វាគ្មិនកិត្តិយស៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ
កម្ពុជាគឺជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រកាសពីការគាំទ្ររបស់ខ្លួនទៅលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាយុទ្ធសាស្រ្តផ្ដួចផ្ដើមឡើងដោយប្រទេសជប៉ុនក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក។ យុទ្ធសាស្រ្ត FOIP ត្រូវបានផ្ដួចផ្ដើមក្នុងគោលបំណងចម្បងរបស់ប្រទេសជប៉ុនគឺប្រកួតប្រជែងជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចសម្ភាហស៍នេះ លោកបណ្ឌិត កា ម៉ាធុល បានពន្យល់ពីសាវតានៃការផ្ដួចផ្ដើមយុទ្ធសាស្រ្ត FOIP និងការប្រកាន់គោលជំហផ្សេងៗគ្នារបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយន៍ទៅលើយុទ្ធសាស្រ្តនេះ ក៏ដូចជាគោលនយោបាយការបរទេសរបស់ស.រ.អ. មកលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងរដ្ឋបាលរបស់លោក Joe Biden ផងដែរ។
សំណួរទី ១៖ តើអ្វីទៅជាយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ឬយុទ្ធសាស្រ្ត FOIP? តើប្រទេសជប៉ុនផ្ដួចផ្ដើមនូវយុទ្ធសាស្រ្តនេះឡើង ដោយផ្អែកលើគោលជំហរអ្វី និងមានគោលបំណងចម្បងអ្វីខ្លះ?
ខ្ញុំសូមលើកយកទិដ្ឋភាពប្រវត្តិសាស្ត្រប្រទេសជប៉ុនមកបន្តិច ដែលយើងឃើញថានៅក្រោយសង្គ្រាមលោកលើកទីពីរ ជប៉ុនបានចុះចាញ់នៃសង្គ្រាមលោក ហើយជប៉ុនមានគោលនយោបាយមួយគឺដំណើរឆ្ពោះទៅបស្ចឹមប្រទេស។ អញ្ចឹងមានន័យថាពេលដែលគាត់រៀបចំប្រទេសគាត់ឡើងវិញ ក្រោយពេលដែលប្រទេសគាត់ខ្ទេចខ្ទាំដោយសារតែសង្គ្រាមលោកទីពីរ ជាពិសេសបន្ទាប់ពីទទួលបាននូវគ្រាប់បែកបរមាណូពីរគ្រាប់ពីសហរដ្ឋអាមេរិក លោកបានកសាងប្រទេសគាត់គឺងាកទៅចុះចូលនិង
បស្ចឹមប្រទេស ហើយពេលនោះគាត់បានបញ្ចូនបញ្ញាវន្តរបស់គាត់ទៅសិក្សានូវឯបស្ចឹមប្រទេស មានទាំងប្រទេសនៅឯសហរដ្ឋអាមេរិក ហើយនិងនៅប្រទេសមួយចំនួននៅក្នុងសហភាពអ៊ឺរ៉ុបជាដើម។ ក្រោយមកការវិនិយោគរបស់ជប៉ុនក៏បានផ្តោតទៅលើតែបស្ចឹមប្រទេស ដើម្បីបានជាចំណូលច្រើនយកមកអភិវឌ្ឍន៍ប្រទេសគាត់ផង និងជាសំណងនៃការខូចខាតពីសង្គ្រាម ដែលបន្សល់ក្នុងសម័យសង្គ្រាមលោកលើកទីពីរ។ ចំណុចនេះយើងបានឃើញថាការភ្លេចគិតរបស់ជប៉ុន នៅក្នុងតំបន់អាស៊ី វាហាក់ដូចជាឱ្យប្រទេសចិននោះចាប់ផ្តើមប្រមូលបណ្តាប្រទេសជុំវិញអាស៊ីមកជិតខ្លួនកាន់តែច្រើនទៅៗ។ ឥណ្ឌាឃើញចិនធ្វើបែបនេះក៏ចាប់ផ្តើមងាកមកអាស៊ីដូចជាចិនអញ្ចឹងដែរ ប៉ុន្តែនៅក្នុងឆ្នាំ១៩៩០ ជប៉ុនបានភ្ញាក់ខ្លួនក៍ងាកមកតំបន់អាស៊ីដូចចិននិងឥណ្ឌាដែរ។ រហូតមកដល់ឆ្នាំ២០១៣ នៅក្នុងអាណត្តិរបស់លោក Shinzo Abe ក៏បានលើកចក្ខុវិស័យមួយសម្រាប់ប្រទេសជប៉ុនគឺហៅថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហនេះ (Free and Open Indo-Pacific Strategy) ដើម្បីធ្វើយ៉ាងមិច មានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសចិននៅក្នុងតំបន់។ អញ្ចឹងយើងឃើញថា