វាគ្មិនកិត្តិយស៖ លោក TANINAI Ichitomo អនុប្រធានបេសកម្មនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ
សំណួរទី១៖ ជាបឋម តាមទស្សនៈរបស់ (វាគ្មិន) តើ (វាគ្មិន) កំណត់អត្ថន័យយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងពិភពលោកបច្ចុប្បន្នដោយរបៀបណា? ហេតុអ្វីបានជាតំបន់មានសក្ដានុពល និងឥទ្ធិពលខ្លាំងដូចនេះ?
ថ្មីៗនេះ ប្រទេសកាន់តែច្រើន បានបង្កើតចក្ខុវិស័យរៀងៗខ្លួននៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទាំងនេះរួមមានចក្ខុវិស័យរបស់ជប៉ុនក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) ព្រមទាំងទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន (AOIP) និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ ចំនួននៃយុទ្ធសាស្ត្រផ្សេងៗគ្នា ដែលបានកើតឡើងនេះ បង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងខាងផ្នែកពិភាក្សាការទូតលើតំបន់នេះ។
តាមទីតាំងភូមិសាស្ត្រ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គ្របដណ្តប់តំបន់ធំទូលាយជុំវិញមហាសមុទ្រទាំងពីរ ដូចនៅក្នុងឈ្មោះ។ វាលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិក ឆ្លងកាត់ទ្វីបអាស៊ី និងមហាសមុទ្រឥណ្ឌា រហូតដល់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។ នៅក្នុងតំបន់ដ៏ធំនេះ មានប្រជាជាតិ និងកោះរាប់រយ ហើយជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោករស់នៅក្នុងនោះ។ ជាការពិតណាស់ បណ្តាប្រទេសអាស៊ានមានទីតាំងនៅចំកណ្តាល នៃតំបន់នេះ។
វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា ប្រទេសភាគច្រើននៅក្នុងតំបន់នេះ មានវ័យនៅក្មេង ប៉ុន្តែកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសក្តានុពលដ៏ខ្លាំងក្លាសម្រាប់កំណើនទៅអនាគត។ យើងអាចសំដៅទៅលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកជាស្នូលនៃភាពរឹងមាំរបស់ពិភពលោក ព្រោះវាជាគន្លឹះនៃវិបុលភាពសកល។
ម្យ៉ាងវិញទៀត ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានកើនឡើងរវាងប្រទេសកំពុងងើបឡើង និងប្រទេសមានអំណាច តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានក្លាយទៅជាសង្វៀនសម្រាប់ការប្រកួតប្រជែងអំណាច ហើយជាលទ្ធផល យើងឃើញមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងតុល្យភាពអំណាចក្នុងតំបន់។
តំបន់នេះក៏ប្រឈមមុខនឹងការគម្រាមកំហែងជាច្រើនទៀតផងដែរ ដូចជាចោរកម្មតាមសមុទ្រ អំពើភេរវកម្ម ការរីកសាយភាយនៃអាវុធប្រល័យលោក គ្រោះមហន្តរាយធម្មជាតិ ការបំផ្លាញបរិស្ថាន និងការនេសាទខុសច្បាប់។
ដូចបានលើកឡើងខាងលើពីសក្តានុពលសេដ្ឋកិច្ច និងបញ្ហាប្រឈមផ្នែកសន្តិសុខ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាបាននូវសន្តិភាព និងវិបុលភាពក្នុងតំបន់ និងលើសពីនេះ ព្រមទាំងនាំមកនូវស្ថិរភាព និងវិបុលភាពដល់គ្រប់ប្រទេសក្នុងតំបន់។
FOIP របស់ជប៉ុន គឺជាចក្ខុវិស័យដែលស្វែងរកការបង្កើតសណ្តាប់ធ្នាប់ដោយសេរី និងបើកចំហនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយផ្អែកលើនីតិរដ្ឋ រួមជាមួយការគាំទ្រមជ្ឈិមភាព និងសាមគ្គីភាពរបស់អាស៊ាន។ សំខាន់ណាស់ គឺជប៉ុនស្វាគមន៍ប្រទេសណាដែលចែករំលែក ឬគាំទ្រគំនិតនេះ ដោយជប៉ុនគឺរីករាយនឹងធ្វើការជាមួយពួកគេ។
