ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ ស៊ុនហ៊ុយ ចំពេលដែលមានកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានជួបជាមួយលោកស្រី ចូ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានសង្ខេបអំពីលទ្ធផលនៃកិច្ចពិភាក្សារបស់លោកស្រីជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ នៅមួយថ្ងៃមុននោះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

លោកស្រី ចូ បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីរយៈពេល ៣ថ្ងៃតាមការអញ្ជើញរបស់លោក ឡាវរ៉ូវ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលដែលមានកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ដោយប្រទេសកូរ៉េខាងជើងបានផ្តល់សព្វាវុធដល់ប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការដែលប្រទេសរុស្ស៊ីផ្តល់ជំនួយបច្ចេកទេសសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ក្នុងអំឡុងកិច្ចពិភាក្សាជាមួយលោកស្រី ចូ លោក ឡាវរ៉ូវ បានសម្តែងការពេញចិត្តចំពោះការគាំទ្ររបស់ទីក្រុងព្យុងយ៉ាងទៅលើអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែន ខណៈដែលលោកស្រី ចូ បាននិយាយថា ប្រទេសកូរ៉េខាងជើងនឹងបំពេញឱ្យបានហ្មត់ចត់នូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលកាលពីខែកញ្ញា រវាងលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមានបំណងអភិវឌ្ឍភាពជាដៃគូរបស់ខ្លួនជាមួយកូរ៉េខាងជើងលើគ្រប់វិស័យ ដោយហៅប្រទេសកូរ៉េខាងជើងថាជា «អ្នកជិតខាង» និងជា «ដៃគូ»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ ក៏បាននិយាយផងដែរថា ទីក្រុងមូស្គូសង្ឃឹមសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងដែលនឹងប្រព្រឹត្តទៅនៅក្នុងពេល «អនាគតដ៏ខ្លីខាងមុខ» ដោយលោកបាននិយាយបន្ថែមថា ការសម្របសម្រួលបន្ថែមទៀត រួមទាំងកាលបរិច្ឆេទនឹងត្រូវបានពិភាក្សាតាមរយៈបណ្តាញការទូត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅមិនទាន់រាយការណ៍អំពីជំនួបរវាងលោក ពូទីន និងលោកស្រី ចូ នៅឡើយទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.