នៅពេលដែលគាត់ចាប់ផ្តើមចេញជាយុទ្ធសាស្ត្រ គោលបំណងរបស់គាត់ច្បាស់លាស់ហើយគឺគាត់ចាប់ផ្តើមប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកយើងហ្នឹង ដែលគាត់ក៏ចង់បានប្រទេសច្រើនគាំទ្រនៅគោលនយោបាយរបស់គាត់។ ក៏ប៉ុន្តែក្នុងពេលដែលគាត់ចាប់ផ្តើមធ្វើ យុទ្ធសាស្រ្តនេះគឺជាគោលនយោបាយរបស់បស្ចឹមប្រទេសសុទ្ធសាធ។ បន្ទាប់ពីលោក Donald Trump បានក្លាយជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ លោកបានប្រកាសទទួលស្គាល់ជាផ្លូវការឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហនេះ ដែលសព្វថ្ងៃនេះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហត្រូវបានគេទទួលស្គាល់ជាផ្លូវការ ហើយគោលដៅរបស់គាត់គឺធ្វើយ៉ាងមិចឱ្យតំបន់នេះមានការប្រកួតប្រជែង ឱ្យតំបន់នេះក្លាយទៅជាការបើកចំហដោយមានសេរីភាព ហើយឱ្យតំបន់នេះក្លាយទៅជាកន្លែងលំហូរពាណិជ្ជកម្មដោយសេរី និងមានការបើកចំហផ្នែកវប្បធម៌ ហើយចង់ឱ្យតំបន់នេះក្លាយទៅជាកន្លែងសម្រាប់តភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយ ដើម្បីក្លាយទៅជាការលំហូនៃពាណិជ្ជកម្ម ជាពិសេសចង់ឱ្យតំបន់នេះក្លាយទៅជាតំបន់សន្តិភាពផងដែរ។ ហើយគោលដៅឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ចង់ឱ្យតំបន់នេះក្លាយទៅជាផ្ទះដែលមានសុខដុមនីយកម្មរបស់ប្រជាជននៅក្នុងតំបន់។
សំណួរទី ២៖ កម្ពុជាជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានទទួលស្គាល់និងគាំទ្រដល់យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហមួយនេះ។ ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាសម្រេចគាំទ្រដល់យុទ្ធសាស្រ្តមួយនេះ? តើកម្ពុជាបានដាក់ចេញនូវគោលនយោបាយការបរទេសអ្វីខ្លះទៅលើយុទ្ធសាស្រ្ត FOIP នេះ?
ខ្ញុំសង្កេតឃើញថាប្រទេសកម្ពុជាហាក់ដូចជាដើរត្រូវ បន្ទាប់ពីកម្ពុជាមានគោលនយោបាយការបរទេសល្អរបស់ខ្លួនគឺមិនយកប្រទេសណាជាសត្រូវ ទោះបីជាមានការប្រកួតប្រជែងរវាងមហាអំណាចចិនក៏ដូចជាមហាអំណាចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឬអង្គការគេហៅថា The QUAD (Quadrilateral Security Dialogue) យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែចាត់ទុកប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះជាដៃគូក្នុងការទាញនូវផលប្រយោជន៍សម្រាប់កម្ពុជា។ ពីព្រោះកម្ពុជាជាប្រទេសមួយដែលតូច និងគ្មានទឹកមាត់ប្រៃដូចមហាអំណាចទេ អញ្ចឹងមានតែការធ្វើពិពិធកម្មនៃទំនាក់ទំនងរបស់ខ្លួនចូលទៅក្នុងមហាអំណាចទាំងពីរហ្នឹងទើបបានផល។ នេះជាគោលនយោបាយមួយដ៏ល្អ ហើយផលដែលកម្ពុជាទទួលបានគឺ ចេះសម្របខ្លួនឱ្យទៅជាមជ្ឈភាពដែលសម្រាប់បម្រើដល់ក្នុងសេចក្តីត្រូវការរបស់មហាអំណាចទាំងពីរ ទាំងចិន ក៏ដូចជាអង្គការគេហៅថាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
អញ្ចឹកកម្ពុជាទាញយកផលប្រយោជន៍ហ្នឹងពីអង្គការធំៗទាំងពីរហ្នឹងតាមរយៈអ្វីខ្លះ?