សម្រាប់ប្រទេសជប៉ុន សារៈសំខាន់នៃទិដ្ឋភាពរួមនៃមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក មិនមែនជាការច្នៃប្រឌិតថ្មីៗនោះទេ។ គោលគំនិតនៃ FOIP ត្រូវបានកំពុងអភិវឌ្ឍអស់ជាច្រើនឆ្នាំ ហើយមហាសមុទ្រទាំងពីរនេះតែងតែមានសារៈសំខាន់សម្រាប់ប្រទេសជប៉ុន។ ប្រភពដើមនៃគោលគំនិតនៃ FOIP អាចត្រូវបានរកឃើញតាំងពីឆ្នាំ ២០០៧ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ទៅកាន់ប្រទេសឥណ្ឌា នៅពេលដែលគាត់បានថ្លែងសុន្ទរកថាដែលមានចំណងជើងថា “The Confluence of two Seas (ចំណុចប្រសព្ធនៃសមុទ្រពីរ”។ បន្ទាប់មកគាត់បានបង្ហាញពីចក្ខុវិស័យរបស់ប្រទេសជប៉ុនសម្រាប់ FOIP ជាផ្លូវការនៅក្នុងសុន្ទរកថាគន្លឹះរបស់គាត់នៅឯ The Sixth Tokyo International Conference on Africa’s Development (TICAD VI) ក្នុងទីក្រុងណៃរ៉ូប៊ីក្នុងខែសីហាឆ្នាំ ២០១៦ ។
នៅក្នុងសុន្ទរកថានោះ លោកនាយករដ្ឋមន្ត្រី អាបេ បានចង្អុលបង្ហាញពីសារៈសំខាន់នៃផ្លូវសមុទ្រដែលតភ្ជាប់អាស៊ី និងអាហ្រ្វិកឆ្លងកាត់មហាសមុទ្រទាំងពីរ ដែលជាគន្លឹះក្នុងការនាំមកនូវស្ថិរភាព និងវិបុលភាពដល់សហគមន៍អន្តរជាតិ។ ហើយនេះនៅតែជាចក្ខុវិស័យរបស់ FOIP ដែលប្រទេសជប៉ុនកំពុងធ្វើសម្រាប់ថ្ងៃនេះ។
សំណួរទី២៖ ដោយសារប្រទេសជប៉ុនជារដ្ឋដំបូងគេដែលផ្តួចផ្តើមបង្កើតគំនិតនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ តើជប៉ុនមានចក្ខុវិស័យអ្វីខ្លះសម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ? តើ (វាគ្មិន) មើលឃើញថាមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់រដ្ឋក្នុងតំបន់ និងរដ្ឋក្រៅតំបន់ផងដែរ?
សម្រាប់ប្រទេសជប៉ុន យើងឃើញសមានសសរស្តម្ភធំៗចំនួនបី ដែលរក្សាចក្ខុវិស័យរបស់ FOIP ៖
សសរស្តម្ភទីមួយគឺ៖ ការលើកកម្ពស់គោលការណ៍មូលដ្ឋានរបស់សហគមន៍អន្តរជាតិ ដែលរួមមាននីតិរដ្ឋ សេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មសេរី។
សសរស្តម្ភទីពីរគឺ៖ ការស្វែងរកវិបុលភាពសេដ្ឋកិច្ចតាមរយៈការពង្រឹងការតភ្ជាប់ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រកបដោយគុណភាព។
សសរស្តម្ភទី៣គឺ៖ ការប្តេជ្ញាចិត្តទៅលើសន្តិភាព និងស្ថិរភាព។ ដោយវានឹងសម្រេចបានតាមរយៈគំនិតផ្តួចផ្តើម ការកសាងសមត្ថភាពដែលផ្តោតលើការអនុវត្តច្បាប់ដែនសមុទ្រ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការប្រឆាំងចោរកម្មតាមសមុទ្រ និងការមិនរីកសាយភាយនុយក្លេអ៊ែរ ជាដើម។
នោះគឺជាទិដ្ឋភាពទូទៅនៃចក្ខុវិស័យរបស់ប្រទេសជប៉ុនសម្រាប់ FOIP ។ ឥឡូវនេះខ្ញុំចង់គូសបញ្ជាក់ពីទិដ្ឋភាពជាក់ស្តែងបន្ថែមទៀតនៃ FOIP ។
FOIP គឺជាការគាំទ្រទៅលើតុល្យភាពរវាងគោលការណ៍មូលដ្ឋាន និងសកម្មភាពជាក់ស្តែង។ គោលការណ៍ និងសកម្មភាពគឺមិនអាចបំបែកបាន។ យើងជឿថាវាមានសារៈសំខាន់ណាស់ក្នុងការដាក់កម្មវត្ថុទាំងពីរឱ្យនៅជាមួយគ្នា។
នោះហើយជាមូលហេតុដែលប្រទេសជប៉ុនបានចូលរួមក្នុងគម្រោង Official Development Assistance (ODA) ដ៏ធំទូលាយ ក៏ដូចជាការលើកកម្ពស់ពាណិជ្ជកម្មសេរី និងការវិនិយោគឯកជននៅក្នុងតំបន់ ស្របពេលជាមួយគ្នានេះ យើងកំពុងលើកកម្ពស់គោលការណ៍មូលដ្ឋានដែលលើកកម្ពស់នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស និងពាណិជ្ជកម្មសេរី ជាដើម។
