ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហ៊ុន ម៉ានីបានគូសបញ្ជាក់ថា ក្នុងតួនាទីបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្រសួងមុខងារសាធារណៈ កំពុងបំពេញបេសកកម្មលើរបត់ថ្មី ជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ទាំងការអនុវត្តការងារស្នូលប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈដ៏ស្រួចស្រាវ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថាកិច្ចការទាំងអស់នេះទាមទារឱ្យយើងទាំងអស់គ្នា សម្របខ្លួនឱ្យបាន ហើយឱ្យកាន់តែឆាប់រហ័សជាមួយល្បឿនការងារ ទំហំការងារដែលកាន់តែធំ ក៏ដូចជាស្តង់ដារនៃរបៀបរបប វិជ្ជាជីវៈការងារកាន់តែខ្ពស់ ជាពិសេស ស្របពេលដែលចង្វាក់នៃការប្រកួតប្រជែងជាសាកល ទាំងកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ នយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា កំពុងមានភាពពុះកញ្ជ្រោលខ្លាំង។

ឯកឧត្តម បានបន្ថែមថា បេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ដែលបាននិងកំពុងធ្វើនាពេលនេះ មិនមែនជារឿងបុគ្គល ឬជារឿងស្ថាប័នដោយឡែកនោះទេ តែនេះជាបេសកកម្មដែលមានភាពប្រទាក់ក្រឡាគ្នានៃសង្គមកម្ពុជា ដ្បិតថាយើងកំពុងតែចូលរួមអភិវឌ្ឍ កសាងពូនជ្រុំអនាគតប្រទេសជាតិចេញពីវិស័យនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលេចថា យើងទាំងអស់គ្នាកំពុងធានាឱកាសនៃវិបុលភាពសម្រាប់អ្នកជំនាន់ក្រោយឱ្យបានកាន់តែល្អប្រសើរ។ ជារួម យើងអាចនិយាយបានថា «យើងកំពុងបំពេញការងារផង និងកំពុងចូលរួមកសាងខឿនដឹកនាំប្រទេសសម្រាប់អ្នកជំនាន់ក្រោយ ចេញពីវិស័យមុខងារសាធារណៈផង»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.