នៅសាលប្រជុំរំដួល នាទីស្តីក្រសួង នៅថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ជា ប្រធានអាជ្ញាធរ ទន្លេ សាប បាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំវាយតម្លៃការអនុវត្តផែនការ សកម្មភាព ការងារ ប្រចាំឆ្នាំ២០២៣ ពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញា ធរ ទន្លេ សាប និងលើកទិសដៅ បន្ត អនុវត្តឆ្នាំ ២០២៤ ដោយ មានការចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តម អគ្គលេខាធិការ អគ្គលេខា ធិការរង លោក ប្រធាននាយកដ្ឋាន លោក លោកស្រី និងមន្ត្រីរាជការ នៃ អាជ្ញាធរ ទន្លេ សាប ទាំង អស់ ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី ប្រធានអាជ្ញាធរទន្លេសាប បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និង ស្វាគមន៍ ចំពោះ ឯកឧត្តម លោក លោកស្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ ចូលរួមក្នុង កិច្ចប្រជុំ ដ៏ មាន សារសំខាន់ នារសៀលនេះ។   ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែង បំពេញ តួនាទី ភារកិច្ច ចុះ អនុវត្ត សកម្មភាពការងារ រយៈពេល ១ឆ្នាំកន្លងទៅនេះ ប្រកបដោយស្មារតី ទទួល ខុសត្រូវ ខ្ពស់ បើទោះបី ឆ្នាំ ២០២៣ ប្រទេសកម្ពុជា ទើបឆ្លងផុត ពីវិបត្តិជំងឺកូវីត ១៩ និង វិបត្តិសង្រ្គាម នៅតាម បណ្តា ប្រទេស មួយចំនួន ដែល បានធ្វើឱ្យ សេដ្ឋកិច្ច នៅ ទូទាំង សាកលលោក ធ្លាក់ចុះខ្លាំង ក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃ នេះគឺ ដើម្បីពិនិត្យ តាមដានពី វឌ្ឍនភាពការងារ និង សមិទ្ធផល សម្រេចបាន ព្រមទាំង ស្វែងរកបញ្ហាប្រឈម និង ដំណោះស្រាយ ដើម្បីលើកទិសដៅ និង រៀបចំ ផែនការសកម្មភាពការងារសម្រាប់ អនុវត្តឆ្នាំ២០២៤ ដោយ អនុលោមតាមផែនការយុទ្ធសាស្រ្ត ៥ឆ្នាំរំកិល ២០២៤ -២០២៨ របស់ អាជ្ញាធរទន្លេសាប ស្របតាមអាណត្តិថ្មីនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ជា ពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។   ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបាន បង្ហាញនូវការជឿជាក់ថា ឯកឧត្តម លោក លោកស្រី ជាទីប្រឹក្សា និង ប្រធាននាយកដ្ឋាន ទាំងអស់នឹងចូលរួមយ៉ាងសកម្ម ពិនិត្យ ពិភាក្សា លើលទ្ធផល បញ្ហាប្រឈម ដំណោះ ស្រាយ និងសំណូម នានា តាមរយៈការធ្វើ បទបង្ហាញ ដើម្បីឱ្យ កិច្ចប្រជុំទទួលបានលទ្ធផលជា ផ្លែផ្កាតាមការ រំពឹង ទុក ជាពិសេស ទិសដៅ និងផែនការបន្ត អនុវត្ត របស់អាជ្ញាធរទន្លេសាបសម្រាប់ឆ្នាំ ២០២៤។

សូមជម្រាប ថា អាជ្ញាធរទន្លេសាប ជាអង្គភាពថ្នាក់ ជាតិដែលមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្រប សម្រួល ក្នុង ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាបឱ្យមានប្រសិទ្ធភាព ដើម្បីធានា បាន នូវ ផលប្រយោជន៍ ប្រកបដោយនិរន្តរភាព។ ដោយ ចាប់បង្កើតឡើងក្នុងឆ្នាំ២០០៧ អាជ្ញាធរអាងទន្លេសាប បានប្តូរឈ្មោះ ជា អាជ្ញា ធរ ទន្លេសាប វិញក្នុងឆ្នាំ២០០៩ ។ អាជ្ញា ធរ ទន្លេសាបបានដើរតួនាទីជា សេនាធិការ ឱ្យ រាជរដ្ឋាភិបាល ដែល មាន អាណត្តិការងារក្នុងកា រ សម្របសម្រួលដល់ការគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍន៍ តំបន់ទន្លេសាប។  អគ្គលេខា ធិការដ្ឋានអាជ្ញាធរ ទន្លេសាបមាននាយកដ្ឋានចំនួន៤ និងការិយាល័យ ចំនួន ១៤ ចំណុះឱ្យ នាយកដ្ឋាន។ នាយកដ្ឋាន ទាំង៤ ដែលជាសេនាធិការ មាន ៖ នាយកដ្ឋាន រដ្ឋបាល ផែនការ និង សហប្រតិបត្តិការ នាយកដ្ឋាន ធនធានធម្មជាតិ នាយកដ្ឋាន ត្រួតពិនិត្យ ការធ្វើអាជីវកម្ម និង អភិរក្ស នាយកដ្ឋាន នីតិកម្ម និងផ្សព្វផ្សាយ។   គួរបញ្ជាក់ថា បឹងទន្លេសាប ជាបឹង ទឹកសាបធម្មជាតិ ធំជាងគេបំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និង ជា មរតក សម្បត្តិ ធនធានធម្មជាតិ របស់ ប្រទេសកម្ពុជាដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើ ផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ។ បឹងទន្លេសាបមានទំនាក់ទំនង ជាមួយទន្លេមេគង្គ តាមរយៈទន្លេសាប ដែលជាប្រព័ន្ធ ផ្លូវ ទឹកមួយដ៏សំខាន់ ក្នុងការទទួលឥទ្ធិពល របបទឹកពីទន្លេ មេគង្គ ។ បឹងទន្លេសាបជាប្រព័ន្ធ អេកូឡូស៊ី ធម្មជាតិ ប្រកបដោយសក្តានុពលក្នុងការផ្តល់នូវផលិតភាពខ្ពស់ និងផ្គត់ផ្គង់នូវប្រូតេអ៊ីន បាន ៦០% សម្រាប់ ប្រជាជន កម្ពុជា និងជាទីកន្លែងជម្រកដ៏សំខាន់នៃជីវចម្រុះគ្រប់ប្រភេទ ដែលអាចជួយទ្រទ្រង់ដល់ ផលិត ភាព ត្រី ស្រូវ កសិកម្ម និងធនធានដីសើមដ៏ច្រើន។ ជាពិសេសបានដើរតួនាទី យ៉ាង សំខាន់ ក្នុង ការលើកកម្ពស់ ដល់សន្តិសុខស្បៀង និង ផ្គត់ផ្គង់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ទូទាំងប្រទេស៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.