នៅក្នុងប្រទេសកម្ពុជា គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនកំពុងត្រូវបានអនុវត្ត ដើម្បីបង្កើនការតភ្ជាប់។ ជាឧទាហរណ៍ ការសាងសង់ស្ពានអ្នកលឿង (ស្ពាន Tsubasa) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ដើម្បីអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដែលតភ្ជាប់ប្រទេសវៀតណាម កម្ពុជា ថៃ និងប្រទេសលើសពីនេះ បានបញ្ចប់រួចរាល់ហើយ។ ប្រទេសជប៉ុនក៏កំពុងគាំទ្រដល់ការអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ ដើម្បីអាចបំពេញតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលភ័ស្តុភារដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងតំបន់មេគង្គកាន់តែទូលំទូលាយ។ ជាងនេះទៅទៀត ទាក់ទងនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មេគង្គ ប្រទេសជប៉ុនកំពុងធ្វើការជាមួយដៃគូផ្សេងទៀត រួមមានសហរដ្ឋអាមេរិក និងអូស្ត្រាលី ដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ទៅវិញទៅមកទូទាំងតំបន់។
ការអភិវឌ្ឍបរិយាកាសធុរកិច្ច និងការវិនិយោគដ៏គួរឱ្យទាក់ទាញ គឺជាគន្លឹះមួយដើម្បីភាពរុងរឿង និងស្ថិរភាពសេដ្ឋកិច្ច។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ យើងបានបើកកិច្ចប្រជុំវិស័យសាធារណៈ និងឯកជន កម្ពុជា-ជប៉ុន ហើយរហូតមកដល់ពេលនេះ យើងបានប្រារព្ធឡើងជាង២០វគ្គ ដើម្បីពិភាក្សា និងឯកភាពគ្នាលើមធ្យោបាយធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែមានភាពអំណោយផលដល់អ្នកវិនិយោគបរទេស។ នៅក្នុងកិច្ចប្រជុំនេះ តំណាងរដ្ឋាភិបាល និងវិស័យឯកជនបានពិភាក្សាអំពីបញ្ហាប្រឈមនានា រាប់ចាប់ពីប្រព័ន្ធពន្ធ និងគយ រហូតដល់ការអភិវឌ្ឍន៍ធនធានមនុស្ស។ យើងមានទំនុកចិត្តថាកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះកំពុងរួមចំណែកដល់ការផ្តល់នូវលទ្ធផលជាក់ស្តែង។
ប្រទេសជប៉ុនក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកកម្ពស់ពាណិជ្ជកម្មសេរី ដែលជាកត្តាសំខាន់មួយនៃសសរស្តម្ភទីមួយនៃ FOIPរបស់ជប៉ុន ។ ប្រទេសជប៉ុន គឺជាអ្នកផ្សព្វផ្សាយដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់(RCEP), the Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) និង ASEAN-Japan Comprehensive Economic Partnership (AJCEP) ។ តាមពិតទៅ ខ្លួនខ្ញុំផ្ទាល់បានចូលរួមក្នុងការចរចា CPTPP ជាសហប្រធានសម្រាប់ក្រុមការងារច្បាប់ CPTPP ក្នុងឆ្នាំ ២០១៧ និង Economic Partnership Agreements (EPAs) ផ្សេងៗទៀត។ យើងសង្ឃឹមថា RCEP នឹងរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្មសេរី យុត្តិធម៌ និងបរិយាកាសវិនិយោគកាន់តែប្រសើរឡើងនៅទូទាំងតំបន់ទាំងមូល។ បើសរុបមក វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាសណ្តាប់ធ្នាប់ដែនសមុទ្រដោយសេរី និងបើកចំហ។
សំណួរទី៣៖ ហេតុអ្វីបានជាមហាអំណាច និងមហាអំណាចដែលកំពុងងើបឡើងពេលនេះ ពិចារណាឡើងវិញ និងផ្តោតលើគោលនយោបាយការបរទេសរបស់ពួកគេចំពោះតំបន់?