ទី១៖ យើងឃើញថាប្រទេសចិនមានគោលនយោបាយ BRI (Belt and Road Initiative) ដែលទម្លាក់ចុះមកដល់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាននេះឯង ហើយបណ្តាប្រទេសអាស៊ានក៏ដូចជាប្រទេសកម្ពុជាទទួលបានផលយ៉ាងច្រើនអំពីការធ្វើពាណិជ្ជកម្ម ក៏ដូចជាការតភា្ជប់នៃលំហូរពាណិជ្ជកម្មរបស់ប្រទេសចិនមកតំបន់។ ហើយកម្ពុជាក៏ទទួលបានផលយ៉ាងច្រើនពីការធ្វើលំហូពាណិជ្ជកម្ម BRI របស់ចិននេះ ជាពិសេសបានទៅលើនៅតហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុនគឺកម្ពុជាពុំមានហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈស្តង់ដាជាតិក៏ដូចជាអន្តរជាតិ តែឥឡូវកម្ពុជាបានតាមរយៈលំហូនៃBRIរបស់ចិន។ បន្ថែមលើនេះទៅទៀត កម្ពុជាក៏ទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី និងទំនើបពីប្រទេសជប៉ុនដែលជាផ្នែកមួយរបស់អង្គការគេហៅថាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ហើយក៏ជាផ្នែកមួយនៃអង្គការQUADដែរ។ អញ្ចឹងប្រទេសជប៉ុន ក៏ដូចជាប្រទេសចិន បានចាត់ទុកប្រទេសកម្ពុជាគឺជាកន្លែងប្រកួតប្រជែងសម្រាប់ផ្លាស់ប្ដូរពាណិជ្ជកម្មផង ផ្លាស់ប្ថូរនៅការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជាធ្វើយ៉ាងមិច តភ្ជាប់ពីតំបន់អាស៊ាន ជាពិសេសគឺសមាជិកអាស៊ានដែលនៅជុំវិញកម្ពុជា ដូចជាប្រទេសវៀតណាម និងប្រទេសថៃ កាលណាអាស៊ានចង់ធ្វើពាណិជ្ជកម្មឆ្លងដែនពីតំបន់មួយទៅតំបន់មួយ ត្រូវការឆ្លងកាត់នៅហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនៅក្នុងកម្ពុជាដែលចិនហើយនិងជប៉ុនបានកសាងឱ្យ។ អញ្ចឹងយើងឃើញថាប្រទេសជប៉ុនបានកសាងផ្លូវជាតិលេខ៥ ដែលជាផ្លូវពិសេសនិងទំនើប ជាHighwayដែលតភ្ជាប់ពីថៃមកកម្ពុជា ហើយចេញពីភ្នំពេញទៅដល់ប្រទេសវៀតណាមតាមរយៈផ្លូវជាតិលេខមួយដែលជាកន្លែងទំនិញឆ្លងកាត់របស់វៀតណាមទៅប្រទេសថៃ ឬចេញពីថៃទៅប្រទេសផ្សេងៗទៀតតាមរយៈ
កម្ពុជាឬអាស៊ានដែលចង់នាំទំនិញពាណិជ្ជកម្មចូលមកថៃ ហើយចូលទៅវៀតណាម ក៏ត្រូវឆ្លងកាត់
កម្ពុជាតាមផ្លូវដែលយើងលើកខាងលើនេះ។ អញ្ចឹងយើងឃើញថាហេដ្ឋារចនាសម្ព័ន្ធនេះ វាគឺជាចរន្តឈាមនៃពាណិជ្ជកម្មបេះដូងរបស់អាស៊ានដែលកម្ពុជាគឺជាមជ្ឈមណ្ឌលកណ្តាលសម្រាប់តំបន់ឆ្លងកាត់។
ទី២៖ យើងឃើញថា ប្រទេសទាំងពីរដូចជាចិនក្តី ជប៉ុនក្តី គឺបានកសាងនូវកំពង់ផែរបស់កម្ពុជា ឱ្យជាកំពង់ផែទំនើបនិងជាកន្លែងសម្រាប់ស្តុបទំនិញសម្រាប់ធ្វើពាណិជ្ជកម្មចេញទៅក្រៅប្រទេស។ អញ្ចឹងយើងឃើញថាគោលនយោបាយរបស់ប្រទេសកម្ពុជាទៅលើតំបន់ទាំងពីរគឺ ចិនក្តី អង្គការគេហៅថាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ សុទ្ធតែនាំមកដល់ផលប្រយោជន៍មកដល់កម្ពុជា។ មួយវិញទៀតគឺយើងឃើញថា ប្រទេសកម្ពុជាគឺនៅពេលដែលកូវីដកំពុងតែវាយលុកនៅលើពិភពលោក កម្ពុជាទទួលបាននូវវ៉ាក់សាំងអំពីប្រទេសចិនផង ក៏ដូចជាប្រទេសមួយចំនួននៅអង្គការQUADដូចជាគេហៅថាជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិកជាដើម សុទ្ធតែបានផ្តល់វ៉ាក់សាំងសម្រាប់ជួយដល់
ប្រជាជនកម្ពុជា។ អញ្ចឹងឃើញទេ នៅពេលដែលកម្ពុជាបានវ៉ាក់សាំងដល់សម្បូរបែបនេះហើយធ្វើឱ្យប្រជាជនកម្ពុជារួចផុតអំពីការឆ្លងរាតត្បាតពីជំងឺកូវីដ១៩។ អញ្ចឹងយើងឃើញថានេះគឺជាគោលនយោបាយរបស់កម្ពុជាដែលដើរត្រូវទៅលើ ការធ្វើឱ្យពិពិធកម្មរបស់ខ្លួន និងធ្វើយ៉ាងមិចឱ្យខ្លួនក្លាយទៅជាមជ្ឈភាពសម្រាប់កសាងមតិខ្លួនតាមរយៈយកដៃគូដែលមានដូចជាចិនម្ខាង ហើយម្ខាងទៀតគឺ
អង្គការមហាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ សម្រាប់ទាញយកផលប្រយោជន៍សម្រាប់វិស័យ
សេដ្ឋកិច្ច និងការអភិវឌ្ឍជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
សំណួរទី ៣៖ តើការគាំទ្រទៅលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា អាចផ្ដល់នូវកាលានុវត្តភាព និងអាចពង្រឹងកិច្ចសហប្រតិបត្តិការអ្វីខ្លះសម្រាប់កម្ពុជានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ?
