ក្រុមមន្ត្រីរុស្សុី នៅថ្ងៃសុក្រ ទី១៨ ខែសីហានេះបាននិយាយថាប្រព័ន្ធការពារដែនអាកាស បានបាញ់កម្ទេចយន្ដហោះដ្រូនមួយគ្រឿងរបស់អ៊ុយក្រែន លើ ទីក្រុងមូស្គូ នៅចំពោះមុខការកើនការវាយប្រហារដោយយន្ដហោះដ្រូនលើរដ្ឋធានីមួយនេះ។
ក្រសួងការពារជាតិរុស្សុី បានឱ្យដឹងថាអ៊ុយក្រែនបានបើកការវាយប្រហារនៅម៉ោងប្រហែលជា ៤៖០០នាទីព្រឹក ថ្ងៃសុក្រនេះ ដោយប្រើប្រាស់យន្ដហោះដ្រូន វាយប្រហារលើគោលដៅក្នុងទីក្រុងមូស្គូ និងតំបន់មូស្គូ។ ក្នុងសារមួយបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ីបន្ថែមថាយន្ដហោះដ្រូននេះបានប្ដូរទិសដៅ ហោះហើរ បន្ទាប់ពីត្រូវបានចាប់សញ្ញាដោយប្រព័ន្ធការពារដែនអាកាស ហើយត្រូវបានកម្ចេច និងបានធ្លាក់លើអគារមួយក្នុងសង្កាត់ ក្រាស្នូប្រេស្និនកាយ៉ា (Krasnopresnenskaya) នៃទីក្រុងមូស្គូ។
បើតាមអភិបាលក្រុងមូស្គូ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬស្លាប់នោះទេ ហើយក៏មិនមានការខូចខាតធំដុំអ្វីនោះដែរ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន TASS ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីរុស្សុី បាននិយាយថាជញ្ជាំងមួយនៃសាលពិព័រណ៍មួយ (Expo Center) បានបាក់រលំមួយផ្នែកប្រហែលទំហំ ៣០ម៉ែត្រក្រឡា។
គួរបញ្ជាក់ថា នៅមុននេះបន្តិច ក្រសួងការពារជាតិរុស្ស៉ី ក៏បានអះអាងផងដែរថានាវាចម្បាំងរុស្សុី ២គ្រឿង បានបាញ់កម្ទេចដ្រូនក្រោមទឹកមួយគ្រឿងរបស់អ៊ុយក្រែន នៅក្បែរតំបន់គ្រីមៀ។ នារយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ទីក្រុងមូស្គូ និងតំបន់គ្រីមៀបានរងការវាយប្រហារដោយយន្ដហោះដ្រូនជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថាសង្រ្គាមកំពុងវិលត្រឡប់ចូលទៅក្នុងទឹកដីរុស្សុីវិញ៕
ប្រភព៖ Fresh News