យើង (ប្រទេសជប៉ុន) មិនអាចធ្វើការអត្ថាធិប្បាយលើការផ្លាស់ប្តូរនៃគោលនយោបាយរបស់ប្រទេសដទៃនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលខ្ញុំបានលើកឡើងមុននេះ មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិកតែងតែមានសារៈសំខាន់ចំពោះប្រទេសជប៉ុន។ សារៈសំខាន់នៃអន្តរ-ទិដ្ឋភាពនៃមហាសមុទ្រទាំងពីរ មិនមែនជាការច្នៃប្រឌិតថ្មីៗនោះទេ។ សម្រាប់ប្រទេសជប៉ុន គំនិតនៃ FOIP ត្រូវបានអភិវឌ្ឍជាច្រើនឆ្នាំណាស់មកហើយ។
នេះពាក់ព័ន្ធជាពិសេសចំពោះអាស៊ាន ដែលមានទីតាំងនៅកណ្តាលនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយជាគន្លឹះក្នុងការសម្រេចបានឱ្យបាននូវ FOIP ។ នៅឆ្នាំ ២០២៣ យើងនឹងប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ ប្រទេសជប៉ុននឹងបន្តជំរុញ និងគាំទ្រយុទ្ធសាស្ត្រសហប្រតិបត្តិការរឹងមាំ ដែលរួមចំណែកដល់ការសម្រេចបាននូវ FOIP និងទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន (AOIP) ហើយដែលចែករំលែកគោលការណ៍មូលដ្ឋានរបស់យើង ដើម្បីលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ជប៉ុន ឱ្យកាន់តែខ្ពស់ថែមទៀត។
សំណួរទី៤៖ អ្នកវិភាគមួយចំនួនបានលើកឡើងថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានគេមើលឃើញថាជាតំបន់យុទ្ធសាស្ត្រសម្រាប់ «មហាអំណាច» ហើយដូច្នេះវាបានក្លាយជាសមរភូមិរបស់ពួកគេក្នុងការប្រកួតប្រជែងសម្រាប់យុទ្ធសាស្ត្រសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងវិស័យផ្សេងៗទៀត។ ដូចបានលើកឡើងខាងលើ ការចាប់អារម្មណ៍នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយប្រទេសមហាអំណាច និងអំណាចកំពុងងើបឡើងបាននាំឱ្យមានការបង្កើតយុទ្ធសាស្រ្តមួយចំនួនដូចជា FOIP, Indo-Pacific Economic Framework for Prosperity (IPEF), Quadrilateral Security Dialogue (QUAD), សម្ព័ន្ធ AUKUS ជាដើម។ ក្នុងបរិបទនៃសម័យប្រកួតប្រជែងបច្ចុប្បន្នរវាងអាមេរិក និងចិន តើយុទ្ធសាស្ត្រទាំងនេះមានន័យយ៉ាងណាសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក? ហើយតើយុទ្ធសាស្ត្រទាំងអស់នេះនឹងមានឥទ្ធិពលយ៉ាងណាទៅលើរដ្ឋតូចៗ ដូចជាកម្ពុជា?