យើងឃើញថាសព្វថ្ងៃនេះកម្ពុជាក៏ជាសមាជិករបស់អាស៊ាន ហើយប្រទេសកម្ពុជាក៏ជាប្រធានប្ដូរវេនរបស់អាស៊ាន អញ្ចឹងជំហររបស់កម្ពុជាគឺប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសសេរីហើយនិងបើកចំហសម្រាប់បណ្តារដ្ឋនានាដែលជាសមាជិករបស់អាស៊ានក៏ដូចជាបណ្តារដ្ឋនៅតំបន់ខាងក្រៅជាពិសេសគឺចិននិងជប៉ុន។ ហើយម៉្យាងវិញទៀតយើងឃើញថាគោលនយោបាយរបស់ប្រទេសកម្ពុជាសព្វថ្ងៃនេះគឺក្លាយទៅជាគោលនយោបាយមួយបង្ហាញអំពីការរកសន្តិភាពឱ្យតំបន់ ជាពិសេសតំបន់នៅក្នុងអាស៊ានដែលកំពុងតែមានជម្លោះផ្ទៃក្នុងរបស់ប្រទេសមីយ៉ានម៉ា ប្រទេសកម្ពុជាបានដើរតួជាអ្នកសម្របសម្រួលគូភាគីជម្លោះផ្ទៃក្នុងទាំងប៉ុន្មានវិលត្រឡប់ឱ្យមានសុខដុមនីកម្មនៅក្នុងប្រទេសហើយក៏ដូចជាចង់ឱ្យមីយ៉ានម៉ាបានចូលជាសមាជិករបស់អាស៊ានវិញ លើសពីនេះទៅទៀតយើងឃើងថា
ឯកឧត្តមនាយករដ្ឋមន្ត្រីប្រទេសជប៉ុនគឺលោកនាយករដ្ឋមន្ត្រី Fumio Kishida បានអញើញមកទស្សនៈកិច្ចមកប្រទេសកម្ពុជាកាលពីសប្ដាហ៍មុននេះ គឺលោកបានបញ្ជាក់ច្បាស់ជាមួយសម្តេចនាយករដ្ឋមន្ត្រីអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនឱ្យតម្លើងទៅកម្រិតកាន់តែខ្ពស់ នៅ
កំឡុងរវាងខួបកម្ពុជា និងជប៉ុននៅពេលខាងមុខ។ ហើយបន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់លោក យើងឃើញថាភាគីទាំងពីររវាងកម្ពុជានិងជប៉ុន បានពង្រឹងនូវវិស័យពាណិជ្ជកម្ម ពង្រឹងនូវវិស័យអប់រំ
កិច្ចសហប្រតិបត្តិការនូវលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយជាពិសេសនៅលើវិស័យការពារជាតិ ដែលប្រទេសទាំងពីរបានយកចិត្តទុកដាក់ ជាពិសេសគឺការដោះមីនជាដើម។ លើសពីនេះទៅទៀតយើងឃើញថាប្រទេសចិនក៏ដូចគ្នានេះដែរ នៅក្នុងឱកាសពេលលោកនាយករដ្ឋមន្ត្រីប្រទេសជប៉ុនមក
ទស្សនៈកិច្ចនៅកម្ពុជា ក៏លោកប្រធានាធិបតី Xi Jinping បានទំនាក់ទំនងតាមទូរស័ព្ទមកជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ដើម្បីបង្ហាញនូវការពង្រឹងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ហើយចិនបានប្រកាសជំរាបជូនកម្ពុជាថា នឹងទិញនូវផលិតផលកសិកម្មកម្ពុជាកាន់តែសម្បូរបែប ហើយកាន់តែច្រើនឡើង ហើយនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យបានកាន់តែទូលំទូលាយ ហើយកាន់តែធំទៅ។ ជាពិសេសទៀតគឺរួមគ្នាដោះស្រាយបញ្ហាដែលកំពុងតែប្រឈមនៅក្នុងតំបន់ ទី១ដូចជានៅក្នុងក្របខ័ណ្ឌអន្តរជាតិ ជប៉ុននិងកម្ពុជាបានសហការគ្នាស្តីអំពីការធ្វើយ៉ាងមិចឱ្យមានការដកកងទ័ពរបស់ប្រទេសផ្សេងជាពិសេសគឺសហភាពសូវៀតចេញពីអ៊ុយក្រែន ដើម្បីបញ្ចប់នូវសង្គ្រាមហើយឈានទៅរកការចរចា។ នេះជាចំណុចសំខាន់មួយ ដែលយើងឃើញថាគំនិតដើមរបស់សម្តេចនាយករដ្ឋមន្ត្រីលោកយល់ឃើញថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម