប្រទេសទីម័រខាងកើតដែលចូលរួមជាអ្នកសង្កេតការណ៍។

សិក្ខាសាលានេះមានគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ និងឯកភាពលើសេចក្តីព្រាងចុងក្រោយនៃគោលការណ៍ណែនាំអាស៊ាន សម្រាប់ការពិគ្រោះយោបល់ និងការអនុម័តចុងក្រោយ ដោយគណៈកម្មការអាស៊ានលើការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ (ACMW)។

ជាលទ្ធផល អង្គសិក្ខាសាលាបានពិភាក្សា និងផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយទៅលើសេចក្តីព្រាងគោលការណ៍ណែនាំនេះ។

គេហទំព័រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការនៅបរទេស ក៏ដូចជាពលករបរទេសដែលធ្វើការដោយស្របច្បាប់នៅកម្ពុជា។

ការបង្កើតគោលការណ៍ណែនាំអាស៊ាន ជាមួយនឹងសេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន នេះគឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។

គោលការណ៍នេះនឹងដើរតួជាឯកសារមូលដ្ឋានដ៏មានសារៈសំខាន់ ក្នុងការឈានទៅសម្រេចបាននូវចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រមុខរដ្ឋអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍ដែលអនុម័តដោយប្រមុខរដ្ឋអាស៊ាននេះបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងឯកច្ឆន្ទភាពអាស៊ានថា ដោយអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយ ជាតិ ប្រទេសទទួលពលករទេសន្តរប្រវេសន៍នឹងផ្តល់ឱ្យទទួលពលករទេសន្តរប្រវេសន៍នូវលទ្ធភាពទទួលបានការថែទាំសុខភាពគ្រប់គ្រាន់, ប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងទៀត, ការព្យាបាលដោយយុត្តិធម៌ និងកន្លែងស្នាក់នៅគ្រប់គ្រាន់ ឬសមរម្យ។

សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តនៅក្នុងឯកច្ឆន្ទភាពអាស៊ានថា ប្រទេសបញ្ជូនពលករទេសន្តរប្រវេសន៍នឹងធានានូវសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ដែលត្រឡប់មកប្រទេសកំណើតវិញក្នុងការទទួលបានសេវាសម្រាប់ពួកគេ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ ស្របតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ ប្រមុខរដ្ឋអាស៊ានក៏បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាព និងសក្តានុពលឆ្ពោះទៅរកចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន ស្របតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិរបស់ប្រទេសសមាជិកអាស៊ាននីមួយៗ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.