ជំនួសឱ្យការពិភាក្សាអំពីផលប៉ះពាល់នៃយុទ្ធសាស្ត្រផ្សេងៗគ្នាលើតំបន់ ខ្ញុំចង់លើកឡើងពីសារៈសំខាន់ជាសកលនៃច្បាប់អន្តរជាតិ ជាពិសេសច្បាប់សមុទ្រ សម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ព្រោះថាយុទ្ធសាស្ត្រទាំងនេះសុទ្ធតែទាក់ទងនឹងការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានអនុម័តក្នុងឆ្នាំ ១៩៨២ ។ UNCLOS គឺជាសំណុំនៃច្បាប់ដ៏ទូលំទូលាយមួយទាក់ទងនឹងសមុទ្រ ហើយវាត្រូវបានសំដៅជាញឹកញាប់ថាជា «រដ្ឋធម្មនុញ្ញនៃមហាសមុទ្រ» ។ ខណៈពេលដែលរដ្ឋមួយចំនួន រួមទាំងប្រទេសកម្ពុជា មិនទាន់បានផ្តល់សច្ចាប័នទៅលើវានោះ UNCLOS មានច្បាប់ជាច្រើនដែលចងស្របច្បាប់ នៅក្រោមទំនៀមទម្លាប់ជាច្បាប់អន្តរជាតិ សូម្បីតែរដ្ឋដែលមិនមែនជាភាគីនៃសន្ធិសញ្ញា ក៏ត្រូវគោរពតាមច្បាប់ទាំងនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ ការបកស្រាយច្បាប់នេះ ច្រើនតែធ្លាក់ទៅលើជម្លោះរវាងរដ្ឋនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថារដ្ឋមានសេរីភាពក្នុងការបកស្រាយច្បាប់ តាមតែពួកគេគិតនោះទេ។ រដ្ឋនីមួយៗតែងតែពន្យល់ពីការបកស្រាយរបស់ខ្លួនក្នុងលក្ខណៈស្របច្បាប់ ហើយត្រូវតែទទួលយកដំណើរការផ្លូវច្បាប់ និងការទូតដែលពាក់ព័ន្ធ។ សហគមន៍អន្តរជាតិត្រូវតែបដិសេធយ៉ាងម៉ឺងម៉ាត់នូវឥរិយាបទទាំងឡាយណាជាឯកតោភាគី ក្នុងការព្យាយាមដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយការប្រើកម្លាំង ឬមិនអើពើទៅលើគំនិតរបស់អ្នកដទៃ។ ទោះបីជាមានយុទ្ធសាស្ត្រផ្សេងៗគ្នាក៏ដោយ ការប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនេះគឺជាគន្លឹះនៃសន្តិភាព និងវិបុលភាពនៃប្រទេសនីមួយៗ រួមទាំងប្រទេសកម្ពុជាផងដែរ។
សំណួរទី៥៖ តើជប៉ុនអាចដើរតួនាទីដូចម្តេចខ្លះក្នុងការជួយតំបន់ឱ្យមានស្ថិរភាព និងវិបុលភាពកាន់តែប្រសើរ?
ដើម្បីស្ថិរភាព និងវិបុលភាពនៅទូទាំងតំបន់ ប្រទេសជប៉ុនបានចាត់ទុកថា ការលើកកម្ពស់នីតិរដ្ឋ ការលើកកម្ពស់គុណភាពជីវិត និងការធានាស្ថិរភាពដែនសមុទ្រ គួរតែត្រូវបានអនុវត្តទន្ទឹមគ្នានឹងការលើកកម្ពស់វិបុលភាពសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការតភ្ជាប់តំបន់ និងពាណិជ្ជកម្មសេរី។
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បានថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញាឆ្នាំនេះ ដែលលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់នីតិរដ្ឋនៅក្នុងសហគមន៍អន្តរជាតិ។
ប្រទេសជប៉ុនបាននឹងកំពុងធ្វើការជាមួយនឹងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។ ជាពិសេស គម្រោងអភិវឌ្ឍន៍ផ្នែកច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់ JICA បានដំណើរការអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយបានចូលរួមចំណែកក្នុងការតាក់តែងច្បាប់ជាមូលដ្ឋានសំខាន់ៗមួយចំនួន រួមទាំងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។