សង្គ្រាមមានតែបញ្ចប់ដោយការចរចាគ្នាដែលជារូបមន្តមាននៅកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishidaក៏លោកបានយកគំនិតដែលព្រមព្រាងជាមួយជប៉ុននឹងកម្ពុជាហ្នឹង យកទៅជូនទៅដល់កិច្ចប្រជុំគេហៅថាG7នៅពេលខាងមុខនេះទៀត។ អញ្ចឹងយើងឃើញថាវាធ្វើឱ្យទ្រឹស្តីនេះ ក្លាយទៅជាទ្រឹស្តីសកល ហើយដើម្បីឈានទៅរកការដោះស្រាយបញ្ចប់នូវបញ្ហានៅក្នុងពិភពលោក។ ដោយឡែកនៅក្នុងបញ្ហាតំបន់គឺ លោកនាយករដ្ឋមន្ត្រីជប៉ុនលោកបានគាំទ្រនូវប្រទេសកម្ពុជាដែលធ្វើជាប្រធានអាស៊ាន ហើយនិង
ការទៅដោះស្រាយវិបត្តិនៅមីយ៉ានម៉ា។ ហើយកាលពីសប្ដាហ៍មុននេះ ឯកឧត្តម ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតអាស៊ានបានទៅប្រទេសមីយ៉ានម៉ាដើម្បីធ្វើយ៉ាងមិចរកមធ្យោបាយក្នុងការដោះស្រាយភាពទាល់ច្រកនៃវិបត្តិនយោបាយនៅមីយ៉ានម៉ា។ អញ្ចឹងកម្ពុជាបានដើរតួជាអ្នកសម្របសម្រួល ក្នុងនាមជាទ្វេភាគីផង ក្នុងនាមជាប្រធានអាស៊ានផង ជាពិសេសក្នុងនាមជាប្រេសិតអាស៊ានដែលយកបញ្ហាការដំណោះស្រាយ ការចរចាគ្នានៃផ្ទៃក្នុងមីយ៉ានម៉ា ធ្វើជាមូលដ្ឋានសម្រាប់រកបញ្ចប់នៃវិបត្តិនៅក្នុងប្រទេសមីយ៉ានម៉ា។ នេះមានន័យថាកម្ពុជាមិនដែលទៅញុះញង់ ឬក៏បញ្ឆះឱ្យភាគីណាមួយបន្តសង្គ្រាមទៅលើភាគីណាមួយទៀតទេ។ គោលបំណងរបស់កម្ពុជាគឺយកបទពិសោធន៍ខ្លួន ការបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈការចរចាយកទៅពង្រីកការចរចានៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក។
សំណួរទី ៤៖ មកទល់នឹងពេលនេះ យើងឃើញមានប្រទេសមួយចំនួនផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានប្រកាសពីការគាំទ្រ និងជំហរផ្សេងៗគ្នារបស់ពួកគេទៅលើយុទ្ធសាស្រ្ត FOIP នេះ។ តើប្រទេសទាំងនោះមានជំហរខុសគ្នាយ៉ាងដូចម្ដេចទៅលើយុទ្ធសាស្រ្តនេះ?
អាស៊ានគឺជាការកើតឡើងនៃប្រទេស១០ ហើយប្រទេសទាំង១០ហ្នឹងមានគោលនយោបាយប្រទេសរៀងៗខ្លួនខុសគ្នា។ ក្នុងប្រទេសទាំង១០ហ្នឹង យើងឃើញថាប្រទេសខ្លះប្រកាន់នូវនយោបាយសេរីនិយម ប្រទេសកាន់ប្រជាធិបតេយ្យសេរី ប្រទេសខ្លះទៀតប្រកាន់ផ្តាច់ការ ហើយប្រទេសខ្លះទៀតគឺកាន់កុំម្មុយនីស។ អញ្ចឹងហើយការកំណត់ឱ្យចេញគោលនយោបាយ ឬជំហរនយោបាយរួមមួយ ទាក់ទងទៅនឹងអង្គការមហាអំណាចឥណ្ឌូប៉ាស៊ីហ្វិកនេះវាមានការលំបាក ដោយសារមានការពាក់ព័ន្ធទៅនឹងគោលនយោបាយការបរទេសរបស់គាត់។ ឧទាហរណ៍៖ យើងក្រឡេកទៅមើលប្រភពនៃអង្គការ QUAD គឺសុទ្ធតែជាប្រទេសសេរី និយាយពីគោលនយោបាយឥណ្ឌូប៉ាស៊ីហ្វិក គឺបង្កើតឡើងដោយប្រទេសជប៉ុនដែលជាប្រទេសដែលគេហៅថារាជាធិបតេយ្យសេរី អញ្ចឹងវាលំបាកសម្រាប់ប្រទេសដែលកាន់លទ្ធិផ្តាច់ការ ហើយក៏វានៅក្នុងអាស៊ានក៏វាលំបាកដល់ប្រទេសដែលកាន់លទ្ធិកុំម្មុយនីសនៅក្នុងតំបន់។ ក៏ប៉ុន្តែយើងក្រឡេកឃើញថា ក្នុងនាមជាអាស៊ាន និងក្នុងនាមជាសមាជិកអាស៊ាននឹងមានចំណុចរួមមួយដែលប្រទេសទាំងដប់របស់អាស៊ានត្រូវទទួលយក បន្ទាប់ពីមានការស្ទាក់ស្ទើរឬក៏ការយល់ខុសៗរវាងសមាជិកអាស៊ាន អាស៊ានបានបង្កើតឱ្យមានមជ្ឈភាពមួយធ្វើយ៉ាងមិចអាស៊ានមិនមែនជាតំបន់ប្រទាញប្រទង់គ្នារវាងឥទ្ធិពលរបស់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហនិងប្រទេសចិនដែលប្រើតាមរយៈBRIរបស់ខ្លួននៅក្នុងតំបន់ទេ។ ឥទ្វិពលនៅក្នុងតំបន់ទាំងពីរ របស់មហាអំណាចទាំងពីរ គឺអាស៊ានថ្លឹងថ្លែងក្នុងនាមជាអាជ្ញាកណ្តាល ប្រកាន់នូវជំហរកណ្តាលដែលមានលក្ខណៈគេហៅថាអព្យាក្រឹត ហើយមានតែការប្រកាន់យកជំហរអព្យក្រឹតទេ ទើបឱ្យអាស៊ានបានទទួលផលលាភចេញពីBRIក៏ដូចជាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ត្រង់នេះហើយបានធ្វើឱ្យ
អាស៊ានបានក្លាយជាមជ្ឈមណ្ឌលមួយដែលធ្វើការសម្របសម្រួលគ្នា រវាងអាស៊ានចិន អាស៊ាន
អូស្ត្រាលី អាស៊ានអាមេរិក និង អាស៊ានជប៉ុន ដែលយើញឃើញថាអាស៊ានអូស្ត្រាលី អាស៊ានអាមេរិក និង អាស៊ានជប៉ុនសុទ្ធតែមានទំនាក់ទំនងមិនសូវល្អនៅលើវិស័យភូមិសាស្ត្រនយោបាយជាមួយទៅចិន ក៏ប៉ុន្តែបើយើងនិយាយទៅកាន់ក្របខ័ណ្ឌសេដ្ឋកិច្ច ទាំងចិន ទាំងអូស្ត្រាលី ទាំងឥណ្ឌា ក៏ដូចជាអាមេរិក សុទ្ធតែមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនិងចិនមិនអាចកាត់ថ្លៃបាន។ អញ្ចឹងហើយយើងបានឃើញថាលើវិស័យសេដ្ឋកិច្ច ប្រទេសទាំងបួនគឺរត់រកគ្នា តែលើវិស័យភូមិសាស្ត្រនយោបាយតែប៉ុណ្ណោះដែលមានការទាស់គ្នាតែប៉ុនហ្នឹង។ អញ្ចឹងអាស៊ានគួរតែគិត សមាជិកអាស៊ានគួរតែគិតអំពីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនអំពីមហាអំណាចយក្សទាំងពីរ គឺទាំងចិន ទាំងអង្គការQUADឬក៏ដូចជាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ប្រសិនបើយើងយកគោលនយោបាយ ជាពិសេសគឺយកភូមិសាស្ត្រនយោបាយមកគិតគឺមិនបានផលប្រយោជន៍ទេ។ អញ្ចឹងមានតែការធ្វើជាអព្យាក្រឹតភាពរបស់អាស៊ាន ដើម្បីធ្វើយ៉ាងមិចឱ្យអាស៊ានក្លាយទៅជាដងជញ្ជឹងសម្រាប់ថ្លឹង រវាងម្ខាងជាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ហើយម្ខាងទៀតគឺជា BRI របស់ចិនឱ្យស្មើគ្នាទើបអាស៊ានបានផលប្រយោជន៍។
សំណួរទី ៥៖ បើក្រឡេកទៅមើលស.រ.អ.វិញម្ដង យើងឃើញថាអាមេរិកបានដាក់ចេញនូវគំនិចផ្ដូចផ្ដើមជាច្រើនជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនមកលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានដូចជាយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ កិច្ចសន្ទនាសន្តិសុខចតុភាគី (The QUAD) ក៏ដូចជាភាពជាដៃគូមេគង្គ-ស.រ.អ នៅក្នុងតំបន់មេគង្គជាដើម ហើយថ្មីៗនេះយើងឃើញមាននូវការបង្កើតកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីដែលមានសមាជិកដូចជាអូស្រ្តាលី ចក្រភពអង់គ្លេស និងស.រ.អ.ជាដើម។ តើស.រ.អ.មានគោលបំណងចម្បងអ្វីខ្លះចំពោះយុទ្ធសាស្រ្ត និងគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក?
នេះគឺជាយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិក ប្រសិនបើយើងធៀបទៅហ្នឹងយុទ្ធសាស្ត្ររបស់លោកប្រធានាធិបតី Donald Trump គឺមានន័យថាលោក Donald Trump គាត់ប្រកាន់យលប្រព័ន្ធឯកតោភាគីនិយមដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន។ អញ្ចឹងយើងឃើញថាពេលដែលឥទ្ធិពលរវាងឯកតោភាគីនិយមរបស់លោក Donald Trump និងចិនប៉ះទង្គិចគ្នា អាស៊ានហាក់ដូចជាមិនសូវមានជួបនូវផលលំបាកនៃការប៉ះទង្គិចនៃប្រព័ន្ធប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយនៃប្រទេសទាំងពីរទេ ប៉ុន្តែអាស៊ានគឺប៉ះពាល់តែនៅលើផ្នែកពាណិជ្ជកម្ម ដោយសារតែមហាអំណាចទាំងពីរគាត់បានដាក់សម្ពាធពាណិជ្ជកម្មរវាងគ្នានិងគ្នា ហៅថាសង្គ្រាមពាណិជ្ជកម្ម។ ប៉ុន្តែដល់មកដល់សម័យលោក Joe Biden ដែលជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកលោក Joe Biden គាត់នៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយគេហៅថាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់លោក Donald Trump ដដែល ប៉ុន្តែយុទ្ធសាស្ត្រដែលលោក Joe Biden ធ្វើខុសជាមួយលោក Donald Trump ត្រង់ថាលោក Donald Trump ប្រើប្រព័ន្ធឯកតោភាគីនិយម រីឯលោក Joe Biden គាត់ប្រើប្រព័ន្ធពហុភាគីនិយម គាត់យកប្រទេសដែលគាត់យល់ឃើញថាកាន់លទ្ធិប្រជាធិបតេយ្យចូលជាមួយសហរដ្ឋអាមេរិក។ អញ្ចឹងកន្លែងនេះខ្ញុំបានមើលឃើញពេលដែលលោកប្រធានាធិបតី Joe Biden គាត់បានឡើងកាន់អំណាច ហើយពេលដែលឃោសនាគាត់ប្រើពាក្យថានិងទាក់ទាញប្រទេសក្នុងតំបន់អឺរ៉ុប បស្ចឹមប្រទេស ដែលកាន់ប្រព័ន្ធប្រជាធិបតេយ្យចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនឱ្យមាន គេហៅថាការពារនូវផលប្រយោជន៍រួមរបស់ពួកប្រទេសប្រកាន់ប្រជាធិបតេយ្យ និងជាមួយហ្នឹងអាស៊ីអាគ្នេយ៍យើងគាត់ចាប់ផ្តើមប្រមែប្រមូលជាមួយនឹងប្រទេសដែលមានកាន់ប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងតំបន់ជាមួយសហរដ្ឋអាមេរិក។ អញ្ចឹងហើយខ្ញុំមើលឃើញថាពេលដែលលោក Joe Biden បានក្លាយទៅជាប្រធានាធិបតី ពិភពលោកនឹងមានការប្រែប្រួល ជាពិសេសដោយសារតែលោក បានចាត់រវាងប្រទេសដែលជាសម្ព័ន្ធមិត្ត ហើយនឹងប្រទេសដែលមិនជាសម្ព័ន្ធមិត្តរួចទៅហើយ។
យើងឃើញថាពេលនេះពិភពលោកកំពុងតែជួបបញ្ហាគឺមានបញ្ហាពីរធំៗ ទី១គឺ បញ្ហាក្រៅតំបន់របស់យើងដែលយើងកំពុងតែជួបនៅពេលសព្វថ្ងៃគឺជម្លោះរវាងសហព័ន្ធរុស្ស៊ីជាមួយនិងប្រទេសអ៊ុយក្រែនក៏ដោយសារតែប្រព័ន្ធគៀរគរនិយមរបស់លោក Joe Biden ហ្នឹងដែរ ដែលម្ខាងចាត់ទុកជាសម្ព័ន្ធមិត្តរបស់ខ្លួនដែលកាន់ប្រជាធិបតេយ្យ ដែលម្ខាងទៀតមិនមែនជាប្រជាធិបតេយ្យ។ អញ្ចឹងគាត់ទាញមតិដែលនៅជុំវិញរុស្ស៊ីជាពិសេសគឺប្រទេសអ៊ុយក្រែនដើម្បីចូលសម្ព័ន្ធមិត្តរបស់គាត់ទើបវាមានបញ្ហានេះកើតឡើង។ ហើយមួយទៀតនៅក្នុងតំបន់របស់យើងនេះ យើងមានការបារម្ភមែនទែន នៅពេលដែលសង្គ្រាមពាក្យសម្តី