ម្យ៉ាងវិញទៀត ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនក្នុងតំបន់ទាំងអស់ គឺជារឿងចាំបាច់ ប្រសិនបើយើងចង់ទទួលបានវិបុលភាពកាន់តែប្រសើរឡើង។ ប្រជាជនក្នុងបណ្តាប្រទេសអាស៊ានសម្រេចបានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងកំឡុងទស្សវត្សចុងក្រោយនេះ ប៉ុន្តែពួកគេបានជួបប្រទះនឹងបញ្ហាប្រឈមនានាដូចជា ការរិចរិលនៃបរិស្ថាន ការកកស្ទះក្នុងទីក្រុង បញ្ហាសុខភាពសាធារណៈ សង្គមវ័យចំណាស់ បញ្ហាថាមពល និងគ្រោះមហន្តរាយធម្មជាតិ។ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ ប្រទេសជប៉ុនមានបទពិសោធន៍ច្រើនក្នុងការរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាទាំងនេះ។ ជាក់ស្តែង យើងឃើញមានគម្រោងជាច្រើនត្រូវបានគាំទ្រដោយប្រទេសជប៉ុនរួចហើយ ដែលមានបំណងលើកកំពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។ គម្រោងទាំងនោះរួមមានគម្រោងដែលទាក់ទងនឹងការគ្រប់គ្រងកាកសំណល់ ប្រព័ន្ធផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូ មន្ទីរពេទ្យ ការការពារទឹកជំនន់ និងប្រព័ន្ធលម្ហូទឹក និងប្រតិបត្តិការរថយន្តក្រុងសាធារណៈ។
ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពដែនសមុទ្រគឺមិនអាចខ្វះបាន សម្រាប់ភាពជោគជ័យនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ដើម្បីបញ្ចប់ចម្លើយនេះ យើងឃើញប្រទេសជប៉ុនកំពុងសហការជាមួយបណ្តាប្រទេសជាប់មាត់សមុទ្ររបស់អាស៊ាន ដើម្បីកសាងសមត្ថភាពនៅក្នុងស្ថាប័នសម្រាប់អនុវត្តច្បាប់ដែនសមុទ្រ តាមរយៈការផ្តល់ឧបករណ៍ និងការអភិវឌ្ឍធនធានមនុស្ស។ នៅកម្ពុជា ទូកល្បាតចំនួនពីរគ្រឿងដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនក្នុងឆ្នាំ ២០១៨ ត្រូវបានប្រើប្រាស់ដើម្បីការពារការរត់ពន្ធនៅសមុទ្រ និងតាមឆ្នេរសមុទ្រ។ ជប៉ុនចង់បន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះស្របពេលដែលគោរពកម្មសិទ្ធិរបស់ប្រទេសនីមួយៗ។
សំណួរទី៦៖ តើរដ្ឋក្នុងតំបន់អាចចាប់យកឱកាសនេះដោយរបៀបណា ដើម្បីចាប់បានផលប្រយោជន៍សកល និងសម្រេចបាននូវភាពរុងរឿងសម្រាប់ប្រទេសរបស់ពួកគេឆ្ពោះទៅមុខ?
កម្ពុជាបានសម្តែងការគាំទ្រចំពោះ FOIP របស់ប្រទេសជប៉ុន នាំមុខប្រទេសជាច្រើនទៀត នៅពេលដែលអតីតនាយករដ្ឋមន្ត្រី អាបេ បានស្នើគំនិតផ្តួចផ្តើមនេះជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងខែសីហា ឆ្នាំ ២០១៧។ ភ្លាមៗបន្ទាប់ពីនោះ សហរដ្ឋអាមេរិកបានបង្កើតយុទ្ធសាស្ត្រ FOIP របស់ខ្លួន។
បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើនយុទ្ធសាស្ត្រ FOIP របស់ខ្លួននៅឆ្នាំ ២០១៧យើងឃើញមានមានការប្រុងប្រយ័ត្នមួយចំនួនពីអាស៊ាន ដែលភាគច្រើនត្រូវបានជំរុញដោយការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន។ ការពិភាក្សាអំពី FOIP ក្នុងចំណោមរដ្ឋសមាជិកអាស៊ានបានធ្វើឡើង ដោយនៅខែមិថុនា ឆ្នាំ ២០១៩អាស៊ានបានប្រកាសអំពីទស្សនវិស័យអាស៊ាននៃឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) របស់ខ្លួន។
AOIP កំណត់ពីមជ្ឈិមភាព និងសាមគ្គីភាពរបស់អាស៊ាន នីតិរដ្ឋ ភាពបើកចំហ សេរីភាព តម្លាភាព និងបរិយាប័ន្ន ជាគោលការណ៍ណែនាំសម្រាប់សកម្មភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយវាចែករំលែកភាពស្រដៀងគ្នាជាច្រើនជាមួយ FOIP របស់ប្រទេសជប៉ុន។
មេដឹកនាំជប៉ុន និងអាស៊ាន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ថា AOIP និង FOIP ចែករំលែកគោលការណ៍ពាក់ព័ន្ធ និងគោលការណ៍មូលដ្ឋានសម្រាប់ការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងដៃគូទាំងពីរ។ ប្រទេសជប៉ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងកម្ពុជា ដើម្បីធានានូវកិច្ចសហប្រតិបត្តិការទូលំទូលាយ និងរឹងមាំ ដើម្បីសម្រេចបាននូវគោលបំណងរួមដែលមានចែងក្នុង FOIP និង AOIP ៕