ក្លាយទៅជាសង្គ្រាម ស្ទើរតែជាសង្គ្រាមនៅតំបន់ពិសេសរវាងអូស្ត្រាលីនិងប្រទេសចិន ដែលអូស្ត្រាលីគាំទ្រនូវការស៊ើបអង្កេតរកប្រភពមេរោគកូវីដ១៩ ដែលសហរដ្ឋអាមេរិកបានប្រកាសនោះ ពេលនោះហើយដែលធ្វើឱ្យចិននិងអូស្ត្រាលីក្លាយទៅជាដៃគូប្រកួតប្រជែង ទៅជាសត្រូវនឹងគ្នា ពេលហ្នឹងសហរដ្ឋអាមេរិកនិងអូស្រ្តាលីហើយហ្នឹងអង់គ្លេសក៏បានបង្កើតគេហៅថាយុទ្ធសាស្ត្រត្រីភាគីមួយគេហៅថា AUKUS ដើម្បីទប់ទល់នឹងឥទ្ធិពលចិន អញ្ចឹងកន្លែងនេះអាស៊ានដែលចំណុចកណ្តាលរវាងអូស្ត្រាលីនិងចិនមានការបារម្ភ។ បារម្ភប្រសិនបើសង្គ្រាមរវាងប្រទេសទាំងពីរកើតឡើង អាស៊ានជាកន្លែងលំហរ ឬកន្លែងគេបង្ហោះនុយក្លេអ៊ែរ ឬបង្ហោះមីស៊ីលនៅលើក្បាលអាស៊ាន អញ្ចឹងអាស៊ានត្រូវដើរតួនាទីសំខាន់ ជាអ្នកសម្របសម្រួលកុំឱ្យមានបញ្ហានេះកើតឡើង។ ម្យ៉ាងទៀតយើងបារម្ភមែនទែននៅពេលដែលសហរដ្ឋអាមេរិកយកនុយក្លែអ៊ែរមកដាក់នៅក្នុងប្រទេសអូស្ត្រាលីដែលវាប៉ះពាល់ដល់ព្រំដែនសមត្ថកិច្ចរបស់អាស៊ាន ជាពិសេសប្រទេសឥណ្ឌូណេស៊ី ដែលកំពុងតែមានការព្រួយបារម្ភហើយឥណ្ឌូណេស៊ីក៏ជាកន្លែងមួយមិនចង់ឱ្យតំបន់ ឬក៏គេហៅថាអូស្ត្រាលីមាននុយក្លែអ៊ែរដែរ ប៉ុន្តែក្នុងករណី AUKUS យកនុយក្លែអ៊ែរមកដាក់ដើម្បីទប់ទល់ជាមួយនឹងចិននៅលើវិស័យភូមិសាស្ត្រ វាជាគ្រោះថ្នាក់ដល់តំបន់យើង។ អញ្ចឹងហើយបានជាយើងឃើញថា សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ២ឆ្នាំចុងក្រោយនេះ គឺបន្ទាប់ពីលោកប្រធានាធិបតីលោក Joe Biden ឡើងកាន់អំណាច គាត់ចាប់ផ្តើមជាពិសេសគឺតាមរយៈ រដ្ឋមន្ត្រីក្រសួងការបរទេសរបស់គាត់គឺ Antony Blinken ចាប់
ផ្តើមមកប្រមែប្រមូលបណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងអាស៊ានដើម្បីឱ្យគាំទ្រគាត់ ដែលវាជាគ្រោះថ្នាក់មួយ។ ទោះបីយ៉ាងណាក៏ដោយ ក៏យើងឃើញថា ជាជំហររបស់យើង អាស៊ានត្រូវតែប្រកាន់ខ្ជាប់នៅអព្យាក្រឹតភាព។ បើសិនអាស៊ានមិនប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពទេ ខ្ញុំជឿថា
អាស៊ាននឹងបែកចេញជាអាស៊ានចិន ហើយនឹងអាស៊ានអាមេរិក។ អញ្ចឹងអ្វីដែលអាស៊ាន ដែលមេដឹកនាំអាស៊ានបានបង្កើតតាំងពីទសវត្ស៍ទី៥០ មកដល់ពេលនេះ តើនរណាជាអ្នកបំផ្លាញអាស៊ាន គឺអ្នកបង្កើតហ្នឹងហើយ។ ដូចនេះក្នុងនាមជាប្រជាជនខ្មែរមួយរូប ក៏ដូចជាប្រទេសក្នុងសមាជិកអាស៊ាន ខ្ញុំសូមសំណូមពរដល់មេដឹកនាំអាស៊ានទាំងអស់ គួរគិតពីជោគវាសនានាពេលអនាគតរបស់អាស៊ាន ហើយធ្វើយ៉ាងមិចឱ្យអាស៊ានក្លាយទៅជាកន្លែងប្រកួតផ្នែកពាណិជ្ជកម្មនិងកន្លែងសម្រាប់ផ្គត់ផ្គង់ទំនិញពិភពលោក។ យើងឃើញហើយមកដល់ថ្ងៃនេះគឺអាស៊ានកំពុងដើរលើផ្លូវត្រូវ ក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ផ្គត់ផ្គង់ទៅពិភពលោក នៅលើវិស័យពាណិជ្ជកម្ម ហើយអាស៊ានគួរតែពង្រឹង
តួនាទីរបស់ខ្លួន ឱ្យក្លាយទៅជាតំបន់សន្តិភាព ហើយស្រូបទាញឬគៀងគរនូវវិនិយោគិននៅក្រៅតំបន់អាស៊ានទើបធ្វើឱ្យអាស៊ានបាននូវសុខដុមពាណិជ្ជកម្ម។